ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ទំនុកតម្កើងលេខ ១២៩ (១២៨) បទព្រហ្មគីតិ

គេតែងធ្វើបាបខ្ញុំជាដរាបតាំងពីក្មេងខ្ចី
ឱ្យអ៊ីស្រាអែលទាំងប្រុសទាំងស្រីស្រែកពោលស្រដី
តាមដូច្នេះថា៖
«គេធ្វើបាបខ្ញុំដូចចងគំនុំតាំងពីកុមារ
គេចង់សម្លាប់ចាក់កាប់ប្រហារតែទោះយ៉ាងណា
ក៏មិនឈ្នះខ្ញុំ
គេភ្ជួរគេរាស់គេដាំគេដុះធ្វើគន្លងធំ
គេភ្ជួរលើខ្នងដូចភ្ជួរដីភូមិលើសាច់ឈាមខ្ញុំ
ឱ្យឈឺគ្រាំគ្រា
ប៉ុន្តែព្រះម្ចាស់ទ្រង់សប្បុរសណាស់ដល់យើងគ្រប់គ្នា
ទ្រង់ស្រាយចំណងពួកជនពាលចេញពីអង្គា
ខ្ញុំសុខសាន្តណាស់
សូមឱ្យអស់ជនស្អប់ក្រុងស៊ីយ៉ូនជួបក្តីអាម៉ាស់
និងដកខ្លួនថយចេញឆ្ងាយស្រឡះវិនាសព្រាត់ប្រាស
កុំបីសល់នៅ
សូមឱ្យពួកគេកុំបីល្ហើយល្ហែដូចជាដើមស្មៅ
លើដំបូលផ្ទះហើយត្រូវកម្តៅស្ងួតក្រៀមស្វិតទៅ
មុនពេលលាស់ខ្ចី
សូម្បីតែគេច្រូតស្មៅនោះដែរក៏មិនពេញដៃ
មិនល្មមសម្រាប់ចងកណ្តាប់អីព្រោះស្មៅក្សិណក្ស័យ
អស់ន័យខ្លឹមសារ
សូមកុំឱ្យអស់អ្នកដើរតាមនោះពោលទៅគេថា
«សូមព្រះអម្ចាស់ប្រទានជ័យាដល់អ្នករាល់គ្នា»
តទៅទៀតឡើយ