១ | ហេតុអ្វីបានជាប្រជាជាតិ | នាំគ្នាខ្មីឃ្មាតកើតកង្វល់ | |
| បង្កើតវឹកវរចលាចល | រអ៊ូខ្វាយខ្វល់គ្មានខ្លឹមសារ | ។ |
២ | ពួកស្តេចនៅលើភពផែនដី | បះបោរពួតដៃឃុបឃិតគ្នា | |
| ប្រឆាំងព្រះម្ចាស់ឥតរួញរា | និងព្រះគ្រីស្តជាបុត្រព្រះអង្គ | ។ |
៣ | គេពោលថា៖ «យើងទៅបំបាក់ | នឹមព្រះអម្ចាស់កុំរេរង់ | |
| គ្រវែងច្រវាក់កុំបង្អង់ | របស់ព្រះអង្គចោលចេញទៅ!» | ។ |
៤ | ប៉ុន្តែព្រះអម្ចាស់គ្រងរាជ្យ | ពេញដោយអំណាចមិនអាស្រូវ | |
| នាស្ថានបរមសុខគ្មានហ្មងសៅ | ចំអកដាក់ទៅខ្មាំងល្ងង់ឆោត | ។ |
៥ | ព្រះអង្គមានព្រះបន្ទូលទៅ | ពួកខ្មាំងសត្រូវដោយក្រេវក្រោធ | |
| ទ្រង់ធ្វើឱ្យគេភ័យតក់ស្លុត | ដោយព្រះពិរោធដូច្នេះថា៖ | ។ |
៦ | «គឺយើងនេះហើយដែលអភិសេក | ឱ្យទៅដល់ស្តេចយើងនោះណា | |
| នៅលើស៊ីយ៉ូនភ្នំដែលជា | ទីដ៏សុខាសែនវិសុទ្ធ» | ។ |
៧ | ខ្ញុំនឹងថ្លែងក្រឹត្យព្រះអម្ចាស់ | មានបន្ទូលច្បាស់យ៉ាងមោះមុត | |
| ថា៖ «ព្រះអង្គនេះពិតជាបុត្រ | ដែលយើងបង្កើតនៅថ្ងៃនេះ» | ។ |
៨ | បើព្រះអង្គសុំយើងនឹងផ្តល់ | ប្រជាជាតិដល់ទ្រង់ទាំងអស់ | |
| ឱ្យព្រះអង្គទុកជាមត៌ក | ផែនដីទាំងអស់ជាកម្មសិទ្ធិ | ។ |
៩ | ទ្រង់នឹងបង្ក្រាបមិនទុកទេ | ឱ្យអស់ពួកគេទើបអស់ចិត្ត | |
| ដំបងដែកវាយជនទុច្ចរិត | កំពាចកំពិតដូចភាជន៍បែក | ។ |
១០ | ស្តេចទាំងឡាយអើយឥឡូវនេះ | ចូរគិតត្រិះរិះកុំរារែក | |
| អស់អ្នកគ្រប់គ្រងកុំអស់អែក | ត្រូវចេះបែងចែកទទួលយក | ។ |
១១ | នូវការអប់រំដ៏ប្រពៃ | បម្រើម្ចាស់ថ្លៃដោយចូលមក | |
| គោរពកោតខ្លាចក្រាបលុតក្រោក | គាល់រកព្រះអង្គទាំងញាប់ញ័រ | ។ |
១២ | ចូរថ្វាយបង្គំព្រះរាជបុត្រ | ក្រែងទ្រង់ពិរោធនាំបង្ក | |
| វិនាសអន្តរាយទាំងមាគ៌ា | នៃអ្នករាល់គ្នាគ្មានប្រណី | ។ |
| ដ្បិតព្រះពិរោធនៃព្រះអង្គ | នឹងឆាបឆេះឡើងឆាប់ៗក្រៃ | |
| អ្នកដែលជ្រកកោនក្រោមបារមី | ពិតជាមានជ័យសុភមង្គល | ។ |