ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ទំនុកតម្កើងលេខ ២៦ (២៥) បទពាក្យ៧

ឱព្រះអម្ចាស់ព្រះអង្គជាព្រះប្រពៃឧត្តម
សូមរកយុត្តិធម៌ឱ្យទូលបង្គំដែលអស់យើងខ្ញុំ
ទុកចិត្តព្រះអង្គ
ឱព្រះអម្ចាស់សូមស្ទង់ឱ្យច្បាស់លចិត្តមើលផង
ពិនិត្យរូបខ្ញុំហើយពិសោធន៍ល្បងចិត្តខ្ញុំឥតហ្មង
ស្មោះស្ម័គ្រជានិច្ច
ទូលបង្គំស្រមៃនឹកពីព្រះទ័យព្រះអង្គឥតភ្លេច
ហើយបានធ្វើតាមឥតមានកែគេចតាមជាប់ជានិច្ច
មិនគេចបែកបែរ
ទូលបង្គំមិនធ្លាប់អង្គុយអែបជាប់ពួកពាលប៉ោឡែ
ឬមនុស្សខិលខូចជនអាវាសែពុតត្បុតហូរហែ
ក៏មិនសេពគប់
ខ្ញុំមិនចូលចិត្តពួកអ្នកប្រព្រឹត្តអាក្រក់ងល់ងប់
ខ្ញុំមិនល្ងីល្ងើអង្គុយរួមរួបទោះថ្ងៃឬយប់
នឹងពួកពាលា
ឱ!​​​ព្រះអម្ចាស់ខ្ញុំសូមប្រកាសស្មោះឥតរួញរា
ខ្ញុំសម្អាតដៃគឺបញ្ជាក់ថារូបខ្ញុំគឺជា
មនុស្សឥតសៅហ្មង
ព្រមទាំងបន្លឺសំឡេងរន្ទឺអរគុណព្រះអង្គ
និងរៀបរាប់ពីការអស្ចារ្យផងរបស់ព្រះអង្គ
មានទាំងប៉ុន្មាន
បពិត្រព្រះម្ចាស់ខ្ញុំចូលចិត្តណាស់ដំណាក់សុខសាន្ត
របស់ព្រះអង្គគឺជាទីស្ថានសិរីថ្កើងថ្កាន
ព្រះអង្គស្ថិតនៅ
សូមកុំទុកឱ្យខ្ញុំស្លាប់ជាមួយមនុស្សបាបអាស្រូវ
កុំដកជីវិតរបស់ខ្ញុំទៅនឹងពួកឃោរឃៅ
ធ្លាប់បង្ហូរឈាម
១០ពួកនោះចូលចិត្តនាំគ្នាប្រព្រឹត្តផ្ទុយពីបម្រាម
អំពើទុច្ចរិតដែលព្រះលោកហាមខំបង្ហូរឈាម
ឬស៊ីសំណូក
១១ឯខ្ញុំចូលចិត្តធ្វើតែសុចរិតមិនព្រមច្របូក
ច្របល់់នឹងពួកធ្លាប់ស៊ីធ្លាប់សូកសូមរំដោះយក
រូបខ្ញុំនេះផង
១២រូបខ្ញុំឈរនៅកន្លែងត្រឹមត្រូវសុចរិតទៀងត្រង់
ខ្ញុំនឹងលើកថ្កើងតម្កើងព្រះអង្គឱ្យខ្ពស់ឧត្តុង្គ
ក្នុងប្រជុំធំ