ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ទំនុកតម្កើងលេខ ១៤១ (១៤០) បទកាកគតិ

ឱព្រះអម្ចាស់ខ្ញុំសូមប្រកាសទូលពាក្យអង្វរ
សូមផ្ទៀងព្រះកាណ៌ស្តាប់ស្នូរថ្ងួចថ្ងូរកុំ​​បង្អង់យូរ
យាងមកជួយខ្ញុំ
សូមឱ្យវាចាអធិដ្ឋានគ្រប់គ្រានៃទូលបង្គំ
បានឡើងទៅដល់ព្រះម្ចាស់ឧត្តមដូចផ្សែងហុយងំ
ពីគ្រឿងក្រអូប
រូបខ្ញុំលើកដៃអធិដ្ឋានរាល់ថ្ងៃដូចតង្វាយគាប់
ថ្វាយនៅពេលល្ងាចក្រអូបឈ្ងុយឈ្ងប់ជះក្លិនសាយសព្វ
ទៅគ្រប់ទិសា
ឱ! ព្រះអម្ចាស់សូមមេត្តាខ្ទាស់មាត់ខ្ញុំផងណា
កុំឱ្យនិយាយពាក្យដែលមុសាពោលមិនបានការ
ជាពាក្យអាក្រក់
សូមកុំបណ្តោយកាយចិត្តខ្ញុំឱ្យធ្វើរឿងគម្រក់
ដែលមិនគប្បីកុំទៅស្មោះស្ម័គ្រជប់លៀងព័ទ្ធពាក់
ពួកអ្នកទុច្ចរិត
បើអ្នកជាល្អសុចរិតយុត្តិធម៌ប្រដៅដោយចិត្ត
ស្មោះត្រង់ស្រឡាញ់ពោរពេញអាណិតខ្ញុំមិនបាច់គិត
ការល្អសមរម្យ
កុំឱ្យទឹកអប់ពួកពាលហូរសព្វស្រោចលើក្បាលខ្ញុំ
ខ្ញុំខំស្រែករកព្រះម្ចាស់ឧត្តមជួយទូលបង្គំ
ប្រឆាំងពួកពាល
មេដឹកនាំនោះត្រូវគេច្រានចុះទៅក្នុងជំរាល
តាមក្រហែងថ្មបច្ចាមិត្តយល់ច្បាស់អស់គ្មានសល់
ពាក្យខ្ញុំស្តីថា ៖
« ដូចដីដែលប្រេះរលួយរលេះពីគ្នាយ៉ាងណា
ឱ្យស្ថានអ្នកស្លាប់បើកចំហទ្វារលេបឆ្អឹងពួកវា
ដែលនៅរាយប៉ាយ »
បពិត្រព្រះម្ចាស់ខ្ញុំខំប្រឹងណាស់សម្លឹងទៅឆ្ងាយ
រកព្រះជានិច្ចផ្ញើជីវិតកាយសូមកុំបណ្តោយ
ឱ្យខ្ញុំបាត់បង់
សូមជួយការពាររូបខ្ញុំគ្រប់គ្រាពីគ្រោះទាំងពួង
ដែលគេលបដាក់អន្ទាក់ខ្ញុំផងកុំឱ្យខ្ញុំលង់
ក្នុងដៃទុច្ចរិត
១០តែសូមឱ្យគេជាប់កុំគេចកែអន្ទាក់នោះពិត
ដែលគេចង់ដាក់រូបខ្ញុំរួមរិតឱ្យពួកគេស្ថិត
ជាប់ខ្លួនឯងវិញ
ឯទូលបង្គំរួចផុតទុក្ខធំឥតមានទោម្នេញ
ផុតពីច្រវាក់គេចាក់គេដេញរួចស្រឡះវិញ
ឥតមានព្រួយភ័យ