Skip to content
ទំនុកតម្កើងរបស់លោកតូប៊ីត បទកាកគតិ
(លោកគូប៊ីត ១៣,២-១៦.១៨)
១ | សូមលើកតម្កើង | សិរីរុងរឿង | របស់ព្រះម្ចាស់ |
| ដែលមានព្រះជន្ម | គង់នៅយ៉ាងច្បាស់ | កោតសរសើរណាស់ |
| | អស់កល្បជានិច្ច | ។ |
| ព្រះអង្គធ្វើឱ្យ | មនុស្សស្លាប់ទៅហើយ | ចុះស្ថានមច្ចុរាជ |
| ក្រោយមកព្រះអង្គ | ប្រោសឱ្យបានរួច | គ្មានអ្វីដែលអាច |
| | គេចពីបារមី | ។ |
៣ | អ៊ីស្រាអែលអើយ | កុំនៅកន្តើយ | តម្កើងរាល់ថ្ងៃ |
| នៅមុខជនជាតិ | ផ្សេងៗទាំងឡាយ | ដែលទ្រង់កម្ចាយ |
| | ឱ្យអ្នកទៅនៅ | ។ |
៤ | នៅទីនោះឯង | ព្រះអង្គសម្តែង | មិនមានអាស្រូវ |
| ឫទ្ធាបារមី | មានច្រើនពេកកូវ | ទ្រង់សម្តែងនៅ |
| | មុខអស់សត្វលោក | ។ |
| ព្រះអង្គពិតជា | ព្រះយើងរាល់គ្នា | អង្វែងរៀងមក |
| ជាព្រះបិតា | តែមួយលើលោក | ពីនេះទៅមុខ |
| | អស់កល្បតទៅ | ។ |
៥ | ព្រះអង្គបានដាក់ | ទោសដល់ពួកអ្នក | ជារឿងត្រឹមត្រូវ |
| ព្រោះអ្នករាល់គ្នា | បានប្រព្រឹត្តនូវ | អំពើអាស្រូវ |
| | អាក្រក់អប្រីយ៍ | ។ |
| ប៉ុន្តែព្រះអង្គ | ទ្រង់មិនបោះបង់ | តែងតែប្រណី |
| អាណិតអាសូរ | ប្រជាប្រុសស្រី | នាំអ្នកវិលវៃ |
| | ឥតបីខ្ចាត់ខ្ចាយ | ។ |
៦ | ប្រសិនបើអ្នក | រាល់គ្នាស្មោះស្ម័គ្រ | ដោយចិត្តរីករាយ |
| វិលរកព្រះអង្គ | នឹងផុតអន្តរាយ | រស់នៅសប្បាយ |
| | ប្រព្រឹត្តស្មោះត្រង់ | ។ |
| ព្រះអង្គមុខជា | រកអ្នករាល់គ្នា | ក្រសោបត្រកង |
| ឈប់គេចព្រះភ័ក្ត្រ | ឈប់ប្រែបែរខ្នង | មិនឱ្យមានហ្មង |
| | អង្អែលភ័ក្ត្រា | ។ |
៧ | ឥឡូវពេលនេះ | ចូរគិតត្រិះរិះ | អំពីកិច្ចការ |
| ព្រះអង្គប្រព្រឹត្ត | ដល់គ្រប់អាត្មា | តម្កើងក្សត្រា |
| | ឱ្យពេញទំហឹង | ។ |
| សូមលើកតម្កើង | កុំធ្វើឆ្មៃឆ្មើង | ថ្កើងទាំងរំពឹង |
| ដែលទ្រង់ប្រព្រឹត្ត | យុត្តិធម៌លំនឹង | ចូរកោតព្រះអង្គ |
| | អស់កល្បឥតបី | ។ |
៨ | រីឯខ្ញុំវិញ | ខ្ញុំឃ្លាតចាកចេញ | ពីដែនបុរី |
| ហើយបានមករស់ | នៅលើទឹកដី | ពួកខ្មាំងអប្រីយ៍ |
| | ក៏មិនភ្លេចដែរ | ។ |
| ខ្ញុំបង្ហាញប្រាប់ | ឱ្យអស់អ្នកបាប | ស្គាល់ជាហូរហែរ |
| ថាព្រះអង្គមាន | ឫទ្ធាពូកែ | បារមីគ្មានប្រែ |
| | ខ្លាំងក្លាឧត្តម | ។ |
| អ្នកបាបប្រុងប្រៀប | កាន់ចិត្តសុភាព | វិលមកជួបជុំ |
| ប្រព្រឹត្តសុចរិត | កុំនៅសំងំ | ទ្រង់នឹងថ្នាក់ថ្នម |
| | មេត្តាប្រណី | ។ |
៩ | ខ្ញុំលើកតម្កើង | ព្រះដ៏រុងរឿង | ដោយចិត្តមេត្រី |
| អំណរសប្បាយ | លើសលប់ពេកក្រៃ | ដោយមហាក្សត្រថ្លៃ |
| | នៃស្ថានសួគ៌ា | ។ |
១០ | សូមឱ្យអស់អ្នក | ដែលបាននៅស្នាក់ | ក្នុងក្រុងគ្រប់គ្នា |
| ប្រកាសអំពី | បារមីឫទ្ធា | ព្រះអម្ចាស់ជា |
| | ព្រះរបស់យើង | ។ |
| យេរូសាឡឹម | ក្រុងធំស្កៃស្កឹម | ទ្រង់នឹងបំប៉ើង |
| ដាក់ទោសពួកអ្នក | រលំរលើង | ធ្វើឫកឆ្មៃឆ្មើង |
| | សាងអំពើបាប | ។ |
| ប៉ុន្តែព្រះម្ចាស់ | មិនព្រមបង់បោះ | ចោលជាដរាប |
| ព្រះអង្គមុខជា | អាណិតអ្នកទាប | កូនចៅសុភាព |
| | សុចរិតមិនខាន | ។ |
១១ | សូមលើកតម្កើង | ព្រះម្ចាស់ខ្ពស់ឡើង | ផុតអស់ពីស្ថាន |
| ជាមហាក្សត្រ | វិសុទ្ធថ្កើងថ្កាន | ដែលព្រះអង្គបាន |
| | សោយរាជ្យយូរលង់ | ។ |
| ព្រះអង្គមុខជា | ឱ្យគេគ្រប់គ្នា | សង់ដំណាក់ទ្រង់ |
| ឡើងវិញម្តងទៀត | មិនឱ្យបាត់បង់ | នៅក្នុងទីក្រុង |
| | យេរូសាឡឹម | ។ |
១២ | សូមព្រះម្ចាស់ប្រោស | ប្រណីសន្តោស | អ្នកអស់សង្ឃឹម |
| អ្នកត្រូវគេកៀរ | ប្រែជាញញឹម | ដូចភ្លៀងរលឹម |
| | រដូវវស្សា | ។ |
| សូមទ្រង់អាណិត | អស់អ្នកសុចរិត | អ្នកខ្សត់ខ្លោចផ្សា |
| មានទុក្ខសព្វកាយ | លំបាកម៉េ្លះណា | សូមជួយពាំងការ |
| | ផុតអស់ទុក្ខភ័យ | ។ |
១៣ | ពន្លឺចិញ្ចាច | ភ្លឺដល់ទីដាច់ | ស្រយាលផែនដី |
| ចុងកាត់មាត់ញក | ប្រជាប្រុសស្រី | នាំគ្នាឃ្មាតខ្មី |
| | មករកព្រះអង្គ | ។ |
| មានកាន់តង្វាយ | នៅគ្រប់ៗដៃ | ឱនកាយក្រាបផង |
| ថ្វាយមហាក្សត្រ | ស្ថានបរមសុខផង | ប្រជាទាំងពួង |
| | សប្បាយរីករាយ | ។ |
| អ្នកជំនាន់ក្រោយ | នឹងមិនបណ្តាយ | ឬឱ្យរលាយ |
| គេនឹងនឹកចាំ | ក្រុងល្បីសុះសាយ | ដែលព្រះម្ចាស់ថ្លៃ |
| | ជ្រើសរើសទុកដាក់ | ។ |
១៤ | សូមជនទាំងឡាយ | ដែលធ្លាប់សប្បាយ | គំរាមពួកអ្នក |
| រលំកំពែង | បំផ្លាញទីស្នាក់ | ដុតចោលផ្ទះអ្នក |
| | ទទួលកម្មពា | ។ |
| តែសូមព្រះអង្គ | ប្រទានពរផង | អស់កល្បយូរយា |
| ដល់អស់អ្នកណា | ខ្លាចអ្នករាល់គ្នា | ផុតអស់វេទនា |
| | អង្វែងតទៅ | ។ |
១៥ | ចូរអរសប្បាយ | សើចលេងក្អាកក្អាយ | ព្រោះតែកូនចៅ |
| មនុស្សសុចរិត | រួមគ្នាក្នុងក្រៅ | ប្រមូលគ្នានៅ |
| | មិនឱ្យខ្ចាត់ខ្ចាយ | ។ |
| គេលើកតម្កើង | សិរីរុងរឿង | ព្រះម្ចាស់រាល់ថ្ងៃ |
| ដែលមានព្រះជន្ម | គង់នៅវែងឆ្ងាយ | អស់កល្បអន្លាយ |
| | ស្ថិតស្ថេរជានិច្ច | ។ |
| ជនណាសប្បាយ | រីករាយក្អាកក្អាយ | ឥតមានពេលភ្លេច |
| គេជួយអបអរ | ដល់អ្នកជានិច្ច | ព្រះម្ចាស់មិនភ្លេច |
| | ឱ្យគេបានសុខ | ។ |
១៦ | អ្នកផងទាំងឡាយ | ដែលមិនសប្បាយ | ពេលអ្នកកើតទុក្ខ |
| គេពិតជាបាន | មង្គលគ្រប់មុខ | ដ្បិតគេរួមសុខ |
| | ទុក្ខជាមួយអ្នក | ។ |
១៨ | អ្នកក្រុងនឹងច្រៀង | បន្លឺសូរសៀង | លាន់ឮឥតអាក់ |
| សរសើរតម្កើង | ព្រះរបស់អ្នក | គង់នៅជាជាក់ |
| | អស់កល្បតទៅ | ។ |