ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ទំនុកតម្កើងលេខ ១១៦ (១១៥) បទព្រហ្មគីតិ

ខ្ញុំស្រឡាញ់ព្រះម្ចាស់ដ្បិតទ្រង់ព្រះសណ្តាប់ខ្ញុំ
សំឡេងសោកទួញយំទទូចសុំទូលអង្វរ
ព្រះអង្គផ្ទៀងព្រះកាណ៌រាល់វេលាដោយស្មោះសរ
ខ្ញុំនឹងស្រែកអង្វរមិនឈប់ឈរមួយជីវិត
ខ្ញុំរងទុក្ខលំបាកគ្មានស្រាន្តស្រាកទាំងភ័យភិត
មច្ចុរាជមករួបរឹតខ្ញុំតក់ស្លុតខ្លាចខ្លួនក្ស័យ
ខ្ញុំខំអង្វរស្រែកខ្លាំងពន់ពេករកម្ចាស់ថ្លៃ
អាណិតកុំឱ្យក្ស័យសូមប្រណីសង្គ្រោះផង
ព្រះអង្គតែងសន្តោសប្រណីប្រោសមិនដែលហ្មង
សុចរិតយុត្តិធម៌ផងព្រះទ័យទ្រង់មានមេត្តា
ព្រះអម្ចាស់បានជួយអ្នកខ្សត់ឱ្យផុតខ្លោចផ្សា
ពេលខ្ញុំធ្លាក់កាយាអង្គក្សត្រាមកសង្គ្រោះ
ខ្ញុំលែងគិតខ្វល់ខ្វាយអ្វីទាំងឡាយសព្វទាំងអស់
ដ្បិតព្រះម្ចាស់ទ្រង់ប្រោសទ្រង់សន្តោសខ្ញុំសុខសាន្ត
ព្រះអង្គបានរំដោះខ្ញុំផុតគ្រោះបានថ្កើងថ្កាន
ការពារជ្រែងទប់ប្រាណខ្ញុំដើរបានមិនភ័យសោះ
ខ្ញុំដើរមិនឈរឈប់ទាំងថ្ងៃយប់នៅចំពោះ
ព្រះភ័ក្ត្រព្រះជាម្ចាស់ភពមនុស្សក្នុងលោកនេះ
១០ទោះជាខ្ញុំពោលថារស់ខ្លោចផ្សាទ្រូងស្ទើរប្រេះ
គង់តែរូបខ្ញុំនេះមិនចោលព្រះសង្ឃឹមជាប់
១១ពេលខ្ញុំមានកង្វល់ចិត្តខ្វាយខ្វល់មិនបានស្ងប់
ខ្ញុំពោលឡើងគ្រប់សព្វថាខ្ញុំស្អប់ជនគ្រប់ប្រាណ
១២តើខ្ញុំអាចយកអ្វីតបព្រះទ័យម្ចាស់ថ្កើងថ្កាន
ដែលព្រះអម្ចាស់បានប្រោសគ្រប់ប្រាណបានសមរម្យ
១៣គឺខ្ញុំត្រូវលើកពែងទាំងថ្លាថ្លែងនាមឧត្តម
ព្រះអង្គរំដោះខ្ញុំយើងស្រែកសុំរកព្រះម្ចាស់
១៤ខ្ញុំនឹងយកតង្វាយមកដាក់ថ្វាយក្រាបសំពះ
លាបំណន់ពីព្រះជាអម្ចាស់មុខប្រជា
១៥ទ្រង់ព្រួយព្រះទ័យណាស់ពេលមានរាស្រ្តស្លាប់វេទនា
ជនវិសុទ្ធគ្រប់គ្នាទ្រង់ការពារមិនស្លាប់ឡើយ
១៦ឱ! ព្រះម្ចាស់ប្រសើរខ្ញុំបម្រើព្រះអង្គហើយ
ព្រះអង្គមិនកន្តើយខ្ញុំបានស្បើយពីមរណា
១៧ទូលបង្គំសូមថ្វាយយញ្ញទាំងឡាយដោយជ្រះថ្លា
អង្វរព្រះបិតាព្រះបុត្រាខ្ពស់ពេកពន់
១៨ខ្ញុំនឹងយកតង្វាយមកដាក់ថ្វាយលាបំណន់
នៅមុខប្រជាជនដែលបានបន់ដល់ព្រះអង្គ
១៩គឺនៅក្នុងទីធ្លាព្រះវិហារស្រស់បំព្រង
ស្ថិតនៅកណ្តាលក្រុងសូមផ្ចិតផ្ចង់លើកតម្កើង