ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ទំនុកតម្កើងលេខ ២២ (២១) បទកាកគតិ

ឱ! ព្រះម្ចាស់អើយចុះហេតុម្តេចឡើយក៏ព្រះអង្គបោះ
បង់ចោលរូបខ្ញុំឥតមានស្រណោះខ្ញុំស្រែកស្ទើរខ្សោះ
ពុំឃើញទ្រង់ជួយ
ឱ! ព្រះម្ចាស់អើយខ្ញុំស្រែកដង្ហោយរកព្រះតែមួយ
ស្រែករកពេលថ្ងៃក៏ទ្រង់មិនជួយពេលយប់ដេកព្រួយ
ក៏មិនស្បើយដែរ
ប៉ុន្តែព្រះអង្គវិសុទ្ធឥតហ្មងគង់នៅឥតប្រែ
លើបល្ល័ង្ករាជ្យអ៊ីស្រាអែលតែងតែនាំគ្នាដង្ហែ
តម្កើងព្រះអង្គ
បុព្វបុរសយើងខ្ញុំទាំងអស់ផ្ញើចិត្តទាំងស្រុង
ផ្ញើទាំងជីវិតទាំងរូបកាយផងសូមឱ្យព្រះអង្គ
រំដោះពួកគាត់
ដូនតាយើងខ្ញុំអង្វរទូលសុំព្រះអង្គកម្ចាត់
អស់ពួកសត្រូវដោយផ្ញើជីវិតនឹងមិនខកចិត្ត
ព្រោះព្រះអង្គឡើយ
រីឯខ្ញុំវិញទុក្ខសោកទោម្នេញឥតបីល្ហែល្ហើយ
គេលែងចាត់ទុកជាមនុស្សទៀតហើយមើលងាយឥតស្បើយ
ប្រមាថជេរស្តី
អស់អ្នកឃើញខ្ញុំឡកឡឺយដាក់ចំគ្មានត្រាប្រណី
គេពេបជ្រាយដាក់ឥតមានគិតអ្វីហើយមិនចេញស្តី
គ្រវីក្បាលដាក់
គេពោលពាក្យថាកាត់ផ្ញើវាសនាព្រះជាម្ចាស់ជាក់
ឱ្យព្រះអង្គជួយរំដោះគ្រោះថ្នាក់បើព្រះអង្គជាក់
ពិតជាស្ម័គ្រស្មោះ
១០ឱព្រះម្ចាស់អើយព្រះអង្គនេះហើយដែលជួយរំដោះ
ឱ្យទូលបង្គំចេញពីផ្ទៃពោះផ្ញើខ្ញុំឱ្យរស់
ឱ្យម្តាយបំបៅ
១១កាលខ្ញុំកើតមកទ្រង់ទទួលយកខ្ញុំជាកូនចៅ
ព្រះអង្គជាព្រះដែលបានត្រាស់ហៅតាំងពីខ្ញុំនៅ
ពុំស្គាល់ពន្លឺ
១២ពេលខ្ញុំជួបភ័យអាសន្នខ្លាំងក្រៃគ្មានអ្នកដឹងឮ
មិនមានអ្នកជួយផុតភ័យព្រួយព្រឺសូមទ្រង់ដឹងឮ
កុំទៅឆ្ងាយខ្ញុំ
១៣សត្រូវច្រើននាក់ចោមរោមពួនស្ទាក់រួមរឹតជិតជុំ
ប្រៀបបានគោបាឡោមព័ទ្ធរូបខ្ញុំដូចគោមកចោម
ពីស្រុកបាសាន
១៤ពួកគេប្រឹងបើកមាត់គេកម្រើក​ប្រឆាំងឥតស្រាន្ត
នឹងទូលបង្គំដូចសិង្ហសាមាន្យបម្រុងហែកប្រាណ
ស៊ីជាអាហារ
១៥កម្លាំងខ្ញុំខ្សោយមិនត្រឡប់ឡើយដូចខ្សែជលសា
ដែលហូរធ្លាក់ទៅមិនវិលឡើយណាឆ្អឹងសាច់ផងរ៉ា
រលេះបាត់អស់
ទឹកចិត្តក្លាហានដែលខ្ញុំធ្លាប់មានបែរជាហេវខ្សោះ
បីដូចក្រមួនរលាយរលោះឥតមានសល់សោះ
ព្រោះកម្តៅថ្ងៃ
១៦បំពង់កស្ងួតដូចដីប្រេះហួតស្គមស្គាំងរីងរៃ
អណ្តាតខ្ញុំស្អិតដិតជាប់ពេកក្រៃទ្រង់ឱ្យខ្ញុំក្ស័យ
ក្លាយជាធូលី
១៧ពួកឆ្កែព័ទ្ធខ្ញុំមានជនមួយក្រុមវាមកញាំញី
ជាជនទុរយ៌សក្រវែលគ្រប់ទីទម្លុះជីវី
ជើងដៃខ្លួនប្រាណ
១៨រូបខ្ញុំអាចរាប់ឆ្អឹងជំនីរគ្រប់មានទាំងប៉ុន្មាន
សត្រូវទុយ៌សចិត្តដូចតិរច្ឆានសម្លក់រំខាន
សម្លឹងមកខ្ញុំ
១៩ពួកគេដោះយកខោអាវខ្ញុំមកចែកចាយគ្នាជុំ
នាំគ្នាចាប់ឆ្នោតយកខោអាវខ្ញុំធ្វើដោយមិនសម
ជាល្បែងសប្បាយ
២០ឱ!ព្រះម្ចាស់អើយកុំនៅកន្តើយឱ្យខ្ញុំឃ្លាតឆ្ងាយ
ទ្រង់ជាកម្លាំងគាំទ្ររាងកាយសូមយាងមកអាយ
សង្គ្រោះប្រញាប់
២១សូមដោះលែងខ្ញុំឱ្យផុតទុក្ខធំបានលឿនឆាប់ៗ
ផុតពីមុខដាវដែលគេចាក់កាប់សូមជួយប្រញាប់
ពីចង្កូមឆ្កែ
២២សូមសង្គ្រោះខ្ញុំឱ្យផុតទុក្ខធំពីមាត់សិង្ហដែរ
ឱ្យផុតពីស្នែងសូមជួយបំបែរឆ្លើយតបកុំល្ហែ
មកទូលបង្គំ
២៣ខ្ញុំនឹងថ្លាថ្លែងព្រះនាមស្ញប់ស្ញែងឱ្យបងប្អូនខ្ញុំ
បានស្គាល់ព្រះអង្គខ្ពង់ខ្ពស់ឧត្តមក្នុងអង្គប្រជុំ
សូមលើកតម្កើង
២៤អ្នករាល់គ្នាអើយកុំនៅកន្តើយនាំគ្នាក្រោកឡើង
សរសើរព្រះអង្គថា្លថ្លៃរុងរឿងឱ្យលើកតម្កើង
អម្ចាស់ក្សត្រា
អស់អ្នកដែលជាពូជពង្សសោភាយ៉ាកុបថ្លៃថ្លា
ព្រមទាំងអស់ពូជអ៊ីស្រាអែលផងណាកុំនៅរួញរា
ស្ញែងខ្លាចព្រះអង្គ
២៥ទ្រង់មិនព្រងើយឬធ្វើកន្តើយនឹងជនស្លូតត្រង់
ដែលស្រែកហៅរកសូមជួយស្រោចស្រង់ទាំងសណ្តាប់ផង
មិនលាក់ព្រះភក្ត្រ
២៦ព្រះអង្គបានប្រោសប្រណីសន្តោសជាម្លប់ត្រជាក់​
ខ្ញុំលើកតម្កើងដោយចិត្តស្មោះស្ម័គ្រនៅមុខអស់អ្នក
ក្នុងអង្គប្រជុំ
២៧មនុស្សទន់ទាបស្លូតបូតសុភាពបានក្តីសុខដុម
បរិភោគឆ្អែតឆ្អល់ឥតព្រួយបារម្ភរកព្រះឧត្តម
សរសើរបារមី
២៨មនុស្សទាំងប៉ុន្មានដែលរស់សុខសាន្តនៅលើផែនដី
នឹកឃើញព្រះម្ចាស់ត្រឡប់វិលវៃនាំគ្នាឃ្មាតខ្មី
ក្រាបថ្វាយបង្គំ
២៩ព្រះជាអម្ចាស់ជាមហាក្សត្រច្បាស់ប្រពៃសក្តិសម
គ្រប់គ្រងទាំងអស់លើជាតិតូចធំរស់នៅជួបជុំ
ក្សេមក្សាន្តរមនា
៣០អ្នកធំទាំងឡាយនៅជិតឬឆ្ងាយក្រាបថ្វាយគ្រប់គ្នា
បង្គំព្រះអង្គទោះមនុស្សធម្មតាតែងក្ស័យអាត្មា
ក៏ចូលមកដែរ
៣១ជនជំនាន់ក្រោយគោរពព្រះដោយចិត្តមិនបែកបែរ
បម្រើព្រះម្ចាស់មិនមានវៀចវេរហើយគេតែងតែ
ថ្លែងប្រាប់កូនចៅ
៣២គេប្រកាសប្រាប់ឱ្យប្រជាស្តាប់តអស់ពង្សផៅ
ពីក្តីសុចរិតទៀងត្រង់ត្រឹមត្រូវទ្រង់ត្រួសត្រាយផ្លូវ
រំដោះប្រជា