ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ទំនុកតម្កើងលេខ ៧៣ (៧២) បទពាក្យ ៧

ព្រះម្ចាស់ពិតជាមានព្រះទ័យសប្បុរសប្រពៃថ្លៃក្រៃក្រែល
ចំពោះជនជាតិអ៊ីស្រាអែលនិងអស់អ្នកដែលចិត្តបរិសុទ្ធ
ចំពោះខ្ញុំផ្ទាល់ហៀបភ្លាត់ជើងទប់ខ្លួនមិននឹងស្ទើរតែផុត
ចាប់អ្វីមិនជាប់ចង់របូតបើសិនខ្ញុំភ្លាត់ច្បាស់ជាដួល
ព្រោះខ្ញុំមានចិត្តច្រណែនខឹងពួកពាលអស់ហ្នឹងរស់សុខស្រួល
គេរីកចម្រើនកើនពាសវាលទោះរឿងធ្ងន់ស្រាលគ្មានទុក្ខា
គេរស់ដូចជាគ្មានភិតភ័យគ្មានកង្វល់អ្វីសោះឡើយណា
ក្នុងមួយជីវិតមិនវេទនាមានសាច់ឈាមថ្លាល្អម៉ត់ហ្មង
គេពុំដែលស្គាល់ទុក្ខលំបាកវេទនាតោកយ៉ាកដូចអ្នកផង
មិនដែលស្គាល់អត់ឃ្លានបានម្តងដូចអស់អ្នកផងដែលវេទនា
ពួកគេជាជនមានអំនួតចូលចិត្តអាងអួតខុសធម្មតា
អំពើឃោរឃៅកាចឫស្យាគេទុកដូចជាខោអាវពាក់
ពួកគេមានចិត្តសែនអាក្រក់វៀចវេរវីវក់អបលក្ខណ៍
មិនអាចបាំងបាត់ឬពួនលាក់គឺលេចច្បាស់ជាក់ដោយខ្លួនឯង
គេនាំគ្នាពោលសើចចំអកពាក្យសែនអាក្រក់មិនរអែង
គេពោលប្រកាសស្រែកក្តែងៗជិះជាន់គ្មានក្រែងអ្នកដទៃ
មាត់ពោលព្រហើនពាក្យផ្តេសផ្តាសប្រមាថព្រះម្ចាស់មិនដឹងអី
អណ្តាតទៀតសោតឥតសំចៃពេលគេហារស្តីឥតមានគិត
១០សូម្បីប្រជារាស្រ្តព្រះម្ចាស់ក៏វង្វេងប្រាសក្បត់ក្រមក្រឹត្យ
ចូលចិត្តស្តាប់ពាក្យដែលមិនពិតពួកពាលឧក្រិដ្ឋដូចផឹកទឹក
១១គេពោលមើលងាយព្រះជាម្ចាស់​ព្រះដ៏ខ្ពង់ខ្ពស់ទាំងយប់ព្រឹក
គេថាព្រះនោះកុំនៅនឹកព្រះនោះសំពឹកមិនដឹងអ្វី
១២នេះហើយជនពាលដៀលស្តីជេរគ្មានព្រួយអ្វីទេគ្មានភិតភ័យ
បានសុខជានិច្ចមិនខ្វល់អីចម្រើនឆាប់ក្រៃតរៀងទៅ
១៣ឯទូលបង្គំខំកាន់ចិត្តបរិសុទ្ធពេកពិតឥតអាស្រូវ
មិនប្រព្រឹត្តបាបសោកហ្មងសៅទោះជាធ្វើត្រូវក៏គ្មានផល
១៤ខ្ញុំមានទុក្ខព្រួយសែនសោយសោកទឹកភ្នែកស្រក់ជោគហូរដូចជល
រងទារុណកម្មទុក្ខកង្វល់ម្តេចទ្រង់មិនខ្វល់នឹងប្រណី
១៥ប្រសិនបើរូបទូលបង្គំព្រមស៊ុំគ្រលុំមនុស្សអប្រីយ៍
នោះដូចក្បត់បងប្អូនប្រុសស្រីបុត្រធីតាថ្លៃទ្រង់មិនខាន
១៦រាល់ខែរាល់ថ្ងៃខ្ញុំសញ្ជឹងរំពឹងចង់ដឹងហេតុដើមដាន
ពីបញ្ហានេះមិនដែលខានតែយល់មិនបានពិបាកហួស
១៧ទាល់តែដល់ទីសក្ការៈទើបបានយល់ជាក់ដឹងទាំងអស់
ថាចុងបញ្ចប់ពួកគេនោះនឹងរងទុក្ខទោសរបៀបណា
១៨តាមពិតព្រះអង្គដាក់គេនៅទីជម្រាលជ្រៅគួររអា
ព្រះអង្គឱ្យគេធ្លាក់អាត្មាក្នុងជ្រោះអន្ធិកា មហន្តរាយ
១៩ក្នុងពេលតែមួយប៉ព្រិចភ្នែកពួកគេបាក់បែកសែនសោកស្តាយ
ជួបតែវិនាសប្រាសអន្តរាយសាបសូន្យរលាយគួររន្ធត់
២០បពិត្រព្រះម្ចាស់សូមតើនឡើងកុំនៅឆ្មៃឆ្មើងជួយកម្ចាត់
កម្ចាយពួកគេឱ្យខ្ទាតបាត់រលាយរលត់ដូចយល់សប្តិ
២១ពេលខ្ញុំឆ្អែតចិត្តឈឺចុកចាប់អារម្មណ៍អួអាប់ដូចមិនស្ងប់
ខ្ញុំដូចតិរច្ឆានគេចោមស្អប់នៅចំពោះភក្ត្រព្រះជាម្ចាស់
២២តែខ្ញុំរស់នៅជាមួយព្រះគ្មានខ្វល់អ្វីសោះភ្លឺស្រឡះ
ទ្រង់កាន់ដៃខ្ញុំមិនរបេះខ្ញុំមិនភ័យសោះអស់សៅហ្មង
២៣ព្រះអង្គដឹកនាំទូលបង្គំឱ្យដើរតាមព្រមព្រះទ័យទ្រង់
នៅចុងបញ្ចប់នោះព្រះអង្គយកខ្ញុំផ្ចិតផ្ចង់នៅជាមួយ
២៤ឯស្ថានបរមសុខខ្ញុំគ្មានពឹងព្រះក្រៅពីហ្នឹងទេព្រះអើយ
មានតែព្រះមួយអង្គនេះហើយបានសុខឥតស្បើយគ្មានទុក្ខា
បើលើផែនដីព្រះគង់ជិតនោះខ្ញុំមិនភិតភ័យឡើយណា
មិនចង់បានអ្វីសព្វប្រការអរឥតឧបមាគ្មានព្រួយភ័យ
២៥ចិត្តគំនិតកាយចេះតែខ្សោយមិនដែលល្ហែល្ហើយទេព្រះអើយ
ប៉ុន្តែព្រះម្ចាស់មិនកន្តើយព្រះអង្គនោះហើយជាបង្អែក
២៦ឯអ្នកដែលងាកចេញចាកឆ្ងាយនឹងត្រូវអន្តរាយខ្លាំងអនេក
អ្នកដែលក្បត់ទ្រង់នឹងសង្វេគស្រណោះខ្លួនពេកស្ទើរក្សិណក្ស័យ
២៧រីទូលបង្គំមានមង្គលឥតមានអំពល់ឥតព្រួយភ័យ
ពេលណានៅជិតព្រះម្ចាស់ថ្លៃនោះសព្វអ្វីៗស្រស់ផូរផង់
បពិត្រព្រះម្ចាស់សូមមេត្តាជីវិតជីវ៉ាផ្ញើព្រះអង្គ
ទូលបង្គំសូមប្រកាសផងស្នាព្រះហស្តទ្រង់ដ៏អស្ចារ្យ