ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ទំនុកតម្កើងលេខ ៣៩ (៣៨) បទកាកគតិ

ខ្ញុំនឹកគិតថានូវគ្រប់កិច្ចការដែលខ្ញុំប្រព្រឹត្ត
ខ្ញុំត្រូវប្រយ័ត្នខ្លាចមនុស្សឆ្ងាយជិតនាំបាបឧក្រិដ្ឋ
ឱ្យខ្លួនអប្រិយ៍
ខ្ញុំខ្លាចមានបាបអាក្រក់ឆ្អេះឆ្អាបដោយពាក្យសម្តី
ដរាបណាមនុស្សទុយ៌សព្រៃផ្សៃនៅក្បែររាល់ថ្ងៃ
ខ្ញុំមិនស្តីទេ
ខ្ញុំតែងបិទមាត់ទោះបីឃើញគាត់ចម្រើនឡើងទ្វេ
ខ្ញុំមិននិយាយមិនចេញស្តីទេដូច្នេះកាន់តែ
ឈឺចាប់ខ្លាំងក្រៃ
ខ្ញុំក្តៅចិត្តខ្លាំងដូចជាមានភ្លើងឆាបឆេះក្នុងកាយ
រហូតលែងទ្រាំតទៅទៀតហើយខ្ញុំក៏ដង្ហោយ
ស្រែកពោលឡើងថា
ឱព្រះម្ចាស់អើយសូមសម្តែងឱ្យ​ខ្ញុំដឹងអាត្មា
ថាជីវិតខ្ញុំមានដល់ត្រឹមណាចុះតើសង្ខារ
ផុយយ៉ាងដូចម្តេច?
ព្រះម្ចាស់នាំយកកំណើតខ្ញុំមកដូចទឹកច្រើនតិច
ដក់លើស្លឹកឈូកជួនងើបជួនលិចតាមខ្យល់ខ្លាំងតិច
ដែលបានបោកបក់
ជីវិតសត្វលោកដែលបានកើតមកចំពោះព្រះភក្ត្រ
អាយុសង្ខារនៃជនម្នាក់ៗប្រៀបបានខ្យល់បក់
មួយដង្ហើមខ្លី
ជីវិតអណ្តែតរសាត់ត្រសែតគ្មានគោលដៅអ្វី
ដូចជាស្រមោលតាមប្រាណរាល់ថ្ងៃទោះធ្វើអ្វីៗ
ក៏ឥតបានការ
គេប្រមូលទ្រព្យសម្បត្តិគួរគាប់នៅក្បែរអាត្មា
តែគេពុំដឹងទ្រព្យសព្វប្រការបានលើនរណា
នៅគ្រាចុងក្រោយ
ឱព្រះអម្ចាស់បើសិនដូច្នោះម្តេចទ្រង់បណ្តោយ
ឱ្យទូលបង្គំពឹងអ្វីថ្ងៃក្រោយមានតែទ្រង់ហើយ
ដែលខ្ញុំសង្ឃឹម
សូមជួយរំដោះឱ្យខ្ញុំផុតគ្រោះរួចពីបាបកម្ម
ដែលខ្ញុំបានសាងយូរថ្ងៃខែឆ្នាំកុំទុកឱ្យខ្ញុំ
ត្រូវគេមើលងាយ
១០ខ្ញុំស្ងៀមមិនស្តីមិននិយាយអ្វីនាំចិត្តរាយមាយ
ស៊ូសំងំស្ងៀមបៀមទុកក្នុងកាយដ្បិតព្រះអង្គហើយ
ដាក់ទោសរូបខ្ញុំ
១១សូមទ្រង់មេត្តាកុំដាក់ទោសាមកទូលបង្គំ
ខ្ញុំស្ទើរតែស្លាប់ឈឺចាប់អួលងំកើតទុក្ខរណ្តំ
ព្រោះព្រះអង្គវាយ
១២ពេលទ្រង់ប្រដៅមនុស្សល្ងង់ខ្លៅមិនដឹងសេចក្តី
ព្រះអង្គធ្វើឱ្យរបស់ទាំងឡាយវិនាសអន្តរាយ
អស់មិនសល់ទេ
១៣ឱព្រះម្ចាស់អើយកុំគង់កន្តើយសណ្តាប់កុំប្រែ
ពាក្យខ្ញុំអង្វរមានជាហូរហែកុំក្រឡះកែ
គេចបែរពីខ្ញុំ
សូមកុំព្រងើយពេលនេះឯងហើយស្តាប់ទំនួញយំ
ខ្ញុំគ្រាន់តែស្នាក់មានអ្វីមិនសមដូចបុព្វបុរសខ្ញុំ
ពេលមុនប៉ុណ្ណោះ
១៤សូមបែរភក្ត្រាដោយក្តីមេត្តាឱ្យខ្ញុំស្រឡះ
ផុតទុក្ខសោយសោកបាបកម្មដ៏ក្រាស់មុនរូបខ្ញុំនេះ
លាចាកលោកទៅ