ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ទំនុកតម្កើងលេខ ៨៩ (៨៨) បទកាកគតិ

ឱ! ព្រះជាម្ចាស់ខ្ញុំមិនគេចប្រាសនឹងច្រៀងតម្កើង
បង្គំព្រះអង្គព្រះទ័យខ្ពស់ថ្កើងអស់កល្បយូរលង់
អង្វែងតទៅ
ខ្ញុំប្រកាសថាព្រះទ័យមេត្តាករុណាត្រឹមត្រូវ
របស់ព្រះអង្គស្ថិតស្ថេរគង់នៅមាំមិនអាស្រូវ
ដូចផ្ទៃមេឃា
យើងចងសម្ពន្ធមេត្រីបន្ទាន់ចុះខសន្យា
ជ្រើសលោកដាវីឌហើយតែងតាំងជាបម្រើការពារ
ឥតមានប្រែប្រួល
យើងនឹងតាំងពង្សពូជអ្នកឱ្យគង់នៅជុំត្រកូល
តាំងរាជ្យឱ្យអ្នកនៅបានសុខស្រួលគ្មានអ្វីប្រែប្រួល
អង្វែងដរាប
ឱព្រះម្ចាស់អើយទេវតានេះហើយសរសើររៀងរាប់
ពីស្នាព្រះហស្តអស្ចារ្យគួរគាប់ច្រៀងកោតមិនឈប់
ពីព្រះទ័យស្ម័គ្រ
នៅស្ថានសួគ៌ាឥតមាននរណាស្មើរព្រះអង្គជាក់
ពពួកទេវតាក៏មិនមានអ្នកឱ្យបានដូចព្រះ
អម្ចាស់នោះទេ
ពពួកទេវតាក៏ខ្លាចឫទ្ធាព្រះអម្ចាស់ដែរ
អ្នកនៅជុំវិញកៀកកិតអែបក្បែរខ្លបខ្លាចគ្មានប្រែ
ព្រះនាមព្រះអង្គ
បពិត្រព្រះម្ចាស់ព្រះអង្គជាព្រះនៃភពទូទាំង
គ្មានអ្នកណាមានអនុភាពក្លាខ្លាំងបារមីប្រណាំង
ព្រះអង្គបានឡើយ
១០ព្រះអង្គបង្ក្រាបសមុទ្រឱ្យរាបឈប់បោកបក់ហើយ
ពេលវាកក្រើកទ្រង់មិនកន្តើយបញ្ជាវាហើយ
ដោយឫទ្ធិបារមី
១១ព្រះអង្គបានជាន់កម្ទេចអង្កន់មិនឱ្យសល់អី
ប្រហារនាគរាជសត្រូវអប្រីយ៍ដោយឫទ្ធិបារមី
ចេស្តាខ្លាំងណាស់
១២ផែនដីនិងមេឃគឺជាចំណែកនៃព្រះអម្ចាស់
ព្រះអង្គបង្កើតអ្វីសព្វទាំងអស់លើមេឃដីកោះ
នៅក្នុងលោកនេះ
១៣ព្រះអង្គបង្កើតទិសត្បូងល្អឆើតខាងជើងស្រឡះ
មានភ្នំតាប៊រភ្នំហែរម៉ូននោះសរសើរថ្កើងព្រះ
នាមនៃព្រះអង្គ
១៤ទ្រង់ប្រកបដោយចេស្តាមិនថយឫទ្ធាខ្ពស់ខ្ពង់
បារមីខ្លាំងក្រៃមិនចេះបាត់បង់អានុភាពព្រះអង្គ
លើសគេលើលោក
១៥ព្រះម្ចាស់គ្រងរាជ្យដោយក្តីសុចរិតយុត្តិធម៌រៀងមក
អ្វីដែលទ្រង់ធ្វើសុទ្ធល្អហ្មងម៉ត់ហឫទ័យអំណត់
សន្តោសមេត្តា
១៦បពិត្រព្រះម្ចាស់ប្រជាអរណាស់រស់ក្រោមចេស្តា
ពន្លឺសប្បុរសសន្តោសករុណារាស្រ្តផុតទុក្ខា
មានសុខមង្គល
១៧គេនឹងសប្បាយរីករាយរាល់ថ្ងៃដោយស្មោះទទួល
ព្រះនាមព្រះអង្គឥតមានប្រែប្រួលខ្ពស់មុខសុខស្រួល
ឥតមានសៅហ្មង
១៨ព្រះម្ចាស់ប្រទានពួកគេឱ្យមានជោគសិរីផង
ដោយព្រះសន្តោសប្រណីឥតហ្មងយើងខ្ញុំថ្កុំថ្កើង
ព្រោះព្រះអង្គជួយ
១៩ព្រះម្ចាស់វិសុទ្ធល្អល្អះបំផុតអ៊ីស្រាអែលតែមួយ
ទ្រង់បានជ្រើសរើសស្តេចជាជំនួយមិនឱ្យមានព្រួយ
ជាខែលការពារ
២០នាថ្ងៃមួយនោះព្រះអង្គមានព្រះបន្ទូលមកថា
យើងនឹងគាំទ្រអ្នកច្បាំងហានក្លាយុវជនសង្ហា
ពីក្នុងរាស្រ្តយើង
២១យើងឃើញដាវីឌជាអ្នកប្រណិប័តន៍ឥតមានឆ្មៃឆ្មើង
យើងក៏ចាក់ប្រេងអភិសេកគេឡើងជាស្តេចថ្កុំថ្កើង
គ្រងរាជ្យរហូត
២២ហើយយើងនឹងជួយជ្រែងជាជំនួយមិនឱ្យរបូត
ទាំងផ្តល់កម្លាំងរៀងរៀបមិនស្ងួតពូកែរហូត
អំណាចពេញប្រៀប
២៣សត្រូវពុំអាចពង្រឹងអំណាចឬចង់មកគាប
ពួកអ្នកបះបោរក៏មិនអាចធៀបវិនាសរៀងរៀប
ចេញពីមុខអស់
២៤យើងនឹងកម្ទេចសត្រូវមានល្បិចមិនទុកនៅសោះ
ព្រមទាំងប្រហារពួកគេទាំងអស់អ្នកស្អប់គាត់នោះ
មិនឱ្យនៅជិត
២៥យើងនឹងបញ្ចេញហឫទ័យពោរពេញករុណាអាណិត
ចំពោះរូបគេនឹងបាននែបនិត្យថ្កើងរុងរឿងពិត
ដោយសារនាមយើង
២៦យើងនឹងធ្វើឱ្យដាវីឌពេញដោយអំណាចថ្កុំថ្កើង
រេលើសមុទ្រនិងត្រួតគ្រប់គ្រងដល់ទន្លេផង
ទាំងតូចទាំងធំ
២៧ដាវីឌហៅយើងបិតាមិនឆ្មើងថាថ្មខែងហំ
ដែលបានសង្គ្រោះរំដោះរូបខ្ញុំបានឡើងឧត្តម
ខ្ពង់ខ្ពស់សង្ហារ
២៨រីឯយើងវិញយើងនឹងបំពេញដាវីឌស្ងួនភ្ងារ
តាំងជាបុត្រច្បងរបស់យើងណាស្តេចធំអស្ចារ្យ
នៅលើផែនដី
២៩យើងនឹងបញ្ចេញឥតមានទោម្នេញដោយចិត្តប្រណី
នឹងរក្សាទុកសម្ពន្ធមេត្រីចងជាប់មិនស្រាយ
មិនគេចប្រែប្រួល
៣០យើងនឹងតែងតាំងត្រកូលពូជពង្សឱ្យរស់សុខស្រួល
ស្ថិតស្ថេរអស់កល្បដាវីឌតែមួយល្បីល្បាញរញ្ជួយ
ដូចមេឃខៀវខ្ចី
៣១បើសិនពូជពង្សដាវីឌបោះបង់ចោលធម្មវិន័យ
ហើយឈប់ដើរតាមមាគ៌ាប្រពៃធ្វើងើយមិនស្តី
មិនតាមបញ្ជា
៣២ប្រសិនបើគេបំពានវៀចវេរកែប្រែរេរា
ហើយលែងប្រតិបត្តិតាមបទបញ្ជាវិន័យនានា
ជារបស់យើង
៣៣យើងនឹងប្រដៅពួកឆោតល្ងង់ខ្លៅបង្ករឿងឡើង
យើងដាក់ទណ្ឌកម្មទារុណធ្ងន់ថ្កើងកំហុសមានច្រើន
គេបានប្រព្រឹត្ត
៣៤ប៉ុន្តែយើងតែងបញ្ជាក់សម្តែងសេចក្តីអាណិត
ស្មោះស្ម័គ្រនឹងគេឥតប្រែប្រួលចិត្តឬចង់បែរគេច
បែកចិត្តចោលឡើយ
៣៥យើងនឹងមិនផ្តាច់សម្ពន្ធមានស្រេចនោះទេអ្នកអើយ
មិនក្បត់ក្រឡាស់ប្រែមុខជាក្រោយអ្វីនិយាយហើយ
យើងមិនបំបាត់
៣៦យើងបានសន្យាយ៉ាងច្បាស់អស្ចារ្យឥតមានតក់ស្លុត
នៅក្នុងនាមយើងជាព្រះវិសុទ្ធល្បីមិនរលត់
មិនភរបោកប្រាស
៣៧ពូជរបស់គាត់នឹងនៅស្ថេរស្ថិតសុខឥតក្រឡះ
រាជ្យរបស់គេរុងរឿងខ្លាំងណាស់រស្មីត្រចះ
ដូចព្រះអាទិត្យ
៣៨ឬដូចច័ន្ទថ្លៃដែលមានរស្មីគង់វង្សស្ថេរស្ថិត
ធ្វើជាសាក្សីអែបអង្គនែបនិត្យមិនអាចបំបិទ
ឬមានល្បិចកល
៣៩ប៉ុន្តែព្រះម្ចាស់ព្រះអង្គបានលះបង់ចោលកាត់កាល់
ទ្រង់ព្រះពិរោធព្រះរាជាដែលថ្នាក់ថ្នមក្រវែល
ចាក់ប្រេងអភិសេក
៤០ព្រះអង្គបានផ្តាច់សម្ពន្ធបណ្តាច់មេត្រីល្អឯក
ជាមួយបម្រើទម្លាក់មកុដរាជ្យរាជានោះទៀត
ឱ្យធ្លាក់ដល់ដី
៤១កំពែងទាំងអស់ត្រូវខូចធ្លាយធ្លុះមិនមានសល់អ្វី
ទាំងតួបន្ទាយរលំដល់ដីបាក់បែកខ្ចាត់ខ្ចាយ
មិនសល់ចន្លោះ
៤២អ្វីដែលស្តេចបានគេប្លន់បំពានរឹបអូសយកអស់
ប្រទេសជិតខាងពេបជ្រាយខាកស្តោះមើលងាយចំពោះ
អង្គព្រះរាជា
៤៣ព្រះអង្គប្រទានកម្លាំងឱ្យមានដល់ពួកបច្ចា
ខ្លាំងក្លាពេកក្រៃដូចដំរីសាសត្រូវនាំគ្នា
រីករាយសប្បាយ
៤៤ព្រះអង្គធ្វើឱ្យសាស្រ្តាវុធថយឫទ្ធីបារមី
ឈប់ឱ្យសក្តិសិទ្ធិព្រះអង្គមិនខ្ចីអាណិតប្រណី
ស្តេចក្នុងចម្បាំង
៤៥ទ្រង់ដកអំណាចដោយឥតមានខ្លាចព្រះរាជាគាំង
បន្ថយជន្មារំលំបល្ល័ង្កស្តេចភ័យស្លេកស្លាំង
បាក់មុខអាប់យស
៤៦ព្រះអង្គពុំឱ្យព្រះរាជាសោយរាជ្យបានយូរសោះ
ទ្រង់ធ្វើឱ្យស្តេចទទួលអាម៉ាស់រងទុក្ខក្រៃក្រាស់
ខ្មាសអស់ប្រជា
៤៧ឱព្រះម្ចាស់អើយម្តេចគង់ព្រងើយពុំព្រមវាចា
សូមស្រាយពិរោធសង្គ្រោះសង្ខារឬមិនមេត្តា
នៅតែឆាបឆេះ
៤៨នៅតែឆាបឆេះអាយុសង្ខារខ្ញុំខ្លីអ្វីម៉េ្លះ
ព្រះអង្គបង្កើតមនុស្សលោកមកនេះដើម្បីបញ្ឆេះ
រំលាយទៅវិញ
៤៩គ្មាននរណាម្នាក់រស់នៅទៀងជាក់មិនដែ​លទោម្នេញ
កើតហើយតែងស្លាប់ទៅជាដីវិញមិនអាចគេចចេញ
ពីមច្ចុរាជបាន
៥០ឱ! ព្រះអម្ចាស់តើស្នាព្រះហស្គទ្រង់ទាំងប៉ុន្មាន
មេត្តាករុណាដែលព្រះអង្គបានធ្លាប់ប្រោសប្រទាន
ដាវីឌទៅណា ?
៥១ព្រះអម្ចាស់អើយសូមកុំព្រងើយបំភ្លេចទាសា
កំពុងបាក់មុខស្ទើរក្ស័យសង្ខារអស់រាស្រ្តប្រជា
ក្នុងបន្ទុកខ្ញុំ
៥២បពិត្រព្រះម្ចាស់សត្រូវទាំងនោះបំបាក់មុខចំ
ស្តេចដែលទ្រង់បានអភិសេកជាធំដៀលជេរមិនសម
រាជាឥតហេតុ
៥៣សូមលើកតម្កើងសិរីរុងរឿងថ្លៃខ្ពស់ត្រដែត
របស់ព្រះម្ចាស់ភ្លឺចាំងក្រឡែតអស់កល្បរហូត
អង្វែងរៀងទៅ