ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ទំនុកតម្កើងលេខ ៦៦ (៦៥) បទកាកគតិ

ប្រជាប្រុសស្រីនៅលើផែនដីទាំងអស់គ្នាអើយ
នាំគ្នាអបអរកុំបីកន្តើយអបអរសប្បាយ
សាទរព្រះម្ចាស់
ចូរច្រៀងតម្កើងសិរីរុងរឿងព្រះនាមរបស់
ព្រះម្ចាស់នៃយើងបារមីខ្ពង់ខ្ពស់តម្កើងថ្កើងយស
ថ្វាយដល់ព្រះអង្គ
ចូរទូលទ្រង់ថាបពិត្រព្រះជាអម្ចាស់នៃយើង
គ្រប់ស្នាព្រះហស្តវិសេសថ្កុំថ្កើងយើងសូមលើកឡើង
ឱ្យខ្ពស់ដរាប
ពួកខ្មាំងសត្រូវព្រះអង្គចាំនៅនាំគ្នាលុតក្រាប
ដោយឃើញចេស្តាឫទ្ធានុភាពព្រះអង្គរៀងរៀប
ធំធេងកន្លង
មនុស្សលើដីទាំងប្រុសទាំងស្រីក្រាបថ្វាយព្រះអង្គ
គេនាំគ្នាច្រៀងលើកសិរីផងច្រៀងបទតម្កើង
ព្រះនាមល្បាញល្បី
ចូរយើងនាំគ្នាពីគ្រប់ទិសាកុំនៅធ្វើហី
មើលស្នាព្រះហស្តសុទ្ធតែប្រពៃដែលទ្រង់លកលៃ
ធ្វើមកមនុស្សលោក
ទ្រង់ធ្វើឱ្យទឹកសមុទ្រគគ្រឹកប្រែជារីងគោក
ឱ្យប្រជាជនដើរឆ្លងទៅមកយើងផុតទុក្ខសោក
ប្រែជាសប្បាយ
ព្រះអង្គគ្រប់គ្រងអស់កល្បយូរលង់ដោយឫទ្ធិបារមី
ទ្រង់ត្រួតពិនិត្យប្រជាប្រុសស្រីកុំឱ្យគ្រប់កាយ
ក្រោកប្រឆាំងបាន
ប្រជាជនអើយកុំនៅកន្តើយរួញរាខកខាន
តម្កើងព្រះអង្គខ្ពស់ហួសអស់ស្ថាននោះយើងនឹងបាន
សុខដោយបារមី
ព្រះអង្គប្រទានពួកយើងឱ្យមានជីវិតស្រស់ថ្មី
ទ្រង់មិនបណ្តោយឱ្យភ្លាត់ដល់ដីមិនឱ្យយើងក្ស័យ
រួចរស់ជីវិត
១០បពិត្រព្រះម្ចាស់ព្រះអង្គជ្រាបច្បាស់ល្បងលមើលចិត្ត
ព្រះអង្គលុតដំយើងខ្ញុំពិតៗដូចគេបន្សុទ្ធ
ដុតមើលមាសប្រាក់
១១ព្រះអង្គបាននាំឱ្យពួកយើងខ្ញុំជួបទុក្ខលំបាក
ឱ្យរស់វេទនាកំព្រាតោកយ៉ាកឈឺចាប់ឥតស្រាក
ឥតស្រាន្តពេលណា
១២ព្រះអង្គបណ្តោយសត្រូវមុខក្រោយជិះជាន់សិរសា
យើងឆ្លងកាត់ភ្លើងក្តៅឥតឧបមាឆ្លងទឹកផងណា
ឈឺផ្សារពេកពន់
ប៉ុន្តែព្រះអង្គមិនបានបោះបង់នាំប្រជាជន
ហើយទ្រង់ប្រទានភោគផលធានធនឱ្យប្រជាជន
សម្បូណ៌មិនខ្វះ
១៣រូបខ្ញុំចូលស្នាក់ក្នុងព្រះដំណាក់របស់ព្រះម្ចាស់
ទាំងនាំតង្វាយដុតមកថ្វាយព្រះឥតមានចន្លោះ
ពាក្យដែលបានបន់
១៤ពាក្យពេចន៍អ្វីណាដែលខ្ញុំសច្ចាកាលគ្រាអាសន្ន
ពេលនេះដាក់ថ្វាយលាពាក្យបំណន់ដែលខ្ញុំបានបន់
គ្រប់គ្រាគ្រប់កាល
១៥ខ្ញុំជ្រើសរើសយកសត្វធាត់ៗមកពពែគោឈ្មោល
ព្រមទាំងចៀមផងយកចេញពីក្រោលក្លិនសាយភាយដល់
ទៅឯព្រះអង្គ
១៦សូមអ្នកទាំងអស់ដែលធ្លាប់ស្ម័គ្រស្មោះលើព្រះគ្មានហ្មង
ខ្ញុំនឹងរៀបរាប់គ្រប់កិច្ចដែលទ្រង់មានមកកន្លង
លើរូបកាយខ្ញុំ
១៧ខ្ញុំស្រែកហៅរកសូមព្រះយាងមកកុំគង់សំងំ
ខ្ញុំស្រែកដង្ហោយរកព្រះឧត្តមសូរសំឡេងខ្ញុំ
តម្កើងទ្រង់ផង
១៨បើខ្ញុំជាមនុស្សទុច្ចរិតទុយ៌សអាក្រក់សៅហ្មង
នោះព្រះអង្គនឹងជ្រាបមិនសល់ហោងទោះវាចាផង
ក៏ទ្រង់មិនស្តាប់
១៩ប៉ុន្តែព្រះម្ចាស់សព្វព្រះទ័យណាស់ទ្រង់ព្រះសណ្តាប់
ហឫទ័យទូលាយស្ម័គ្រស្មោះដរាបទ្រង់ចូលចិត្តស្តាប់
ពាក្យខ្ញុំអង្វរ
២០សូមថ្កើងព្រះម្ចាស់ខ្ពង់ខ្ពស់ពេកណាស់ដោយចិត្តស្មោះសរ
ទ្រង់ពុំបដិសេធពាក្យខ្ញុំអង្វរទ្រង់ប្រទានពរ
ដល់ខ្ញុំជានិច្ច