ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ព្រះជាម្ចាស់ផ្តល់សន្តិភាពឱ្យប្រជាជន បទកាកគតិ

(ព្យាការីអេសាយ ២៦,១-៤.៧-៩.១២)

យើងមានក្រុងមួយមាំឥតភ័យព្រួយព្រោះព្រះម្ចាស់បាន
ប្រទាននូវការសង្គ្រោះគ្រប់ប្រាណដូចកំពែងបាន
ការពាររ៉ាប់រង
ចូរយើងបើកទ្វារកុំបីរួញរាកុំឱ្យមានហ្មង
ឱ្យប្រជាជាតិសុចរិតទាំងពួងស្ម័គ្រស្មោះកន្លង
បានចូលមកជិត
បពិត្រព្រះម្ចាស់ព្រះអង្គទ្រង់ប្រោសដល់ប្រជាជាតិ
មានក្តីសុខសាន្តឥតបីឃ្លៀងឃ្លាតទាំងជីវិតទៀត
ផ្ញើព្រះឥតភ្លេច
ចូរមានសង្ឃឹមដោយក្តីញញឹមលើព្រះជានិច្ច
ទាំងកាយជីវិតឥតមានពេលភ្លេចជាថ្មរំលេច
ស្ថិតស្ថេរអស់កល្ប
បពិត្រព្រះម្ចាស់អស្ចារ្យពេកណាស់ទ្រង់បង្ហាញដល់
មនុស្សសុចរិតបានដឹងបានស្គាល់មាគ៌ានិមល
សែនល្អកន្លង
ឱ! ព្រះអម្ចាស់យើងខ្ញុំទាំងអស់ជីវិតផ្ញើទ្រង់
ហើយសូមដើរតាមមាគ៌ារឿងរុងដែលព្រះអង្គទ្រង់
ត្រួសត្រាយទុកស្រាប់
ចិត្តយើងគ្រប់គ្នាតែងតែប្រាថ្នាថ្លែងមិនឈរឈប់
ព្រះនាមព្រះអង្គដែលល្បីសាយសព្វពាសពេញលើភព
ប្រសើរកន្លង
ទោះជាពេលយប់ចង់ជ្រកក្រោមម្លប់បារមីនៃទ្រង់
ខ្ញុំខំស្វះស្វែងរកតែព្រះអង្គតាំងពីព្រឹកព្រាង
ឥតមានសំចៃ
ព្រះអង្គដាក់ទោសទៅដល់មនុស្សនៅលើផែនដី
ស្របទៅតាមការដែលទ្រង់វិនិច្ឆ័យនោះគេស្គាល់ក្តី
យុតិ្តធម៌សុចរិត
១២បពិត្រព្រះម្ចាស់ប្រសើរពេកណាស់ទ្រង់តែងអាណិត
ផ្តល់ក្តីសុខសាន្តអ្វីខ្ញុំប្រព្រឹត្តដែលមានមកពិត
គឺទ្រង់សម្រេច