ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ទំនុកតម្កើងលេខ ៥២ (៥១) បទកាកគតិ

អ្នកខ្លាំងពូកែហេតុម្តេចចេះតែអួតពីអាក្រក់
ព្រះអម្ចាស់មានហឫទ័យត្រង់ស្មោះករុណាសន្តោស
ដល់អ្នកជានិច្ច
រៀងរាល់ខែថ្ងៃអ្នកតែងស្រមៃឥតមានពេលភ្លេច
ចង់តែប្រព្រឹត្តដោយមិនកែគេចចង់ធ្វើជានិច្ច
អំពើទុច្ចរិត
ពាក្យពេចន៍សម្តីចេញវាចាស្តីមិនដែលសុក្រឹត្យ
កុហកភូតភរបញ្ឆៀងបញ្ឆិតមុតជាងកាំបិត
ដែលគេសំលៀង
ចូលចិត្តអាក្រក់ល្បិចខ្មៅកខ្វក់មិនសុចរិតទៀង
និយាយកុហកអាក្រក់លំអៀងវៀចវេរមិនទៀង
ជាជាងការល្អ
បើអ្នកហារស្តីវោហារឥតន័យអសប្បុរសធម៌
ពាក្យកុហកភូតចិត្តមិនស្មោះសរអ្វីដែលចេញមក
សុទ្ធតែបោកប្រាស
ព្រះនឹងកម្ទេចរូបអ្នកជានិច្ចឱ្យអស់ស្រឡះ
ដកហូតរូបអ្នកឱ្យចេញពីផ្ទះមិនឱ្យសល់សោះ
ពីលើផែនដី
មនុស្សសុចរិតនឹងឃើញការពិតកោតខ្លាចបារមី
គេសើចសប្បាយក្អាកក្អាយពេកក្រៃរួចគេនិយាយ
ចំអកពោលថា
«មើលន៎! អ្នកនោះពុំបានយកព្រះដែលមានចេស្តា
ធ្វើជាទីពឹងលំនៅអាត្មាដោយគាត់ស្មានថា
គាត់ខ្លាំងពូកែ»
១០រីឯខ្ញុំវិញចិត្តខ្ញុំពោរពេញគ្មានគេចកែប្រែ
នៅក្នុងដំណាក់ព្រះម្ចាស់ឥតបែររៀងរាល់ថ្ងៃខែ
នៅក្បែរព្រះអង្គ
ដូចដើមខៀវខ្ចីអូលីវស្រស់ថ្មីល្អល្អះផូរផង់
ដោយពឹងផ្អែកលើបារមីព្រះអង្គត្រចះត្រចង់
រៀងទៅឥតភ្លេច
១១ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គជានិច្ច
ចំពោះគ្រប់កិច្ចការទ្រង់ប្រព្រឹត្តខ្ញុំសូមទុកចិត្ត
ព្រះនាមព្រះអង្គ
នៅមុខអស់អ្នកគោរពស្មោះស្ម័គ្រប្រណិប័តន៍ទ្រង់
ព្រោះព្រះហឫទ័យសប្បុរសទៀងត្រង់យើងខ្ញុំផ្ចិតផ្ចង់
តាមទ្រង់ទៅអើយ