ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ទំនុកតម្កើងលេខ ៥៣ (៥២) បទពាក្យ ៧

ពួកមនុស្សលេលានាំគ្នាគិតថាតាមការពិតគ្មានព្រះទេ
គេខំប្រព្រឹត្តមិនកែប្រែរឿងថោកមិនកែគួរអាម៉ាស់
ព្រះម្ចាស់ទតពីស្ថានលើមកឃើញមនុស្សលោកមីរដេរដាស
ក្រែងលោមានម្នាក់វាងវៃឈ្លាសរវៃរវាសរកព្រះអង្គ
ពួកគេវង្វេងទាំងអស់គ្នាជាមនុស្សពាលាកាចយង់ឃ្នង
រកអ្នកដែលមានចិត្តទៀងត្រង់សូម្បីម្នាក់ផងក៏មិនបាន
តើអ្នកដែលចូលចិត្តប្រព្រឹត្តអំពើទុច្ចរិតទាំងប៉ុន្មាន
សុទ្ធតែល្ងង់ល្ងិតខ្វះវិញ្ញាណទើបពួកគេហ៊ានធ្វើច្នោះឬ ?
ជីវិតគេរស់ព្រោះកិបគៃលើរាស្ត្ររាល់ថ្ងៃទាំងបញ្ឈឺ
គេធ្វើមិនដឹងធ្វើមិនឮមិនដែលព្រួយព្រឺស្រែករកព្រះ
ទោះបីជាគ្មានមូលហេតុអ្វីគួរឱ្យភិតភ័យទាល់តែសោះ
ក៏ពួកគេភ័យស្លន់ទាំងអស់គ្មានដឹងអីសោះជាន់ជើងគ្នា
ដ្បិតព្រះជាម្ចាស់ធ្វើឱ្យខ្មាំងដែលធ្លាប់ប្រឆាំងនឹងប្រជា
ស្លាប់ខ្លួនចោលឆ្អឹងគ្រប់ៗគ្នាដោយសារឫទ្ធាព្រះខ្ពង់ខ្ពស់
សូមព្រះអង្គគង់ក្នុងបុរីស៊ីយ៉ូនប្រិមប្រីយ៍ជួយសង្គ្រោះ
ជនជាតិអ៊ីស្រាអែលទាំងនោះឱ្យវិលមករស់ក្នុងស្រុកវិញ
ពូជលោកយ៉ាកុបអរសប្បាយសំណើចក្អាកក្អាយឥតទោម្នេញ
ឯពូជលោកអ៊ីស្រាអែលវិញអំណរពោរពេញដ៏លើសលប់