ត្រឡប់ទៅបញ្ជីសៀវភៅវិញ

បទថ្មីថ្វាយចំពោះព្រះអម្ចាស់ដែលមានជ័យជំនះ បទពាក្យ ៧

(ព្យាការីអេសាយ ៤២,១០-១៦)

១០ចូរច្រៀងបទថ្មីថ្វាយព្រះម្ចាស់ទាំងអ្នកដែលរស់នៅទីឆ្ងាយ
ផ្លូវទឹកផ្លូវគោកកោះទាំងឡាយតម្កើងម្ចាស់ថ្លៃកុំបង្អង់
១១អ្នកភូមិក្នុងវាលរហោស្ថានអ្នកក្រុងប៉ុន្មានស្រែករំពង
ទាំងកុលសម្ពន្ធអ្នកភ្នំផងស្រែកឱ្យខ្លាំងឡើងកុំប្រណី
១២នាំគ្នាតម្កើងសិរីយសរបស់ព្រះម្ចាស់ទាំងយប់ថ្ងៃ
តាមភូមិកៀនកោះជិតឆ្ងាយក្តីតម្កើងម្ចាស់ថ្ងៃដោយរីករាយ
១៣ព្រះម្ចាស់ស្រឡាញ់ប្រជាជនព្រះអង្គពេកពន់មិនជិនណាយ
ពេលដែលទ្រង់យាងចេញទៅឆ្ងាយព្រះអម្ចាស់ថ្លៃដូចអ្នកច្បាំង
ព្រះអង្គយាងចេញយ៉ាងអង់អាចការពារឥតខ្លាចជារនាំង
វាយសំរុកលើ សត្រូវខ្មាំងទទួលបានទាំងជ័យជំនះ
១៤ព្រះអង្គមានព្រះបន្ទូលថាយើងចាំវេលាមកយូរណាស់
ឥឡូវដល់ពេលយើងប្រកាសឱ្យបានដឹងច្បាស់ពេលនេះម្តង
១៥យើងនឹងបំផ្លាញទាំងភ្នំធំភ្នំតូចរលំមិនសល់ផង
រុក្ខជាតិក្រៀមស្វិតទាំងទឹកបឹងប្រែជាគោករឹងឥតមានសល់
១៦អ្នកខ្វាក់ប្រាកដជាអាចដើរគេធ្វើដំណើរមិនអំពល់
ទៅតាមផ្លូវដែលគេមិនស្គាល់ជាកន្លែងដែលមិនធ្លាប់ដើរ
យើងនឹងធ្វើឱ្យយប់ងងឹតប្រែជាភ្លឺពិតយ៉ាងប្រសើរ
ផ្លូវទួលគន្លុកបានរាបស្មើប្រជាជនដើរដោយសុខសាន្ត