ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ទំនុកតម្កើងលេខ ៤២ (៤១) បទកាកគតិ

បពិត្រព្រះម្ចាស់ខ្ញុំប្រាថ្នាណាស់ចង់នៅជាមួយ
គិតដេកមិនលក់យប់នឹកថ្ងៃព្រួយចង់នៅជាមួយ
ដូចក្តាន់រកទឹក
ខ្ញុំស្រេកខ្ញុំឃ្លានព្រះម្ចាស់ដ៏មានបារមីមានឫទ្ធិ
ព្រះជន្មគង់នៅស្ថិតស្ថេរពិតៗខ្ញុំចង់នៅជិត
ព្រះភក្ត្រព្រះអង្គ
ខ្ញុំស្រក់ទឹកភ្នែកស្រែកទួញយំយែកឥតមានបង្អង់
ទាំងយប់ទាំងថ្ងៃចិត្តនៅតែចង់ស្វែងរកព្រះអង្គ
គង់នៅឯណា
ខ្ញុំយំខ្ញុំសោកស្រណោះស្រណោកនឹកឃើញកាលគ្រា
ខ្ញុំដឹកនាំមុខអស់ទាំងប្រជាច្រើនឥតគណនា
ឆ្ពោះទៅដំណាក់
គេស្រែកគេហ៊ោរគេមានអំណរក្អាកក្អាយឥតអាក់
គេអរព្រះគុណព្រះខ្ពស់ហួសថ្នាក់មិនដែលអន់អាក់
សប្បាយពេកក្រៃ
ខ្ញុំនឹកគិតថាតើខ្ញុំនេះណាស្រយុតចិត្តថ្វី
តូចចិត្តខ្លួនឯងតើបានការអីផ្ញើជីវិតថ្លៃ
លើព្រះម្ចាស់ទៅ
ខ្ញុំមុខជានឹងសរសើរតម្កើងមិនបង្អង់នៅ
ពីនេះទៅមុខរហូតតទៅព្រះអង្គគង់នៅ
ជាព្រះសង្គ្រោះ
ព្រះអម្ចាស់អើយរូបខ្ញុំនេះហើយស្រយុតចិត្តណាស់
ហេតុនេះទើបខ្ញុំនឹកដល់ព្រះម្ចាស់ឥតមានក្រឡះ
មួយវេលាណា
ព្រះអង្គធ្វើឱ្យកង្វល់មុខក្រោយធ្លាក់ផ្ទួនៗគ្នា
មកលើរូបខ្ញុំបីដូចគង្គារហូរធ្លាក់ខ្ទ័រខ្ទារ
ពីគីរីខ្ពស់
សូមព្រះមេត្តាសម្តែងករុណាស្មោះស្ម័គ្រចំពោះ
ខ្ញុំនៅពេលថ្ងៃពេលយប់ស្រណោះខ្ញុំច្រៀងពិរោះ
តម្កើងព្រះអង្គ
១០ខ្ញុំទូលព្រះម្ចាស់ហេតុអ្វីពេលនេះព្រះអង្គបោះបង់
ទ្រង់ជាថ្មដាស្ថិតស្ថេរគង់វង្សហេតុអ្វីឱ្យខ្មាំង
បៀតបៀនរូបខ្ញុំ
១១ខ្មាំងសត្រូវដៀលប្រមាថឆ្កឹះឆ្កៀលខ្ញុំស្ទើរស្រែកយំ
គេ​ចេះតែពោលមកទូលបង្គំថាតើព្រះខ្ញុំ
នោះនៅឯណា?
ខ្ញុំឈឺចុកចាប់ដូចគេចាក់កាប់សព្វពេញកាយា
គេស្រែកក្តែងៗគ្រប់ពេលវេលាខ្ញុំស្ទើរមរណា
លាភពផែនដី
១២ខ្ញុំនឹកគិតថាតើខ្ញុំនេះណាស្រយុតចិត្តថ្វី
តូចចិត្តខ្លួនឯងតើបានការអីផ្ញើជីវិតថ្លៃ
លើព្រះម្ចាស់ទៅ
ខ្ញុំមុខជានឹងសរសើរតម្កើងមិនបង្អង់នៅ
ពីនេះទៅមុខរហូតតទៅព្រះអង្គគង់នៅ
ជាព្រះសង្គ្រោះ