ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ទំនុកតម្កើងលេខ ១០ (៩ ត) បទព្រហ្មគីតិ

ឱ! ព្រះជាម្ចាស់អើយហេតុអ្វីឡើយក៏ព្រះអង្គ
ចាកឆ្ងាយយាងទៅគង់សម្ងំឈឹងដូច្នេះណា?
មនុស្សពាលតាមធ្វើបាបអ្នកទន់ទាបរងសោកា
គេប្រើល្បិចឫស្យាឱ្យអ្នកជាជាប់អន្ទាក់
មនុស្សពាលតែងតែអួតកុហកភូតភរលួចលាក់
ពេលបានជោគជ័យជាក់គេចំអកដាក់ព្រះអង្គ
ពួកគេវាយឫកខ្ពស់ពោលទ្រគោះដោយមិនចង់
រវល់នឹងព្រះអង្គគិតលះបង់ព្រះអម្ចាស់
អ្វីៗដែលគេធ្វើតែងប្រសើរចម្រើនណាស់
មិនដែលគិតថាព្រះវិនិច្ឆ័យច្បាស់ទោសនោះឡើយ
គេតែងនឹកគិតថា«អញនេះណាមាំមួនហើយ
មិនរង្គើសោះឡើយទុក្ខទាំងឡាយមិនហ៊ានបៀត»
មាត់គាត់ជេរផ្តាសាមិនបានការពាក្យចោលម្សៀត
បង្កាច់កុហកទៀតស្តែងមារយាទមិនគួររាប់
គេតែងពួនស្ទាក់ចាំនៅក្បែរភូមិត្រៀមសន្ធាប់
គេចាំឃ្លាំមើលជាប់រួចសម្លាប់ជនត្រង់ស្លូត
គេពួនដូចសត្វសិង្ហសំងំឈឹងតាមគម្ពោត
ស្នាក់ចាប់ជនទុរគតទាក់ទាញព័ទ្ធចូលអន្ទាក់
១០គេក្រាបពួននៅដីហើយឃ្មាតខ្មីទាញទម្លាក់
ស្ទុះចាប់មិនសល់ម្នាក់សាហាវជាក់គ្មានបន្លំ
១១ជនពាលគិតថា៖«ព្រះជាអម្ចាស់មិនបារម្ភ
ព្រះនេត្របិទសំងំមិនទតចំទាល់តែសោះ»
១២ឱ! ព្រះអម្ចាស់អើយពេលនេះហើយកុំបង់បោះ
តើនឡើងបង្ហាញអស់ឫទ្ធិតេជះនៃព្រះអង្គ
១៣ហេតុអ្វីមនុស្សអាក្រក់ពោលចំអកព្រះយ៉ាងហ្នឹង!
ចិត្តគេតែងរំពឹងថា «ព្រះអង្គមិនរករឿង»
១៤ព្រះអង្គទតឃើញទុក្ខលំបាកសុខនៃមនុស្សយើង
កម្សត់អត់ទីពឹងព្រះអង្គនឹងជួយជានិច្ច
មនុស្សដែលទន់ទាបជាដរាបផ្ញើជីវិត
លើព្រះម្ចាស់ជានិច្ចទ្រង់មិនភ្លេចជនទុរគត
១៥សូមទ្រង់កាច់បំបាក់ដៃអស់អ្នកពាលឧក្រិដ្ឋ
ដាក់ទោសពួកទុច្ចរិតឱ្យគេឈប់ប្រព្រឹត្តពាល
១៦ព្រះអម្ចាស់ជាព្រះខ្ពង់ខ្ពស់ណាស់ជាក្សត្រដែល
គ្រងរាជ្យអស់កល្បក្រែលបំបាត់ចោលសាសន៍ដទៃ
១៧បពិត្រព្រះអម្ចាស់ឈ្វេងយល់ច្បាស់បំណងថ្មី
នៃមនុស្សទន់ទាបក្តីអង្គក្សត្រថ្លៃលើកទឹកចិត្ត
១៨ព្រះអង្គរកយុត្តិធម៌ឱ្យអ្នកក្រមនុស្សសុចរិត
ត្រូវគេជាន់សង្កត់ពួកទុច្ចរិតមិនឱ្យមាន
មនុស្សនៅលើផែនដីជនប្រុសស្រីទាំងប៉ុន្មាន
មិនអាចនឹងជិះជាន់អ្នកខ្សោយអន់ទៀតបានទេ