ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ទំនុកតម្កើងលេខ ៣១ (៣០) បទកាកគតិ

ឱព្រះអម្ចាស់ខ្ញុំសូមប្រកាសសូមជ្រកក្រោមម្លប់
ជារៀងរហូតឥតមានឈរឈប់ទាំងថ្ងៃទាំងយប់
សូមរំដោះផង
សូមទ្រង់ផ្ទៀងស្តាប់ពាក្យខ្ញុំរៀបរាប់មិនឱ្យមានឆ្គង
សូមរំដោះខ្ញុំឱ្យឆាប់តែម្តងជាកំពែងផង
សង្គ្រោះរូបខ្ញុំ
ទ្រង់ជាសិលាកំពែងថ្មដាពាំងទូលបង្គំ
សូមជួយដឹកនាំឆ្លងផ្លូវតូចធំតម្រង់ទិសខ្ញុំ
ដោយយល់ព្រះនាម
សូមប្រោសឱ្យរួចពីពួកមនុស្សខូចពួនឃ្លាំចាំយាម
សូមជួយរំដោះពីអន្ទាក់ភ្លាមដ្បិតតែព្រះនាម
ទ្រង់ជួយការពារ
ខ្ញុំសូមប្រគល់វិញ្ញាណនិមលថ្វាយអង្គក្សត្រា
ទៅក្នុងព្រះហស្តព្រះម្ចាស់ហើយណាព្រោះព្រះអង្គជា
ព្រះទុកចិត្តបាន
ទូលបង្គំសូមផ្ញើជីវិតទៅលើព្រះម្ចាស់ថ្កើងថ្កាន
ហើយខ្ញុំក៏ស្អប់មនុស្សចិត្តសាមាន្យស្មោះស្ម័គ្រផ្ញើប្រាណ
លើព្រះក្លែងក្លាយ
ចិត្តខ្ញុំស្រស់ថ្លាអរឥតឧបមារីករាយសប្បាយ
ដោយសារព្រះអង្គទ្រង់មានព្រះទ័យករុណាប្រណី
ពេលខ្ញុំវេទនា
ទ្រង់មិនបណ្តោយឱ្យរូបខ្ញុំធ្លោយខ្លោចផ្សាគ្រាំគ្រា
ធ្លាក់ទៅក្នុងដៃរបស់បច្ចាសូមទ្រង់ករុណា
មេត្តាប្រណី
១០ឱព្រះម្ចាស់អើយសូមអាណិតហើយសន្តោសខន្តី
ដ្បិតទូលបង្គំជួបអាសន្នភ័យយំស្ទើររីងរៃ
បាក់ធ្លាក់ទឹកចិត្ត
១១លុះដល់ខ្ញុំចាស់ទុក្ខនោះធ្ងន់ណាស់អស់មួយជីវិត
កម្លាំងចុះខ្សោយកំហុសជុំជិតខ្ញុំខុសមែនពិត
ឆ្អឹងឆ្អែងពុកផុយ
១២សត្រូវទាំងអស់ពោលពាក្យគំរោះប្រមាថជេរស្តី
ទោះអ្នកជិតខាងធ្លាប់មានមេត្រីពេលខ្ញុំដេកដី
គេនាំគ្នាគេច
១៣គេមិនខ្ចីនឹកគេមិនរំព្ញកគេខំបំភ្លេច
ដូចចោលអ្នកស្លាប់គ្មានគិតតួចតិចដូចឆ្នាំងកំបែក
ត្រូវគេបង់បោះ
១៤ខ្ញុំឮគេពោលពាក្យបង្កាច់មួយថាមនុស្សទាំងអស់
នៅជុំវិញខ្ញុំមានចិត្តមិនស្មោះពួកគេទាំងនោះ
បម្រុងប្រហារ
១៥បពិត្រព្រះម្ចាស់ទូលបង្គំភ័យណាស់សូមផ្ញើជីវ៉ា
ទៅលើព្រះអង្គហើយសូមពោលថាព្រះអង្គពិតជា
ព្រះរបស់ខ្ញុំ
១៦អាយុជីវិតរបស់ខ្ញុំស្ថិតដោយក្តីសុខដុម
នៅក្នុងព្រះហស្តព្រះម្ចាស់ឧត្តមសូមរំដោះខ្ញុំ
ផុតពីដៃខ្មាំង
១៧សូមបែរព្រះភក្ត្រទតមកមើលអ្នកបម្រើព្រះអង្គ
មេត្តាសង្គ្រោះទូលបង្គំផងដោយហឫទ័យទ្រង់
ប្រណីករុណា
១៨ឱព្រះអម្ចាស់ខ្ញុំអង្វរព្រះដែលធ្លាប់មេត្តា
កុំឱ្យរូបខ្លុំខកចិត្តឡើយណាឱ្យមនុស្សពាលា
ទៅជួបមច្ចុរាជ
១៩សូមឱ្យអស់អ្នកតែងតែកុហកនិងពួកកំណាច
ពួកធ្លាប់និយាយព្រហើនកោងកាចបាត់បង់អំណាច
ហារស្តីមិនបាន
២០បពិត្រព្រះម្ចាស់ព្រះទ័យសន្តោសវិសេសថ្កើងថ្កាន
ដល់អ្នកគោរពកោតខ្លាចគ្រប់ប្រាណមិនដែលរំខាន
អ្នកជ្រកជាមួយ
២១ព្រះអង្គទ្រង់លាក់គេនៅក្បែរភក្ត្រឱ្យផុតពីព្រួយ
ពីមនុស្សទុច្ចរិតព្រះអង្គតែងជួយឱ្យនៅជាមួយ
ក្នុងព្រះពន្លា
២២សូមលើកតម្កើងសិរីរុងរឿងពេលដែលបច្ចា
ឡោមព័ទ្ធរូបខ្ញុំច្រើនឥតឧបមាហឫទ័យមេត្តា
អស្ចារ្យពេកក្រៃ
២៣ពេលខ្ញុំខ្វល់ចិត្តវិលវល់គំនិតជួបទុក្ខគ្រោះភ័យ
ខ្ញុំនឹកស្មានថាទ្រង់លែងប្រណីតែពេលខ្ញុំស្តី
ទ្រង់ស្តាប់ពាក្យខ្ញុំ
២៤សូមឱ្យអស់អ្នកគោរពស្មោះស្ម័គ្រព្រះម្ចាស់ជាធំ
នាំគ្នាស្រឡាញ់ព្រះខ្ពស់ឧត្តមការពារឧបត្ថម្ភ
រក្សាអ្នកជឿ
តែព្រះអង្គដាក់ទោសតឹងដល់ថ្នាក់អ្នកគ្មានជំនឿ
មនុស្សព្រហើនកាចកោងមិនជឿអ្នកគ្មានជំនឿ
ព្រះអង្គផ្តន្ទា
២៥អស់អ្នកទុកចិត្តសង្ឃឹមស្មោះពិតព្រះម្ចាស់លោកា
ចូរមានកម្លាំងទឹកចិត្តហានក្លានោះព្រះមុខជា
ការពារសុខសាន្ត