ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ទំនុកតម្កើងលេខ ៩៧ (៩៦) បទពាក្យ ៧

ព្រះជាអម្ចាស់ទ្រង់គ្រងរាជ្យពេញដោយអំណាចដ៏យូរលង់
ចូរឱ្យផែនដីរីករាយឡើងកោះទាំងឡាយផងអរសប្បាយ
មានពពកខ្មួលខ្មៅងងឹតព័ទ្ធពេនជុំជិតព្រះម្ចាស់ថ្លៃ
ព្រះអង្គគ្រងរាជ្យដោយប្រពៃសុចរិតថ្លាថ្លៃល្អត្រចង់
មានភ្លើងឆេះនៅមុខព្រះម្ចាស់សត្រូវច្រើនណាស់ត្រូវបាត់បង់
អ្នកដែលប្រឆាំងច្បាំងព្រះអង្គគ្មានសល់ម្នាក់ផងក្ស័យសង្ខារ
មានផ្លេកបន្ទោរជះពន្លឺខ្ទ័រខ្ទាររន្ទឺសព្វលោកា
ផែនដីតក់ស្លុតឥតឧបមាញ័រអស់កាយាដោយភិតភ័យ
ភ្នំនានាដែលនៅចំពោះភក្ត្រព្រះអម្ចាស់ត្រូវអន្តរាយ
ដូចជាក្រមួនត្រូវរលាយដោយកម្តៅថ្ងៃនៅមិនបាន
ផ្ទៃមេឃក៏បានស្រែកប្រកាសពីក្តីសប្បុរសល្អថ្កើងថ្កាន
ឱ្យប្រជារាស្រ្តទាំងប៉ុន្មាននៅគ្រប់ទីស្ថានបានដឹងយល់
អស់អ្នកដែលថ្វាយបង្គំព្រះក្លែងក្លាយទាំងអស់នឹងកង្វល់
អួតអាងពីការគោរពដល់ព្រះឥតបានផលត្រូវអាម៉ាស់
ឱព្រះទាំងឡាយមានគរគោកច្រើននៅលើលោកចូររូតរះ
ក្រាបថ្វាយបង្គំព្រះអម្ចាស់គឺទ្រង់ជាព្រះលើលោកា
បពិត្រព្រះម្ចាស់ពេលដែលក្រុងស៊ីយ៉ូនបានដឹងដំណឹងថា
ព្រះអង្គវិនិច្ឆ័យដូច្នេះណាអ្នកក្រុងយូដាសប្បាយក្រៃ
បពិត្រព្រះជាអម្ចាស់ខ្ញុំព្រះអង្គឧត្តមផុតផែនដី
ប្រសើរលើសអស់ព្រះដទៃទោះព្រះផ្សេងក្តីមិនស្មើផង
១០អ្នកដែលស្រឡាញ់ព្រះអម្ចាស់និងអ្នកដែលស្មោះស្ម័គ្រទៀងត្រង់
ចូរស្អប់អំពើកាចយង់ឃ្នងព្រះអង្គនឹងរងថែរក្សា
១១មានទាំងពន្លឺបំភ្លឺមនុស្សមានចិត្តសប្បុរសសុចរិតថ្លា
ជនដែលទៀងត្រង់គ្រប់អាត្មាអរឥតឧបមាសប្បាយក្រៃ
១២ឱពួកអ្នកសុចរិតទាំងឡាយចូរអ្នករីករាយកុំគិតអ្វី
ចំពោះកិច្ចការព្រះម្ចាស់ថ្លៃប្រព្រឹត្តរាល់ថ្ងៃកន្លងមក