ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ទំនុកតម្កើងរបស់លោកតូប៊ីត បទកាកគតិ

(លោកគូប៊ីត ១៣,២-១៦.១៨)

សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះម្ចាស់
ដែលមានព្រះជន្មគង់នៅយ៉ាងច្បាស់កោតសរសើរណាស់
អស់កល្បជានិច្ច
ព្រះអង្គធ្វើឱ្យមនុស្សស្លាប់ទៅហើយចុះស្ថានមច្ចុរាជ
ក្រោយមកព្រះអង្គប្រោសឱ្យបានរួចគ្មានអ្វីដែលអាច
គេចពីបារមី
អ៊ីស្រាអែលអើយកុំនៅកន្តើយតម្កើងរាល់ថ្ងៃ
នៅមុខជនជាតិផ្សេងៗទាំងឡាយដែលទ្រង់កម្ចាយ
ឱ្យអ្នកទៅនៅ
នៅទីនោះឯងព្រះអង្គសម្តែងមិនមានអាស្រូវ
ឫទ្ធាបារមីមានច្រើនពេកកូវទ្រង់សម្តែងនៅ
មុខអស់សត្វលោក
ព្រះអង្គពិតជាព្រះយើងរាល់គ្នាអង្វែងរៀងមក
ជាព្រះបិតាតែមួយលើលោកពីនេះទៅមុខ
អស់កល្បតទៅ
ព្រះអង្គបានដាក់ទោសដល់ពួកអ្នកជារឿងត្រឹមត្រូវ
ព្រោះអ្នករាល់គ្នាបានប្រព្រឹត្តនូវអំពើអាស្រូវ
អាក្រក់អប្រីយ៍
ប៉ុន្តែព្រះអង្គទ្រង់មិនបោះបង់តែងតែប្រណី
អាណិតអាសូរប្រជាប្រុសស្រីនាំអ្នកវិលវៃ
ឥតបីខ្ចាត់ខ្ចាយ
ប្រសិនបើអ្នករាល់គ្នាស្មោះស្ម័គ្រដោយចិត្តរីករាយ
វិលរកព្រះអង្គនឹងផុតអន្តរាយរស់នៅសប្បាយ
ប្រព្រឹត្តស្មោះត្រង់
ព្រះអង្គមុខជារកអ្នករាល់គ្នាក្រសោបត្រកង
ឈប់គេចព្រះភ័ក្ត្រឈប់ប្រែបែរខ្នងមិនឱ្យមានហ្មង
អង្អែលភ័ក្ត្រា
ឥឡូវពេលនេះចូរគិតត្រិះរិះអំពីកិច្ចការ
ព្រះអង្គប្រព្រឹត្តដល់គ្រប់អាត្មាតម្កើងក្សត្រា
ឱ្យពេញទំហឹង
សូមលើកតម្កើងកុំធ្វើឆ្មៃឆ្មើងថ្កើងទាំងរំពឹង
ដែលទ្រង់ប្រព្រឹត្តយុត្តិធម៌លំនឹងចូរកោតព្រះអង្គ
អស់កល្បឥតបី
រីឯខ្ញុំវិញខ្ញុំឃ្លាតចាកចេញពីដែនបុរី
ហើយបានមករស់នៅលើទឹកដីពួកខ្មាំងអប្រីយ៍
ក៏មិនភ្លេចដែរ
ខ្ញុំបង្ហាញប្រាប់ឱ្យអស់អ្នកបាបស្គាល់ជាហូរហែរ
ថាព្រះអង្គមានឫទ្ធាពូកែបារមីគ្មានប្រែ
ខ្លាំងក្លាឧត្តម
អ្នកបាបប្រុងប្រៀបកាន់ចិត្តសុភាពវិលមកជួបជុំ
ប្រព្រឹត្តសុចរិតកុំនៅសំងំទ្រង់នឹងថ្នាក់ថ្នម
មេត្តាប្រណី
ខ្ញុំលើកតម្កើងព្រះដ៏រុងរឿងដោយចិត្តមេត្រី
អំណរសប្បាយលើសលប់ពេកក្រៃដោយមហាក្សត្រថ្លៃ
នៃស្ថានសួគ៌ា
១០សូមឱ្យអស់អ្នកដែលបាននៅស្នាក់ក្នុងក្រុងគ្រប់គ្នា
ប្រកាសអំពីបារមីឫទ្ធាព្រះអម្ចាស់ជា
ព្រះរបស់យើង
យេរូសាឡឹមក្រុងធំស្កៃស្កឹមទ្រង់នឹងបំប៉ើង
ដាក់ទោសពួកអ្នករលំរលើងធ្វើឫកឆ្មៃឆ្មើង
សាងអំពើបាប
ប៉ុន្តែព្រះម្ចាស់មិនព្រមបង់បោះចោលជាដរាប
ព្រះអង្គមុខជាអាណិតអ្នកទាបកូនចៅសុភាព
សុចរិតមិនខាន
១១សូមលើកតម្កើងព្រះម្ចាស់ខ្ពស់ឡើងផុតអស់ពីស្ថាន
ជាមហាក្សត្រវិសុទ្ធថ្កើងថ្កានដែលព្រះអង្គបាន
សោយរាជ្យយូរលង់
ព្រះអង្គមុខជាឱ្យគេគ្រប់គ្នាសង់ដំណាក់ទ្រង់
ឡើងវិញម្តងទៀតមិនឱ្យបាត់បង់នៅក្នុងទីក្រុង
យេរូសាឡឹម
១២សូមព្រះម្ចាស់ប្រោសប្រណីសន្តោសអ្នកអស់សង្ឃឹម
អ្នកត្រូវគេកៀរប្រែជាញញឹមដូចភ្លៀងរលឹម
រដូវវស្សា
សូមទ្រង់អាណិតអស់អ្នកសុចរិតអ្នកខ្សត់ខ្លោចផ្សា
មានទុក្ខសព្វកាយលំបាកម៉េ្លះណាសូមជួយពាំងការ
ផុតអស់ទុក្ខភ័យ
១៣ពន្លឺចិញ្ចាចភ្លឺដល់ទីដាច់ស្រយាលផែនដី
ចុងកាត់មាត់ញកប្រជាប្រុសស្រីនាំគ្នាឃ្មាតខ្មី
មករកព្រះអង្គ
មានកាន់តង្វាយនៅគ្រប់ៗដៃឱនកាយក្រាបផង
ថ្វាយមហាក្សត្រស្ថានបរមសុខផងប្រជាទាំងពួង
សប្បាយរីករាយ
អ្នកជំនាន់ក្រោយនឹងមិនបណ្តាយឬឱ្យរលាយ
គេនឹងនឹកចាំក្រុងល្បីសុះសាយដែលព្រះម្ចាស់ថ្លៃ
ជ្រើសរើសទុកដាក់
១៤សូមជនទាំងឡាយដែលធ្លាប់សប្បាយគំរាមពួកអ្នក
រលំកំពែងបំផ្លាញទីស្នាក់ដុតចោលផ្ទះអ្នក
ទទួលកម្មពា
តែសូមព្រះអង្គប្រទានពរផងអស់កល្បយូរយា
ដល់អស់អ្នកណាខ្លាចអ្នករាល់គ្នាផុតអស់វេទនា
អង្វែងតទៅ
១៥ចូរអរសប្បាយសើចលេងក្អាកក្អាយព្រោះតែកូនចៅ
មនុស្សសុចរិតរួមគ្នាក្នុងក្រៅប្រមូលគ្នានៅ
មិនឱ្យខ្ចាត់ខ្ចាយ
គេលើកតម្កើងសិរីរុងរឿងព្រះម្ចាស់រាល់ថ្ងៃ
ដែលមានព្រះជន្មគង់នៅវែងឆ្ងាយអស់កល្បអន្លាយ
ស្ថិតស្ថេរជានិច្ច
ជនណាសប្បាយរីករាយក្អាកក្អាយឥតមានពេលភ្លេច
គេជួយអបអរដល់អ្នកជានិច្ចព្រះម្ចាស់មិនភ្លេច
ឱ្យគេបានសុខ
១៦អ្នកផងទាំងឡាយដែលមិនសប្បាយពេលអ្នកកើតទុក្ខ
គេពិតជាបានមង្គលគ្រប់មុខដ្បិតគេរួមសុខ
ទុក្ខជាមួយអ្នក
១៨អ្នកក្រុងនឹងច្រៀងបន្លឺសូរសៀងលាន់ឮឥតអាក់
សរសើរតម្កើងព្រះរបស់អ្នកគង់នៅជាជាក់
អស់កល្បតទៅ