ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ទំនុកតម្កើងលេខ ៤៥ (៤៤) បទព្រហ្មគីតិ

ពាក្យខ្ញុំពោលពិរោះដ៏ស្ម័គ្រស្មោះអស់ពីចិត្ត
តែងបទថ្វាយមហាក្សត្រសូមឱ្យបទដូចកវី
ព្រះអង្គល្អជាងគេរកគ្មានទេវោហារស្តី
ព្រះប្រទានពរជ័យមានសិរីទាំងអំណាច
វីរៈបុរសឫទ្ធិគន់គាប់ចិត្តសែនអង់អាច
សូមពាក់ព្រះខ័នរាជ្យភ្លឺចិញ្ចាចចិញ្ចែងទៅ
សូមគង់លើរាជរថយាងតយុទ្ធនឹងសត្រូវ
ការពារពាំងទុកនូវរឿងត្រឹមត្រូវនិងសុចរិត
សូមទ្រង់បានជោគជ័យដ៏ថ្លាថ្លៃអស់ពីចិត្ត
ដោយបារមីមានឫទ្ធិដ៏ប្រណីតនៃព្រះអង្គ
សូមឱ្យព្រួញដ៏មុតស្រួចបំផុតជួយតម្រង់
ឱ្យព្រួញនៃព្រះអង្គបាញ់តម្រង់ទ្រូងបច្ចា
សូមគ្រប់ប្រជាជាតិកុំបីឃ្លាតឃ្លាទៅណា
ឱ្យធ្លាក់ក្រោមបាទាព្រះរាជាដ៏មានឫទ្ធិ
រាជាដ៏ខ្ពស់ខ្ពង់បល្ល័ង្កទ្រង់នៅស្ថេរស្ថិត
គ្រងរាជ្យមិនរខិតគង់នៅពិតដោយយុត្តិធម៌
ព្រះអង្គសព្វព្រះទ័យនឹងសេចក្តីសុចរិតល្អ
អំពើអយុត្តិធម៌ទ្រង់មិនគាប់ព្រះហឫទ័យ
ហេតុនេះព្រះជាម្ចាស់ដែលជាព្រះដ៏ប្រពៃ
ជ្រើសរើសអង្គក្សត្រថ្លៃពីចំណោមមិត្តព្រះអង្គ
ចាក់ប្រេងអភិសេកមិនអល់អែកល្អផូរផង់
ប្រទានឱ្យព្រះអង្គមានសព្វទាំងក្តីសប្បាយ
រាជាគ្រងភូសាល្អអស្ចារ្យក្រអូបសាយ
តន្ត្រីប្រគុំថ្វាយក្នុងប្រាសាទភ្លុកដំរី
១០ស្រីស្នំទាំងប៉ុន្មានស្រស់ភុំផានជាបុត្រី
របស់ស្តេចផែនដីអង្គក្សត្រិយ៍គង់ខាងស្តាំ
១១ព្រះម្ចាស់ក្សត្រិយ៍អើយកុំកន្តើយសណ្តាប់ខ្ញុំ
កុំនឹកនាពួនយំដល់រាជវង្សព្រះនាងអី
១២សូមឱ្យមហាក្សត្របានគាប់ចិត្តអង្គក្សត្រិយ៍
បង្គំគាល់ក្រាបថ្វាយកុំនឿយណាយទ្រង់ជាម្ចាស់
១៣អ្នកមានក្រុងទីរ៉ុសទាំងស្រីប្រុសមានច្រើនណាស់
នាំតង្វាយទាំងអស់តម្រង់ឆ្ពោះផ្គាប់ក្សត្រិយ៍
១៤ព្រះនាងគង់នៅក្នុងព្រះរាជវាំងសុខពេកក្រៃ
រូបឆោមស្រស់ឥតបីព្រះភូសារំលេចមាស
១៥គេដង្ហែព្រះនាងចូលក្នុងវាំងមនុស្សដេរដាស
ភីលៀងមានច្រើនណាស់ហែទៅគាល់ព្រះរាជា
១៦ព្រះនាងចូលទៅកាន់វិមានស្ថានអង្គក្សត្រា
អស់ទាំងរាស្រ្តប្រជាគ្រប់ៗគ្នារីករាយក្រៃ
១៧បពិត្រព្រះមហាក្សត្រមេត្តាចាត់បុត្រថ្លាថ្លៃ
គ្រងរាជ្យដ៏ប្រពៃតពីព្រះអយ្យកោស្តេច
១៨ទូលបង្គំនឹងថ្លែងរំលឹកចែងឥតមានភ្លេច
ព្រះនាមល្អបណ្តាច់នាំគ្នាលើកថ្កើងព្រះអង្គ