១ | សូមលើកតម្កើងព្រះអម្ចាស់ | ប្រសើរពេកណាស់ព្រះទ័យថ្លៃ | |
| សប្បុរសករុណាត្រាប្រណី | ស្ថិតស្ថេររាល់ថ្ងៃរហូតទៅ | ។ |
២ | សូមឱ្យប្រជាទ្រង់ប្រកាស | សម្តែងចេញច្បាស់កុំទុកនៅ | |
| ព្រះទ័យមេត្តាដ៏ត្រឹមត្រូវ | ស្ថិតស្ថេរគង់នៅដូចថ្ងៃរះ | ។ |
៣ | ឱ្យអស់ពូជពង្សលោកអរ៉ុន | កុំនៅទំរន់ស្រែកឱ្យច្បាស់ | |
| ប្រកាសព្រះទ័យករុណាព្រះ | ស្ថិតនៅយ៉ាងច្បាស់គ្រប់កន្លែង | ។ |
៤ | អស់អ្នកគោរពកោតខ្លាចព្រះ | ក៏ត្រូវប្រកាសឱ្យក្តែងៗ | |
| ដូចអ៊ីស្រាអែលកុំបីក្រែង | ហឫទ័យស្ញប់ស្ញែងនៅស្ថិតស្ថេរ | ។ |
៥ | ពេលខ្ញុំមានទុក្ខតប់ប្រមល់ | ខ្ញុំអង្វរដល់ព្រះឥតប្រែ | |
| ព្រះម្ចាស់ក៏តបមកវិញដែរ | ទ្រង់ថ្នមបំពេរខ្ញុំបានសុខ | ។ |
៦ | ព្រះអម្ចាស់គង់កាន់ខាងខ្ញុំ | ទុក្ខភ័យតូចធំចេញពីមុខ | |
| លែងព្រួយលែងខ្លាចលែងកើតទុក្ខ | តើមនុស្សលោកធ្វើអ្វីបាន ? | ។ |
៧ | ព្រះអង្គម្ចាស់គង់នៅជាមួយ | ទ្រង់ការពារជួយខ្ញុំសុខសាន្ត | |
| ឃើញអ្នកប្រឆាំងទាំងប៉ុន្មាន | រត់ប្រាសចាកស្ថានដូចចិត្តប៉ង | ។ |
៨ | ខ្ញុំសង្ឃឹមជ្រកនិងពឹងពាក់ | មានជំនឿជាក់និងបំណង | |
| លើព្រះអម្ចាស់ពេកកន្លង | ជាងពឹងផ្អែកផងជនក្បាលខ្មៅ | ។ |
៩ | ខ្ញុំសង្ឃឹមជ្រកនិងពាក់ពឹង | មានជំនឿរឹងមាំទាំទៅ | |
| លើព្រះអម្ចាស់ទើបត្រឹមត្រូវ | ជាងយើងពឹងទៅលើអ្នកធំ | ។ |
១០ | ជនជាតិដទៃអ្នកប្រឆាំង | បានឡោមព័ទ្ធពាំងលើរូបខ្ញុំ | |
| តែដោយព្រះម្ចាស់អំណាចធំ | ជួយប្រយុទ្ធខ្ញុំបានឈ្នះគេ | ។ |
១១ | គេបានរោមជិតរឹតឡោមព័ទ្ធ | ចង់ចូលសង្កត់ឱ្យខ្ញុំប្រែ | |
| តែដោយព្រះអម្ចាស់មើលថែ | ជួយប្រយុទ្ធដែរខ្ញុំមានជ័យ | ។ |
១២ | វាមកឡោមព័ទ្ធខ្ញុំជិតជុំ | ដូចជាហ្វូងឃ្មុំច្រើនដាសដី | |
| តែវាត្រូវឆេះដូចភ្លើងព្រៃ | ខ្ទេចខ្ទីម៉ត់ខៃដោយនាមព្រះ | ។ |
១៣ | ខ្មាំងបានច្រានផ្តួលខ្ញុំយ៉ាងខ្លាំង | ខ្ញុំដួលស្លេកស្លាំងប្រឹងសំពះ | |
| រកឱ្យព្រះជួយឆាប់រហ័ស | ពេលនោះព្រះម្ចាស់ទ្រង់យាងមក | ។ |
១៤ | ព្រះម្ចាស់ពិតជាកម្លាំងខ្ញុំ | ខ្ញុំស្រែកខ្ញុំយំប្រឹងស្រែករក | |
| មានព្រះនាមព្រះផុតទុក្ខសោក | ព្រះអង្គចេញមកច្បាំងការពារ | ។ |
១៥ | មនុស្សសុចរិតចិត្តអង់អាច | មិនចេះកោតខ្លាចស្រែកគ្រប់គ្នា | |
| ច្រៀងថ្វាយព្រះអង្គមានឫទ្ធា | សម្តែងតេជាអានុភាព | ។ |
១៦ | ព្រះអង្គសម្តែងបារមីខ្ពស់ | ប្រសើរលើសលស់មិនទន់ទាប | |
| ព្រះអង្គបង្ហាញឱ្យគេជ្រាប | ឫទ្ធានុភាពអស្ចារ្យក្រៃ | ។ |
១៧ | ខ្ញុំត្រូវនៅរស់មានជីវិត | មិនត្រូវស្លាប់ផុតចាកលោកីយ៍ | |
| ដើម្បីរៀបរាប់ពីសេចក្តី | ស្នាព្រះហស្តថ្លៃព្រះអម្ចាស់ | ។ |
១៨ | ព្រះអង្គវាយប្រដៅអប់រំ | ទះតប់រូបខ្ញុំប្រាកដណាស់ | |
| តែទ្រង់ស្រឡាញ់មិនឱ្យប្រាស | មិនឱ្យមានគ្រោះឬត្រូវស្លាប់ | ។ |
១៩ | ចូរនាំគ្នាបើកទ្វារឱ្យមនុស្ស | សុចរិតស្រីប្រុសមកប្រញាប់ | |
| ខ្ញុំនឹងចូលទៅឱ្យបានឆាប់ | នឹងថ្លែងរៀបរាប់អរគុណទ្រង់ | ។ |
២០ | ទ្វារនេះជាទ្វារព្រះអម្ចាស់ | សូមជនស្រីប្រុសដើរតម្រង់ | |
| អ្នកសុចរិតអើយកុំបង្អង់ | ទ្វារបើកបម្រុងនៅចាំអ្នក | ។ |
២១ | ខ្ញុំនឹងតម្កើងព្រះអម្ចាស់ | ដ្បិតព្រះអង្គត្រាស់ដោយច្បាស់ជាក់ | |
| តបឆ្លើយមកខ្ញុំពាក្យរាក់ទាក់ | ថែមទាំងថ្នមថ្នាក់ខ្ញុំដិតដល់ | ។ |
២២ | ថ្មដែលជាងផ្ទះចោលខ្ទេចខ្ទាំ | ប្រែជារឹងមាំបែរជាកល់ | |
| ជើងសសរផ្ទះមាំឥតខ្វល់ | ល្បីល្បាញឮដល់សព្វជាតិសាសន៍ | ។ |
២៣ | ព្រះអង្គសម្រេចការអស្ចារ្យ | ដោយឫទ្ធិថ្លៃថ្លានៃអម្ចាស់ | |
| អស្ចារ្យពេកក្រៃយើងឃើញច្បាស់ | គួរស្ញប់ស្ញែងណាស់គួរគោរព | ។ |
២៤ | ថ្ងៃនេះជាថ្ងៃដែលព្រះម្ចាស់ | កំណត់ទុកច្បាស់ឱ្យយើងឈប់ | |
| នាំគ្នាសប្បាយកុំនៅជ្រប់ | ខេត្តស្រុកភូមិគ្រប់អរទាំងអស់ | ។ |
២៥ | ឱ! ព្រះអម្ចាស់សូមសង្គ្រោះ | ឱ្យខ្ញុំល្បីឈ្មោះមានសម្រស់ | |
| មានជោគមានជ័យខ្លាំងឥតខ្ចោះ | យើងនឹកអាឡោះអាល័យណាស់ | ។ |
២៦ | យើងសូមតម្កើងលើកព្រះអង្គ | ដែលយាងមកក្នុងនាមព្រះម្ចាស់ | |
| យើងដែលស្ថិតក្នុងដំណាក់ព្រះ | សូមពរតេជះល្អប្រពៃ | ។ |
២៧ | ព្រះអម្ចាស់បានបំភ្លឺយើង | ភ្លឺផ្លេកច្បាស់ឡើងដូចពេលថ្ងៃ | |
| ធាងទន្សែយើងកាន់នៅដៃ | ហែក្បួនវែងក្រៃដល់អាសនៈ | ។ |
២៨ | ព្រះអង្គជាព្រះទូលបង្គំ | ផ្តល់ក្តីសុខុមឥតមានអាក់ | |
| ខ្ញុំសូមតម្កើងដោយស្មោះស្ម័គ្រ | ដោយការជឿជាក់អស់ពីចិត្ត | ។ |
២៩ | ចូរលើកតម្កើងព្រះអម្ចាស់ | ដ្បិតទ្រង់មានព្រះទ័យអាណិត | |
| សប្បុរសករុណាត្រង់សុចរិត | អស់កល្បស្ថេរស្ថិតរហូតទៅ | ។ |