ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ទំនុកតម្កើងលេខ ១១៥ (១១៣ ខ) បទកាកគតិ

បពិត្រព្រះម្ចាស់ខ្ញុំមិនគួរសោះឱ្យគេតម្កើង
មានតែព្រះអង្គទើបត្រូវលើកឡើងឱ្យខ្ពស់ថ្កុំថ្កើង
ព្រោះទ្រង់សប្បុរស
ម្តេចក៏ប្រជាគ្រប់ជាតិនានានាំគ្នាសួរខុស
មកយើងខ្ញុំថា«ពួកឯងទាំងអស់តើព្រះឯងនោះ
ស្ថិតនៅឯណា ?»
ព្រះរបស់ខ្ញុំនៅទីបរមសុខឥតឧបមា
ទ្រង់សព្វព្រះទ័យធ្វើកិច្ចអស្ចារ្យអ្វីសព្វប្រការ
បានឥតមានទាស់
ឯព្រះពួកអ្នកប្រាកដជាជាក់ព្រះក្លែងក្លាយស្មោះ
ខ្លះធ្វើពីឈើគគីរកកោះពីប្រាក់ពីមាស
ជាព្រះគេច្នៃ
ព្រះនោះមានមាត់និយាយមិនកើតមិនដែលចេញស្តី
តាមតែជាងឆ្លាក់ដាក់មកធ្វើអ្វីភ្នែកឥតប្រស្រី
មើលអ្វីមិនបាន
រីឯត្រចៀកមានប្រាកដជាក់តែមិនចំណាន
ព្រោះស្តាប់មិនកើតមិនដឹងដើមដានច្រមុះក៏មាន
តែមិនដឹងក្លិន
មានសព្វទាំងដៃតែមិនអាចលៃប៉ះពាល់ឬកាន់
មានជើងនៅស្ងៀមព្រោះដើរមិនបានបំពង់កមាន
តែគ្មានសំឡេង
សូមឱ្យអស់អ្នកដែលបានដាប់ឆ្លាក់រូបព្រះនោះឯង
ហើយផ្ញើជីវិតគ្មានគិតកោតក្រែងឱ្យគេចំបែង
ដូចព្រះទាំងនោះ
អ៊ីស្រាអែលអើយចូរកុំកន្តើយផ្ញើជិវិតចុះ
លើព្រះអម្ចាស់ទ្រង់និងសង្គ្រោះជាខែលគ្រឿងក្រោះ
ពាំងអ្នករាល់គ្នា
១០ពូជពង្សរបស់អរ៉ុនទាំងអស់ចូរអ្នកម្នីម្នា
ផ្ញើជន្មជីវ៉ាលើព្រះនាមាទ្រង់និងការពារ
ឱ្យអ្នកបានសុខ
១១អ្នកដែលកោតខ្លាចព្រះមានអំណាចនឹងមិនជួបទុក្ខ
បើផ្ញើជិវិតអ្នកនឹងបានសុខពីនេះទៅមុខ
ផុតទុក្ខល្ហើយល្ហែ
១២ព្រះមិនបំភ្លេចសូម្បីបន្តិចដល់ពួកយើងទេ
ព្រះអង្គឱ្យពរយើងកើនឡើងទ្វេអ៊ីស្រាអែលដែរ
និងលោកអរ៉ុន
១៣ព្រះអង្គប្រទានពរទាំងអ្នកមានអ្នកតូចអ្នកធំ
ដែលចេះកោតខ្លាចក្រាបថ្វាយបង្គំយកព្រះជាធំ
ជាម្លប់គ្រប់គ្រា
១៤សូមព្រះប្រទានពរនោះឱ្យមានដល់អ្នករាល់គ្នា
បានចម្រើនឡើងគ្រប់ពេលវេលាបានសុខរមនា
កូនចៅប្រុសស្រី
១៥សូមអ្នកទទួលកុំបីអំពល់ពីម្ចាស់មេឃដី
ទ្រង់ប្រទានពរបវរសួស្តីព្រះអម្ចាស់ថ្លៃ
ជាព្រះយើងពិត
១៦ផ្ទៃមេឃវែងឆ្ងាយសន្លឹកអន្លាយគឺជាកម្មសិទ្ធ
របស់ព្រះម្ចាស់តែមួយអង្គគត់ព្រះអង្គអាណិត
ឱ្យដីមកមនុស្ស
១៧អ្នកស្លាប់ជាខ្មោចមានក្លិនអសោចពុំអាចថ្កើងយស
អស់អ្នកដែលចុះទៅស្ថានក្រោមនោះក៏ពុំមានឈ្មោះ
តម្កើងសិរី
១៨គឺយើងនេះហើយគ្មានអ្នកផ្សេងឡើយដែលរស់លើដី
បានលើកតម្កើងព្រះអង្គរាល់ថ្ងៃឥតមានសំចៃ
ជារៀងរហូត