ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ទំនុកតម្កើងលេខ ៦១ (៦០) បទកាកគតិ

ឱព្រះម្ចាស់អើយកុំគង់ព្រងើយសូមព្រះសណ្តាប់
យកហឫទ័យទុកដាក់ហើយត្រងត្រាប់ពាក្យអង្វរគាប់
ទូលបង្គំផង
ពេលខ្ញុំនៅឆ្ងាយសន្លឹមអន្លាយហាក់អស់កម្លាំង
ខ្ញុំស្រែកហៅរកព្រះនាមព្រះអង្គសូមដឹកនាំខ្ញុំ
ទៅកាន់ថ្មខ្ពស់
ព្រះអង្គជាទីជម្រករមណីរឹងមាំឥតខ្ចោះ
ជាប៉មមាំមួនកំពែងដ៏ខ្ពស់ព្រះជាអម្ចាស់
តទល់សត្រូវ
ទូលបង្គំចង់រស់និត្យនៅក្នុងពន្លាពេកកូវ
របស់ព្រះអង្គរហូតតទៅហើយសូមក្រាបនៅ
ក្រោមម្លប់ព្រះអង្គ
ឱព្រះម្ចាស់អើយព្រះអង្គនេះហើយតែងស្តាប់ពាក្យខ្ញុំ
ព្រះអង្គប្រទានមកទូលបង្គំមរតកដ៏ធំ
បម្រុងទុកឱ្យ
សូមទ្រង់ប្រទានព្រះរាជាមានជន្មាមិនថយ
អាយុយឺនយូរសតវត្សទៅក្រោយជាម្លប់ផ្តល់ឱ្យ
ប្រជាប្រុសស្រី
សូមឱ្យមហាក្សត្រគ្រងរាជ្យរហូតក្រោមភក្រ្តម្ចាស់ថ្លៃ
រហូតតទៅដោយព្រះហឫទ័យមេត្តាប្រណី
ករុណាស្មោះស្ម័គ្រ
ខ្ញុំនឹងតម្កើងព្រះម្ចាស់ខ្ពស់ឡើងរាល់ថ្ងៃឥតអាក់
ឥតឈប់ឥតឈរឱ្យសមនឹងពាក្យសន្យាលាយល័ក្ខណ៍
ចំពោះព្រះអង្គ