ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ទំនុកតម្កើងលេខ ១៤២ (១៤១) បទកាកគតិ

ខ្ញុំខំបន្លឺសម្លេងរន្ទឺអង្វរព្រះម្ចាស់
ស្រែកដោយទទួចឱ្យទ្រង់ឮច្បាស់ព្រោះរូបខ្ញុំនេះ
វេទនាពេកក្រៃ
ខ្ញុំទូលព្រះអង្គឱ្យបានជ្រាបផងនូវអស់អត្ថន័យ
ពីពាក្យត្អូញត្អែរទុក្ខសោករីងរៃវេទនារាល់ថ្ងៃ
ស្ទើរក្ស័យជីវិត
ពេលទូលបង្គំមានទុក្ខក្រៀមក្រំបាក់ធា្លក់ទឹកចិត្ត
ព្រះអង្គជ្រាបច្បាស់ពីដំណើរពិតពួកគេជុំជិត
ដាក់អន្ទាក់ខ្ញុំ
សូមទ្រង់ទតចុះគ្មាននរណាសោះឃើញទូលបង្គំ
គ្មានទីជ្រកកោនឱ្យបានសមរម្យនរណាក៏ពុំ
រវល់ឡើយណា
បពិត្រព្រះម្ចាស់ខ្ញុំស្រែកពោលនេះអង្វរទ្រង់ថា
«ទ្រង់ជាជម្រកនៅក្នុងលោកាគ្មានអ្វីអស្ចារ្យ
ជាងព្រះអង្គឡើយ
សូមទ្រង់ប្រណីសម្តែងហឫទ័យកុំបីកន្តើយ
ដ្បិតទូលបង្គំទាល់ច្រកអស់ហើយរំដោះឱ្យស្បើយ
ពីជនអប្រីយ៍
សូមដោះលែងខ្ញុំផុតពីទុក្ខធំមានសិទ្ធិសេរី
ដើម្បីខ្ញុំអាចថ្កើងព្រះនាមល្បីចំណោមប្រុសស្រី
នៃជនសុចរិត