ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ទំនុកតម្កើងលេខ ១២ (១១) បទកាកគតិ

ឱ! ព្រះអម្ចាស់សូមជួយផងមនុស្សច្រើនកន្លងសឹងលែងមាន
ក្នុងចំណោមមនុស្សរាប់សែនលានបាត់បង់អស់គ្មានអ្នកត្រង់ស្មោះ
ម្នាក់ៗគិតតែមួលបង្កាច់ដាក់គ្នាមិនដាច់ឥតឈប់សោះ
ពាក្យគេនិយាយស្ទើរទាំងអស់សុទ្ធតែបញ្ជោះបញ្ចើចគ្នា
សូមព្រះអម្ចាស់បំបិទមាត់ដែលពោលបញ្ចើចកុំរួញរា
និងកាត់អណ្តាតដែលមុសានិយាយឫស្យាយ៉ាងព្រហើន
ពួកគេពោលថា«ដោយសារមាត់របស់យើងពិតអ្វីក៏បាន
ជោគជ័យដរាបឥតស្រាកស្រាន្តគ្មាននរណាហ៊ានត្រួតលើយើង»
ពេលព្រះអង្គឃើញគេជាន់ជិះជនទុរគតនេះនៅនឹងជើង
និងឮសម្រែកអ្នកក្រផងដែលទទួលរងទុក្ខលំបាក
ព្រះអម្ចាស់មានបន្ទូលថា«ឥឡូវនេះណាកុំកំសាក
យើងក្រោកឡើងមកជួយអស់អ្នកដែលមនុស្សគម្រក់គេមើលងាយ »
បន្ទូលរបស់ព្រះអម្ចាស់គួរទុកចិត្តណាស់ពេញអង្គកាយ
បរិសុទ្ធជាងប្រាក់ភ្លឺពណ្ណរាយដែលដុតរំលាយប្រាំពីរដង
ព្រះអម្ចាស់ដែលគ្រប់គ្រងថែព្រះអង្គតែងតែធ្វើឥតឆ្គង
តាមព្រះបន្ទូលគ្មានសៅហ្មងជានិច្ចសព្វដងប្រពៃពិត
ទោះបីជនពាលដើរក្រឡឹងទោះបីមនុស្សប្រឹងតែប្រព្រឹត្ត
អំពើទុយ៌សច្រើនឥតគិតព្រះអង្គនៅជិតការពារខ្ញុំ