Skip to content
ទំនុកតម្កើងលេខ ១០៥ (១០៤) បទកាកគតិ
១ | ចូរយើងតម្កើង | លើកព្រះខ្ពស់ឡើង | ព្រមទាំងប្រកាស |
| ព្រះនាមព្រះអង្គ | ឱ្យបានឮច្បាស់ | ពីស្នាព្រះហស្ត |
| | ប្រាប់ជាតិនានា | ។ |
២ | ចូរច្រៀងបទថ្វាយ | តម្កើងកុំណាយ | រៀងរាល់វេលា |
| រៀបរាប់អំពី | សព្វអស់ការងារ | អស្ចារ្យគ្រប់គ្រា |
| | ដែលទ្រង់ប្រព្រឹត្ត | ។ |
៣ | ចូរខ្ពស់មុខឡើង | ព្រោះតែព្រះយើង | ជាព្រះវិសុទ្ធ |
| អ្នកស្វែងរកទ្រង់ | ខ្ពង់ខ្ពស់បំផុត | ចូរសប្បាយចិត្ត |
| | កុំបីសៅហ្មង | ។ |
៤ | ចូរស្វែងរកព្រះ | ដែលមានតេជះ | បារមីត្រចង់ |
| ស្វែងរកព្រះភ័ក្ត្រ | របស់ព្រះអង្គ | កុំនៅរេរង់ |
| | ឈប់ឈរសោះឡើយ | ។ |
៥ | សូមនឹកដល់ការ | សម្បើមអស្ចារ្យ | ទ្រង់បានធ្វើហើយ |
| នឹកដល់បាដិហារិយ៍ | កុំនៅកន្តើយ | និងការវិនិច្ឆ័យ |
| | ដែលទ្រង់សម្រេច | ។ |
៦ | ពូជពង្សរបស់ | ប្រាហាំទាំងអស់ | នៅបម្រើស្រេច |
| កូនចៅយ៉ាកុប | ដ៏ល្អបណ្តាច់ | ព្រះអង្គសម្រេច |
| | ជ្រើសយកយូរហើយ | ។ |
៧ | ព្រះជាអម្ចាស់ | ទ្រង់គឺជាព្រះ | របស់យើងអើយ |
| កុំនៅបង្អង់ | រេរង់តោះតើយ | គឺព្រះនោះហើយ |
| | គ្រប់គ្រងផែនដី | ។ |
៨ | ព្រះអង្គតែងខ្វល់ | នឹកគិតទៅដល់ | សម្ពន្ធមេត្រី |
| ជាព្រះបន្ទូល | សន្យាថ្លាថ្លៃ | ស្ថិតស្ថេរយូរក្រៃ |
| | មួយពាន់តំណ | ។ |
៩ | សម្ពន្ធមេត្រី | ដែលទ្រង់លកលៃ | ដោយស្ម័គ្រស្មោះសរ |
| នឹងអប្រាហាំ | ជាបន្ទូលល្អ | សន្យាស្មោះសរ |
| | នឹងលោកអ៊ីសាក | ។ |
១០ | ទ្រង់បញ្ជាក់ន័យ | សម្ពន្ធមេត្រី | ឥតមានលៀមលាក់ |
| ទុកជាចំណង | សម្ពន្ធជាជាក់ | អស់កល្បឥតអាក់ |
| | នឹងអ៊ីស្រាអែល | ។ |
១១ | ទ្រង់មានបន្ទូល | ថានឹងប្រគល់ | ទុកជាតំណែល |
| គឺស្រុកកាណាន | ជាកេរក្រាស់ក្រែល | មរតកនេះដែល |
| | ដល់អ្នកគ្រប់ប្រាណ | ។ |
១២ | នៅក្នុងគ្រានោះ | ប្រជាស្រីប្រុស | តិចតួចរាប់បាន |
| ចូលមករស់នៅ | លើដីកាណាន | បានសុខក្សេមក្សាន្ត |
| | គ្មានភ័យព្រួយអ្វី | ។ |
១៣ | គេអាចចេញចរ | ពីស្រុកមួយត | ដល់ស្រុកទីទៃ |
| ចេញពីស្រុកមួយ | ទៅស្រុកផ្សេងក្តី | នោះក៏អាស្រ័យ |
| | នៅលើចិត្តចង់ | ។ |
១៤ | តែមិនអាចធ្វើ | ទៅតាមអំពើ | ដែលចិត្តខ្លួនប៉ង |
| ទ្រង់មិនបណ្តោយ | ឱ្យមនុស្សទាំងពួង | សង្កត់សង្កិន |
| | អ៊ីស្រាអែលថ្លៃ | ។ |
១៥ | ព្រះអង្គបន្ទោស | ស្តេចអស់ទាំងនោះ | ឱ្យចេះប្រណី |
| កុំប៉ះពាល់អ្នក | យើងអភិសេកថ្មី | កុំធ្វើបាបអី |
| | ព្យាការីនោះ | ។ |
១៦ | ទ្រង់ធ្វើឱ្យមាន | ទុរ្ភិក្សអត់ឃ្លាន | អ្នកស្រុករងគ្រោះ |
| កូនចៅគ្រប់កាយ | គ្មានអ្វីឆីសោះ | អ្នកភូមិស្រីប្រុស |
| | យំខ្វះអាហារ | ។ |
១៧ | តែទ្រង់ចាត់លោក | យ៉ូសែបឱ្យមក | ដើរមុខប្រជា |
| តែទាស់បងប្អូន | មានចិត្តលេលា | លក់លោកធ្វើជា |
| | ទាសករជាតិផ្សេង | ។ |
១៨ | គេធ្វើបាបគាត់ | ដាក់ខ្នោះវាយវាត់ | រំពាត់ខ្វាត់ខ្វែង |
| គេយកច្រវាក់ | ទាក់ ក គ្មានក្រែង | ខ្នោះដាក់ខ្វាត់ខ្វែង |
| | រឹបជើងខ្លួនប្រាណ | ។ |
១៩ | រហូតហេតុការណ៍ | កើតឡើងសព្វសារ | តាមពាក្យលោកបាន |
| ថ្លែងទុកជាយូរ | លុះព្រះម្ចាស់មាន | បន្ទូលថ្កើងថ្កាន |
| | ថាគាត់ស្លូតត្រង់ | ។ |
២០ | ស្តេចស្រុកអេស៊ីប | ឱ្យលែងយ៉ូសែប | ស្រាយទាំងចំណង |
| ដោះលែងឱ្យរួច | ទាំងម្ចាស់រាស្រ្តផង | ដ៏មានបំណង |
| | ដោះលែងលោកដែរ | ។ |
២១ | គ្រាបន្ទាប់មក | ស្តេចក៏តាំងលោក | ឱ្យត្រួតមើលថែ |
| រក្សារាជវាំង | នៅនែបនិត្យក្បែរ | រាជទ្រព្យហូរហែ |
| | ទាំងអស់ទៀតផង | ។ |
២២ | ស្តេចប្រទានឱ្យ | ត្រួតសព្វគ្រប់ហើយ | មន្ត្រីទាំងពួង |
| ឱ្យប្រៀនប្រដៅ | មិនឱ្យមានឆ្គង | ព្រឹទ្ធាចារ្យផង |
| | ឱ្យឆ្លាតវាងវៃ | ។ |
២៣ | ពេលនោះជនជាតិ | អ៊ីស្រាអែលជ្រៀត | រស់នៅលើដី |
| របស់អេស៊ីប | ពូជយ៉ាកុបថ្លៃ | រស់លើទឹកដី |
| | លោកអប្រាហាំ | ។ |
២៤ | ព្រះម្ចាស់ប្រទាន | ប្រជាឱ្យមាន | កើនឡើងរាល់ឆ្នាំ |
| ឱ្យមានកម្លាំង | ក្លាខ្លាំងសម្បើម | សត្រូវជ្រួលជ្រើម |
| | តទល់មិនបាន | ។ |
២៥ | ព្រះអង្គធ្វើឱ្យ | ពួកអេស៊ីបធ្លោយ | ផ្លាស់ប្តូរចិត្តប្រាណ |
| ស្អប់ខ្ពើមប្រជា | រាស្រ្តទាំងប៉ុន្មាន | បោកប្រាសបំភាន់ |
| | អ្នកបម្រើទ្រង់ | ។ |
២៦ | ព្រះអង្គបង្គាប់ | ម៉ូសេប្រញាប់ | មិននៅបង្អង់ |
| អរ៉ុនជាអ្នក | ដែលទ្រង់ជ្រើសតាំង | ឱ្យចេញតម្រង់ |
| | ទ្រង់បញ្ជាទៅ | ។ |
២៧ | លោកទាំងពីរនាក់ | សម្តែងបញ្ជាក់ | សំគាល់ត្រឹមត្រូវ |
| ឫទ្ធិបាដិហារិយ៍ | ផ្សេងៗទុកនៅ | ព្រះម្ចាស់តម្រូវ |
| | ក្នុងស្រុកអេស៊ីប | ។ |
២៨ | ព្រះម្ចាស់ធ្វើឱ្យ | អន្ធិកាកើតហើយ | ពាសពេញទាំងទ្វីប |
| បើទ្រង់បញ្ជា | ដោយមហទ្ធិឫទ្ធិ | គ្មាននរណាឃាត់ |
| | ជំទាស់បានឡើយ | ។ |
២៩ | ទ្រង់បានប្រែទឹក | ត្រីច្រើនសន្ធឹក | វិនាសអស់ហើយ |
| ទឹកក្លាយជាឈាម | គ្មានអ្វីរស់ឡើយ | រលេះរលួយ |
| | ខ្ទេចអស់គ្មានសល់ | ។ |
៣០ | មានទាំងកង្កែប | យំឮអូបអែប | ពាសពេញមណ្ឌល |
| ឡើងមកស្អេកស្កះ | រហូតទៅដល់ | ក្រឡានិមល |
| | ព្រះបន្ទំស្តេច | ។ |
៣១ | ពេលមានបន្ទូល | មានរុយមកមូល | ដូចមានទ្រនិច |
| មានពិសមានពុល | មូសក៏មិនតិច | ពាសពេញមិនដាច់ |
| | ក្នុងស្រុកភូមិគេ | ។ |
៣២ | ព្រឹលធ្លាក់ដូចភ្លៀង | រន្ទះបាញ់ផាំង | ឆេះមិនសល់ទេ |
| ព្រះអង្គធ្វើឱ្យ | អន្តរាយបែកបែរ | នោះដោយសារតែ |
| | ឫទ្ធីបារមី | ។ |
៣៣ | ទ្រង់បំផ្លាញទាំង | ចំការទំពាំង | បាយជូរខ្ញុកខ្ញី |
| ព្រមទាំងបំបាក់ | ដើមឈើស្រស់ខ្ចី | នៅលើទឹកដី |
| | ពួកគេខ្ទេចខ្ទី | ។ |
៣៤ | ពេលមានបន្ទូល | កណ្តូបមកមូល | ដង្កូវមកមីរ |
| ចេញមកពាសពេញ | សាសព្វទិសទី | កើតច្រើនវក់វី |
| | ស្មានមិនត្រូវអី | ។ |
៣៥ | ទៅស៊ីដំណាំ | ដែលអ្នកស្រុកដាំ | មិនថាទុំខ្ចី |
| បំផ្លាញបន្លែ | លើគោកក្នុងដី | មិនឱ្យមានអ្វី |
| | នៅសល់មួយទង | ។ |
៣៦ | ព្រះអម្ចាស់វាយ | សម្លាប់ឱ្យពាយ | អស់ទាំងកូនច្បង |
| ប៉ុន្មានក្នុងស្រុក | អេស៊ីបអឺងកង | កូនសមបំណង |
| | ស្រឡាញ់លើសគេ | ។ |
៣៧ | ទ្រង់នាំប្រជា | រូតរះម្នីម្នា | ញាប់ឥតទំនេរ |
| ប្រញាប់ជើងការ | យកមាសប្រាក់ព្រែ | កុលសម្ព័ន្ធគេ |
| | គ្មានអ្នកទន់ខ្សោយ | ។ |
៣៨ | ពួកនោះចេញទៅ | អេស៊ីបរស់នៅ | នាំគ្នាសប្បាយ |
| ព្រោះតែគេខ្លាច | ពួកនោះពេកក្រៃ | ពេលនេះលែងភ័យ |
| | ខ្លាចអ្វីទៀតទេ | ។ |
៣៩ | ព្រះអង្គបានដាក់ | ពពកបាំងពាក់ | គ្របលើពួកគេ |
| ហើយទ្រង់ប្រទាន | ដុំភ្លើងងាករេ | ជំនួសដួងខែ |
| | នៅពេលរាត្រី | ។ |
៤០ | គេសុំអាហារ | ព្រះអង្គបញ្ជា | សត្វក្រួចច្រើនក្រៃ |
| គឺទ្រង់ប្រទាន | ពីសួគ៌ាល័យ | លែងព្រួយលែងភ័យ |
| | បាឆីបរិបូណ៌ | ។ |
៤១ | ព្រះអង្គបំបែក | ថ្មដូចគេហែក | ឱ្យមានទឹកហូរ |
| ដូចជាទន្លេ | ទឹកមិនដាច់សូរ | រាស្រ្តបានសម្បូរ |
| | ទឹកមិនចេះអត់ | ។ |
៤២ | ព្រះអម្ចាស់នឹក | ចាំទាំងរឭក | បន្ទូលវិសុទ្ធ |
| សន្យានឹងលោក | អប្រាហាំពិត | បម្រើពិសិដ្ឋ |
| | ព្រះអង្គពេកពន់ | ។ |
៤៣ | ព្រះអង្គបានប្រោស | ប្រណីសន្តោស | ឱ្យប្រជាជន |
| ព្រះអង្គចេញទាំង | អំណរលើសលន់ | កញ្ជ្រៀវពេកពន់ |
| | សប្បាយគ្មានល្ហែ | ។ |
៤៤ | ព្រះអង្គយកដី | ជាតិនានាលៃ | ចែកឱ្យគេដែរ |
| និងឱ្យទទួល | ភោគផលផ្កាផ្លែ | ដែលជាតិខាងក្បែរ |
| | ទាំងនោះបានដាំ | ។ |
៤៥ | ទ្រង់ធ្វើដូច្នេះ | ឱ្យពួកគេចេះ | ប្រតិបត្តិតាម |
| ពាក្យប្រៀនប្រដៅ | ដែលទ្រង់បានផ្តាំ | សុខចិត្តធ្វើតាម |
| | ឥតមានរួញរា | ។ |