ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ទំនុកតម្កើងលេខ ១៩ (១៨) បទកាកគតិ

ផ្ទៃមេឃថ្លាថ្លែងរុងរឿងស្ញប់ស្ញែងរបស់ព្រះម្ចាស់
អាកាសវេហាស៍ក៏បានប្រកាសពីស្នាព្រះហស្ត
របស់ព្រះអង្គ
ថ្ងៃមួយពោលប្រាប់ថ្ងៃមួយទៀតស្តាប់មិននៅរេរង់
យប់មួយទៀតប្រាប់យប់ផ្សេងឱ្យដឹងអំពីដំណឹង
ល្បីល្បាញអស្ចារ្យ
មិនប្រើសម្តីមិនចារសេចក្តីឬប្រើភាសា
ហើយក៏មិនចេញសូរស័ព្ទវាចាបន្តិចឡើយណា
ឱ្យគេដឹងឮ
ដំណឹងទាំងនោះឮឆ្ងាយសាយសុះពេញពាសរន្ទឺ
លើភពផែនដីទីងងឹតភ្លឺលាន់ល្បីរន្ទឺ
គ្មានសល់ចន្លោះ
ព្រះអាទិត្យរះផ្តល់ពន្លឺច្បាស់ដូចកូនកំលោះ
ចេញមកក្រាបផ្ទឹមសែនសង្ហាស្រស់ដូចវីរបុរស
ដ៏ខ្លាំងពូកែ
ព្រះអាទិត្យក៏យាត្រាបន្តមិននៅអង់អែ
ពីជើងមេឃម្ខាងទៅម្ខាងទៀតដែរគ្មានអ្វីបំបែរ
កម្តៅនោះបាន
ព្រះធម្មវិន័យល្អល្អះប្រពៃប្រសើរថ្កើងថ្កាន
ផ្តល់កម្លាំងចិត្តឥតមានស្រាកស្រាន្តអ្នកល្ងង់ប្រែប្រាណ
ជាមានប្រាជ្ញា
បញ្ជារបស់ព្រះម្ចាស់ទាំងអស់ត្រឹមត្រូវសត្យា
ឱ្យចិត្តអំណរសប្បាយក្រៃណាបំភ្លឺចិន្តា
ថ្លៃថ្លាត្រចង់
១០ការគោរពកោតព្រះអម្ចាស់សោត​​វិសេសយល់យង់
ស្ថិតស្ថេចិរកាលតទៅគង់វង្សការវិនិច្ឆ័យទ្រង់
ក៏ត្រង់ត្រឹមត្រូវ
១១គួរឱ្យប្រាថ្នាចង់បានណាស់ណាជាងមាសឆ្អិនឆ្អៅ
ផ្អែមជាងទឹកឃ្មុំខែចែត្រខែក្តៅហូរជោរចេញទៅ
ចាកពីបង្គង
១២ព្រះធម្មវិន័យបំពេញសេចក្តីខ្ញុំភ្លឺឥតហ្មង
ខ្ញុំអ្នកបម្រើរបស់ព្រះអង្គធ្វើតាមគ្មានឆ្គង
បានផលប្រណីត
១៣គ្មាននរណាម្នាក់ឃើញកំហុសជាក់ដែលខ្លួនប្រព្រឹត្ត
ដោយអចេតនាមិនបានរិះគិតសូមទ្រង់អាណិត
លើកលែងទោសា
១៤សូមការពារខ្ញុំឱ្យរួចទុក្ខធំអំនួតឫស្យា
សូមកុំឱ្យចិត្តអួតអាងអាត្មាសោយរាជ្យត្រួតត្រា
លើទូលបង្គំ
១៥ទ្រង់ជាថ្មដាជាព្រះរក្សាការពាររូបខ្ញុំ
សូមប្រោសប្រណីតាមពាក្យទូលសុំសេចក្តីនៃខ្ញុំ
ចំពោះព្រះអង្គ