ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ទំនុកតម្កើងលេខ ៩៤ (៩៣) បទព្រហ្មគីតិ

បពិត្រព្រះអម្ចាស់ទ្រង់តែងប្រោសរកយុត្តិធម៌
ព្រះនាមល្បីខ្ទារខ្ទ័រដោយចេស្តាឫទ្ធិបារមី
ព្រះដែលជាចៅក្រមដ៏ឧត្តមលើផែនដី
តើនឡើងដាក់ទោសពៃរ៍មនុស្សអប្រីយ៍តាមអំពើ
ឱព្រះអម្ចាស់អើយតើទុកឱ្យមនុស្សល្ងីល្ងើ
អាក្រក់មានជ័យលើតាមអំពើដល់ពេលណា
គេពោលពាក្យក្អេងក្អាងអួតបំប៉ោងឫកសង្ហា
ចូលចិត្តពាក្យមុសានាំអាត្មាធ្វើទុច្ចរិត
បពិត្រព្រះជាម្ចាស់ពួកគេជិះជាន់សង្កត់
ប្រជាជនសុចរិតទឹកដីពិតជាអន្តរាយ
ពួកវាកាប់សម្លាប់ដោយសំអប់ស្រីមេម៉ាយ
អន្តោប្រវេសន៍ក្ស័យហើយប្រល័យក្មេងកំព្រា
គេថាព្រះអម្ចាស់ទតមិនច្បាស់មិនបានការ
ព្រះយ៉ាកុបនេះណាមិនបានការមិនយល់អ្វី
មនុស្សល្ងីល្ងើអើយអ្នកនេះហើយប្រាជ្ញាខ្លី
ចិត្តខ្មៅជួអប្រីយ៍មិនដឹងអីមិនចេះគិត
ព្រះអង្គបង្កើតភ្នែកឱ្យក្រឡេកមើលឆ្ងាយជិត
តើទ្រង់មិនចេះគិតមិនចេះទតអ្វីទេឬ ?
ឯត្រចៀកមនុស្សទាំងស្រីប្រុសឱ្យស្តាប់ឮ
ព្រះអង្គធ្វើបញ្ឈឺឬមិនចេះស្តាប់សំឡេង
១០ព្រះអង្គវាយប្រដៅមនុស្សល្ងង់ខ្លៅឱ្យចេះដឹង
ម្តេចក៏ទ្រង់មិនខឹងមិនរំពឹងដាក់ទោសអី ?
១១ទ្រង់ជ្រាបគំនិតអស់របស់មនុស្សលើលោកីយ៍
គំនិតពួកគេខ្លីមិនដឹងអីមនុស្សខ្លៅ
១២បពិត្រព្រះអម្ចាស់អ្នកដែលព្រះបង្ហាញផ្លូវ
អប់រំប្រៀនប្រដៅអ្នកនោះត្រូវមានមង្គល
១៣នៅថ្ងៃមានអាសន្នទ្រង់បន្ទន់គេលែងខ្វល់
មានរណ្តៅនៅសល់ទុកតម្កល់កប់ជនពាល
១៤ដ្បិតទ្រង់មិនបង់បោះប្រជារាស្រ្តឱ្យគេដៀល
ព្រះអង្គក៏មិនចោលចំណែកផ្ទាល់មរតកទ្រង់
១៥ចៅក្រមនឹងកាត់ក្តីដោយប្រពៃមិនបង្អង់
អ្នកដែលមានចិត្តត្រង់តាមគន្លងយុត្តិធម៌
១៦តើមាននរណានឹងហ៊ានប្រឆាំងពួកមិនល្អ
នរណាដែលហ៊ានឈរប្រឆាំង ត ពួកអប្រិយ៍
១៧ប្រសិនបើព្រះម្ចាស់មិនសង្គ្រោះខ្ញុំភិតភ័យ
ច្បាស់ជាត្រូវក្សិណក្ស័យវិនាសឆ្ងាយជាមិនខាន
១៨ពេលខ្ញុំពោលថាអស់កម្លាំងខ្សោះជិតដួលប្រាណ
ព្រះអង្គទ្រខ្ញុំបានមិនខកខានព្រះទ័យស្មោះ
១៩ពេលណាមានកង្វល់ទុក្ខខ្វាយខ្វល់រាប់មិនអស់
ព្រះអង្កទ្រង់សន្តោសប្រោសខ្ញុំរស់អរសប្បាយ
២០តើទ្រង់មានជំពាក់ទៅស្មោះស្ម័គ្រមនុស្សព្រៃផ្សៃ
យកយុត្តិធម៌ក្រឡៃឬកែឆ្នៃទាំងច្បាប់ក្បួន
២១ពួកគេព្រួតព្យាបាទពួកសុចរិតមិនសមសួន
ប្រហារប្រជាជនដាក់ទោសទណ្ឌទាំងបង្ខំ
២២ទ្រង់គឺជាកំពែងមាំហំហែងការពារខ្ញុំ
ព្រះអង្គជាថ្មដុំសម្រាប់ខ្ញុំចូលពួនជ្រក
២៣ព្រះអង្គសងតប តមិនឈប់ឈររៀបរៀងមក
តាមអំពើស្មោគគ្រោកល្បិចគរគោកខ្លួនគេផ្ទាល់
ទ្រង់ឱ្យគេវិនាសបាត់សូន្យឈ្មោះគ្មានគេស្គាល់
ព្រះជាម្ចាស់បានផ្តល់តាមហេតុផលគេប្រព្រឹត្ត