ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ទំនុកតម្កើងលេខ ១២០ (១១៩) បទព្រហ្មគីតិ

ពេលខ្ញុំមានអាសន្នភ័យស្លោស្លន់ខ្ញុំហៅរក
ព្រះម្ចាស់ឱ្យយាងមកទ្រង់ឆ្លើយរកតបនឹងខ្ញុំ
ឱព្រះអម្ចាស់អើយកុំកន្តើយគង់សំងំ
រំដោះផុតទុក្ខធំកុំឱ្យខ្ញុំជួបបោកប្រាស
អ្នកនិយាយមិនពិតពោលបញ្ឆិតពាក្យផ្តេសផ្តាស
តើត្រូវទទួលទោសយ៉ាងណាខ្លះនៅពេលក្រោយ
គឺត្រូវទទួលទុក្ខឈឺចាប់ចុកមិនផុតឡើយ
ផ្លែព្រួញមុតធ្លុះហើយភ្លើងឆេះកាយមិនប្រណី
ខ្ញុំរស់មិនបានសុខនៅក្នុងស្រុកមនុស្សព្រៃ
ជនពាលសាហាវក្រៃខ្ញុំស្ទើរក្ស័យសែនខ្វាយខ្វល់
ជាយូរឆ្នាំកន្លងខ្ញុំរស់រងទុក្ខអំពល់
ពួកមនុស្សមិនយល់មិនចង់ស្គាល់សន្តិភាព
ពេលណាខ្ញុំហាស្តីគេមិនខ្ចីបែរមកស្តាប់
មិនចង់សន្តិភាពបែរជារៀបធ្វើសង្គ្រាម