ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ទំនុកតម្កើងលេខ ១៣៦ (១៣៥) បទកាកគតិ

សូមតម្កើងព្រះដែលជាអម្ចាស់គ្រប់ទីតំបន់
ទ្រង់មានព្រះទ័យសប្បុរសពេកពន់ប្រសើរលើសលន់
រហូតរៀងទៅ
ចូរលើកតម្កើងព្រះដ៏ខ្ពស់ថ្កើងមិនដែលអាស្រូវ
ដោយធម៌មេត្តាករុណាជាផ្លូវដែលស្ថិតស្ថេរនៅ
អស់កល្បរហូត
សរសើរតម្កើងព្រះម្ចាស់ខ្ពស់ឡើងលើសគេបំផុត
ដោយធម៌មេត្តាករុណាមោះមុតនៅជាប់រហូត
កប្បកល្បអនេក
មានតែព្រះអង្គធ្វើការឧត្តុង្គឧត្តមក្រៃពេក
ដោយធម៌មេត្តាករុណាល្អឯកប្រណីសង្វេគ
អស់កល្បជានិច្ច
ព្រះអង្គបង្កើតផ្ទៃមេឃល្អឆើតដោយគ្មានកលកិច្ច
ដ្បិតព្រះហឫទ័យមេត្តាជានិច្ចករុណាពន់ពេក
ស្ថិតនៅយូរលង់
ព្រះអង្គបានដាក់ផែនដីតាមថ្នាក់ស្ថិតស្ថេរគង់វង្ស
នៅលើផ្ទៃទឹកដ្បិតហឫទ័យទ្រង់ស្ថិតនៅយូរលង់
អស់កល្បប្រិមប្រិយ៍
ព្រះអង្គបង្កើត​ដុំពន្លឺឆើតចែងចាំងរស្មី
ដោយធម៌មេត្តាករុណាប្រណីស្ថិតនៅពាសដី
អស់កល្បអន្លាយ
គឺព្រះអាទិត្យព្រះអង្គបង្កើតបំភ្លឺពេលថ្ងៃ
ដោយធម៌មេត្តាករុណាប្រណីស្ថិតនៅអាល័យ
អស់កល្បសព្វគ្រប់
ព្រះច័ន្ទតារាគ្រប់គ្រងត្រៀបត្រាបំភ្លឺពេលយប់
ដោយធម៌មេត្តាករុណាគួរគាប់ស្ថិតស្ថេរនៅជាប់
អស់កល្បរៀងរាប
១០ព្រះអង្គប្រល័យកូនច្បងគ្រប់កាយរបស់អេស៊ីប
ដ្បិតធម៌មេត្តាចែងចាំងដរាបមិនចេះស្រអាប់
អស់កល្បរហូត
១១ទ្រង់នាំប្រជាស្រាអែលគ្រប់គ្នាឱ្យរួចរបូត
ពីស្រុកអេស៊ីបដោយព្រះទ័យកួចនាំគេឱ្យរួច
អស់កល្បយូរលង់
១២ដោយឫទ្ធិបារមីតេជះខ្លាំងក្រៃទាំងមានអានុភាពផង
ដ្បិតធម៌មេត្តាករុណាកន្លងនៅជាប់ឥតហ្មង
ស្ថិតស្ថេរពេញទី
១៣ទ្រង់ញែកសមុទ្រគ្មានព្រឺតក់ស្លុតចែកចេញជាពីរ
ដោយធម៌មេត្តាករុណាកន្លងនៅជាប់ឥតហ្មង
ស្ថិតស្ថេរពេញទី
១៤ទ្រង់នាំជនជាតិស្រាអែលដើរកាត់តាមបាតសមុទ្រ
ដោយធម៌មេត្តាករុណាបំផុតនៅមិនរលត់
អស់កប្បកល្បហោង
១៥ព្រះអង្គធ្វើឱ្យស្តេចផារ៉ោនធ្លោយទាំងកងទ័ពផង
លង់ក្នុងសមុទ្រស្លាប់គ្រានោះម្តងករុណាព្រះអង្គ
ស្ថិតនៅឥតស្រាន្ត
១៦ព្រះអង្គណែនាំប្រជាឱ្យទ្រាំតាមរហោស្ថាន
ដោយធម៌មេត្តាករុណាថ្កើងថ្កានស្ថិតគ្មានអវសាន
អស់កល្បមានជោគ
១៧ទ្រង់ប្រហារស្តេចពេញដោយអំណាចច្រើនអង្គដួលស្តូក
ដោយធម៌មេត្តាករុណាមានមកស្ថិតនៅក្នុងលោក
អស់កល្បកន្លង
១៨ព្រះអង្គប្រហារស្តេចខ្លាំងអស្ចារ្យឱ្យក្ស័យគ្រប់អង្គ
ដោយធម៌មេត្តាករុណាត្រចង់ស្ថិតនៅគង់វង្ស
អស់កល្បគ្រប់ទី
១៩គឺមានព្រះបាទស៊ីហុនសោយរាជ្យលើអាម៉ូរី
ដ្បិតទ្រង់មេត្តាករុណាគ្រប់ទីស្ថិតស្ថេរមូលមីរ
រហូតប្រពៃ
២០និងព្រះបាទអុកគ្រប់គ្រងលើស្រុកបាសាននោះនៃ
ព្រោះតែព្រះអង្គទ្រង់មានព្រះទ័យស្មោះស្ម័គ្រមេត្រី
អស់កល្បស្ថិតស្ថេរ
២១ព្រះអង្គប្រទានអ៊ីស្រាអែលមានដីទុកជាកេរ
ដ្បិតព្រះហឫទ័យទ្រង់ឥតងាករេព្រះអង្គស្ថិតស្ថេរ
អស់កល្បតទៅ
២២ព្រះអង្គប្រទានកូនចៅឱ្យមានស្រុករស់និត្យនៅ
ដោយធម៌មេត្តាករុណាពេកកូវព្រះអង្គស្ថិតនៅ
ជាអចិន្ត្រៃយ៍
២៣ពេលយើងមានទុក្ខវេទនាគ្រប់មុខទ្រង់តែងប្រណី
ដោយធម៌មេត្តាករុណាឥតបីប្រសើរពេកក្រៃ
គ្រប់សម័យកាល
២៤ព្រះអង្គរំដោះយើងផុតពីគ្រោះលែងភ័យជ្រួលច្រាល
ដោយព្រះហឫទ័យករុណាត្រកាលស្ថិតនៅរៀងរាល់
រហូតឥតឈប់
២៥ព្រះអង្គប្រទានអាហារឱ្យមានឆ្អែតឆ្អន់សព្វគ្រប់
ដោយធម៌មេត្តាករុណាលើសលប់ស្ថិតនៅតាំងជាប់
ឥតបីរលត់
២៦ចូរលើកតម្កើងព្រះម្ចាស់ខ្ពស់ឡើងគ្មានទីបំផុត
ដោយធម៌មេត្តាករុណាវិសុទ្ធស្ថិតមិនរលត់
អស់កល្បកប្បហោង