ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ទំនុកតម្កើងលេខ ៧៩ (៧៨) បទពាក្យ ៧

បពិត្រព្រះជាអម្ចាស់អើយជនជាតិទាំងឡាយចូលឈ្លានពាន
វិហារវិសុទ្ធត្រូវរុករានសាឡឹមថ្កើងថ្កានខូចខ្ទេចខ្ទីរ
សាកសពអ្នកបម្រើព្រះអង្គត្រូវគេបោះបង់ឱ្យសត្វស៊ី
សាកសពអ្នកជឿពេញធរណីត្រូវតិរច្ឆានស៊ីជាអាហារ
គេបានសម្លាប់ប្រជាជនជុំវិញទីក្រុងគ្មានមេត្តា
ឈាមរាស្រ្តហូរក្រាលពសុធាចាស់ក្មេងមរណាគ្មានអ្នកកប់
អ្នកស្រុកជិតខាងនាំគ្នាជេរប្រមាថឥតល្ហែគេលែងរាប់
គេសើចចំអកឡកឡឺយសព្វរូបខ្ញុំគេស្អប់គេមើលងាយ
ឱ! ព្រះជាម្ចាស់ទូលបង្គំម្តេចទ្រង់សំងំដូចជិនណាយ
តើថ្ងៃណាទៅទើបទ្រង់ស្រាយពិរោធឱ្យឆ្ងាយមកស្រោចស្រង់
សូមជះក្តីក្រោធលើជាតិផ្សេងឱ្យជនវង្វេងស្គាល់ព្រះអង្ក
និងនគរនានានោះផងដែលមិនស្មោះត្រង់នឹងព្រះម្ចាស់
ដ្បិតពួកគេបានកាប់សម្លាប់ពូជលោកយ៉ាកុបចោលទាំងអស់
បំផ្លាញទឹកដីជារបស់មរតកកេរកោះលោកទៀតផង
សូមកុំចាប់ទោសយកកំហុសព្រោះបុព្វបុរសខ្ញុំខុសឆ្គង
មេត្តាលើកទោសកំហុសម្តងអាណិតខ្ញុំផងដ្បិតលិចលង់
ឱព្រះជាម្ចាស់ព្រះសង្គ្រោះសូមទ្រង់យាងចុះកុំបង្អង់
ដោយយល់សិរីដ៏រឿងរុងមេត្តាព្រះអង្គជួយផងណា
១០ហេតុអ្វីបានជាទ្រង់បណ្តោយជាតិផ្សេងៗឱ្យមកពោលថា
«តើព្រះគេនោះនៅឯណាសូមទ្រង់មេត្តាដាក់ទោសចុះ
១១សូមស្តាប់សំឡេងឈ្លើយថ្ងូរថ្ងួចលាន់ឮគ្រលួចគួរស្រណោះ
សូមប្រើបារមីជួយរំដោះអ្នកដែលមានទោសដល់មរណា
១២សូមព្រះជាម្ចាស់កុំអាណិតប្រជាជាតិជិតទាំងអស់គ្នា
ធ្វើឱ្យគេរស់ដោយវេទនាអាប់មុខមួយជាប្រាំពីរដង
១៣ឯពួកយើងខ្ញុំដែលជារាស្រ្តដូចចៀមទាំងអស់របស់ទ្រង់
នាំគ្នាតម្កើងលើកព្រះអង្គអស់កល្បយូរលង់អង្វែងទៅ