ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ទំនុកតម្កើងលេខ ៧២ (៧១) បទកាកគតិ

ព្រះជាម្ចាស់អើយសូមប្រទានឱ្យរាជបុត្រនេះចេះ
វិនិច្ឆ័យក្តីតាមព្រះតម្រិះសុចរិតវិសេស
របស់ព្រះអង្គ
សូមឱ្យរាជាគ្រប់គ្រងគ្រប់គ្នាប្រជារាស្រ្តទ្រង់
ដោយយុត្តិធម៌សុចរិតផូរផង់វិសេសឥតហ្មង
ត្រឹមត្រូវតាមច្បាប់
សូមឱ្យអស់ភ្នំទាំងតូចទាំងធំផ្តល់ផលគួរគាប់
សម្បូរសប្បាយឱ្យបានសព្វគ្រប់នាំមកស្រោចស្រព
ក្តីសុចរិតផង
សូមរាជារកយុត្តិធម៌មកកុំបីមានហ្មង
ដល់ជនក្រីក្រកម្សត់ទាំងពួងហើយកម្ទេចផង
អ្នកដែលជិះជាន់
បើព្រះអាទិត្យនៅតែរះពិតព្រមទាំងព្រះច័ន្ទ
នៅតែបញ្ចេញរស្មីស្រទន់សូមទ្រង់មានជន្ម
យឺនយូរប្រពៃ
សូមផ្តល់ព្រះពរសិរីបវរដល់រាស្រ្តប្រុសស្រី
ដូចជាភ្លៀងធ្លាក់មកលើផែនដីត្រជាក់ឥតបី
គ្មានសល់ចន្លោះ
សូមឱ្យសេចក្តីសុចរិតថ្លាថ្លៃចម្រើនខ្ពង់ខ្ពស់
នៅក្នុងរជ្ជកាលរាជាអង្គនោះកុំបីមានទាស់
សុខសាន្តតទៅ
សូមព្រះរាជាគ្រប់គ្រងកុំរាកុំឱ្យហ្មងសៅ
ពីសមុទ្រមួយមិនបង្អង់នៅរហូតដល់ទៅ
ស្រុកដាច់ស្រយាល
ប្រជាដែលរស់តាមវាលទាំងនោះនឹងត្រេកត្រអាល
ក្រាបថ្វាយបង្គំគ្រប់សម័យកាលសត្រូវជ្រួលច្រាល់
វិនាសអាសារ
១០អស់ស្តេចទាំងឡាយនឹងយកតង្វាយមកថ្វាយករុណា
ឥតមានខកខានមួយវេលាណាទាំងកោះនានា
យកមកទាំងអស់
១១ស្តេចទាំងប៉ុន្មានឥតមានខកខានចូលរួមដោយស្មោះ
ក្រាបថ្វាយបង្គំរាជាទាំងអស់ប្រជាទាំងនោះ
បម្រើករុណា
១២ទ្រង់នឹងរំដោះអ្នកក្រទាំងអស់ដោយធម៌មេត្តា
អ្នកទុរគតស្រែកសុំក្តីករុណាព្រះអង្គរក្សា
អ្នកគ្មានទីពឹង
១៣ទ្រង់សែនអាណិតអាសូរពេកពិតអ្នកអត់លំនឹង
និងជនកម្សត់គ្មានអ្វីរំពឹងព្រះអម្ចាស់នឹង
សង្គ្រោះជិវិត
១៤ទ្រង់នឹងរំដោះពួកគេឱ្យរស់ពីពួកឧក្រិដ្ឋ
ជនកាចសាហាវពាលាទុច្ចរិតព្រោះតែជីវិត
ថ្លៃថ្លាក្រៃលែង
១៥សូមឱ្យរាជាមានព្រះជន្មាយឺនយូរអង្វែង
គេនឹងយកមាសមកថ្វាយទ្រង់ផងអង្វរព្រះអង្គ
ឥតមានឈប់ឈរ
១៦សូមឱ្យក្នុងស្រុកស្រូវពេញជង្រុកផ្តល់ភោគផលល្អ
តាមកំពូលភ្នំក៏ឱ្យសម្បូរប្រជាកុះករ
កើនឡើងដូចស្មៅ
១៧សូមឱ្យរាជាមានព្រះនាមាល្បីល្បាញតទៅ
នាមព្រះករុណាស្ថិតស្ថេរគង់នៅដរាបរៀងទៅ
លើដីក្រោមមេឃ
១៨សូមលើកតម្កើងព្រះអង្គខ្ពស់ឡើងឥតមានអល់អែក
ព្រះអ៊ីស្រាអែលល្អល្អះអនេកការអស្ចារ្យពេក
ដែលទ្រង់សម្តែង
១៩សូមលើកតម្កើងព្រះនាមថ្កុំថ្កើងព្រះអង្គគួរស្ញែង
សូមឱ្យផែនដីទាំងមូលកោតក្រែងសិរីចាំងចែង
របស់ព្រះអង្គ