ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ទំនុកតម្កើងលេខ ៩៩ (៩៨) បទពាក្យ ៧

ព្រះជាអម្ចាស់ទ្រង់គ្រងរាជ្យប្រជារាស្រ្តខ្លាចភ័យមមើ
ផែនដីកក្រើកញ័ររង្គើព្រះអង្គគង់លើខេរ៉ូប៊ីន
ព្រះអម្ចាស់ជាព្រះឧត្តមខ្ពង់ខ្ពស់ស្កៃស្កឹមលើស៊ីយ៉ូន
ព្រះអង្គខ្ពស់ហួសអស់ជាតិជនគ្រប់ទីតំបន់លើលោកា
មនុស្សម្នាគ្រប់រូបត្រូវតម្កើងព្រះនាមរុងរឿងដ៏អស្ចារ្យ
គួរឱ្យស្ញែងខ្លាចព្រះនាមាព្រះអង្គពិតជាឥតមានហ្មង
បពិត្រព្រះម្ចាស់ជាមហាក្សត្របារមីពេកក្តាត់ក្តីភ្លឺត្រចង់
ទ្រង់ជាក្សត្រាតែមួយអង្គសុចរិតត្រឹមត្រង់យុត្តិធម៌
ព្រះអង្គបានរៀបតាក់តែងច្បាប់ឱ្យមានសព្វគ្រប់ដោយស្មោះសរ
សុចរិតទៀងត្រង់ស្រស់បវរក្នុងស្រុកដ៏ល្អអ៊ីស្រាអែល
ចូរលើកតម្កើងព្រះអម្ចាស់ព្រះអង្គជាព្រះយើងមិនដែល
ស្គាល់ទុក្ខលំបាកដ៏ក្រាស់ក្រែលព្រះអ៊ីស្រាអែលព្រះវិសុទ្ធ
លោកម៉ូសេជាបូជាចារ្យដែលមកត្រៀបត្រាពេញជុំជិត
អរ៉ុនជាបូជាចារ្យពិតចំណោមអ្នកស្និទ្ធនឹងព្រះអង្គ
លោកសាមូអែលជាមនុស្សម្នាក់ក្នុងចំណោមអ្នកអង្វរទ្រង់
ទាំងអស់គ្នាទូលថ្វាយព្រះអង្គនោះទ្រង់ឆ្លើយត្រង់មិនរារែក
ព្រះអង្គមានព្រះបន្ទូលមកពីក្នុងពពកខ្មៅអនេក
លោកក៏កាន់តាមមិនអល់អែកឥតមានប្រកែកច្បាប់ព្រះអង្គ
បពិត្រព្រះម្ចាស់ព្រះរបស់យើងខ្ញុំទាំងអស់ខ្ពស់ឧត្តុង្គ
ព្រះអង្គតបឆ្លើយមិនបង្អង់ទោះបីជាទ្រង់ដាក់ទោសក្តី
ព្រោះតែកំហុសលោកប្រព្រឹត្តមានពីអតិ (អតីត) មិនថាអី
ព្រះអង្គតែងមានព្រះហឫទ័យអត់ធ្មត់ខន្តីលោកជានិច្ច
ចូរលើតម្កើងព្រះអម្ចាស់ជាព្រះរបស់យើងកុំភ្លេច
ចូរក្រាបបង្គំកុំកែព្រះតម្រង់ជានិច្ចភ្នំវិសុទ្ធ
ដ្បិតព្រះអម្ចាស់គឺជាព្រះនៃយើងទាំងអស់ខ្ពស់បំផុត
ជាម្ចាស់ផែនដីមេឃសមុទ្រអស់ទាំងសព្វសត្វលើលោកា