ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ទំនុកតម្កើងលេខ ៧៤ (៧៣) បទព្រហ្មគីតិ

បពិត្រព្រះម្ចាស់អើយចុះម្តេចឡើយក៏ព្រះអង្គ
ឈប់នឹកហើយបោះបង់ឱ្យរញង់នៅកំព្រា
ម្តេចក៏ទ្រង់ពិរោធយើងរហូតឱ្យវេទនា
ភ្លេចអស់រាស្រ្តប្រជាធ្លាប់គាំពារត្រាប្រណី
កុំភ្លេចព្រះសហគមន៍ដែលទ្រង់សុំមកថ្នមបី
ជាកម្មសិទ្ធិប្រពៃសូមអាល័យភ្នកនឹកនា
គឺពួកកុលសម្ព័ន្ធដែលទ្រង់បានលោះមកជា
មរតកថ្លៃមហិមារកពណ៌នាក៏ពុំបាន
សូមនឹកដល់បងប្អូនភ្នំស៊ីយ៉ូនល្អថ្កើងថ្កាន
ទ្រង់យកជាទីស្ថានគង់នៅបានក្តីសុខដុម
សូមយាងមកវិហារដែលគ្រាំគ្រាយូរខែឆ្នាំ
សក្ការៈត្រូវខ្ទេចខ្ទាំលែងរឹងមាំខ្មាំងបំផ្លាញ
បច្ចាមិត្រព្រះអង្គស្រែករំពងគ្រប់ទីស្ថាន
ដែលព្រះអង្គធ្លាប់បានជួបនឹងយើងរៀងរាល់ថ្ងៃ
ពួកគេប្រៀបបានទៅផ្លែពូថៅអ្នកកាប់ព្រៃ
គេប្រឹងឥតសំចៃរៀងរាល់ថ្ងៃឥតឈប់ឈរ
គេយកផ្លែពូថៅវាយសំដៅក្បាច់ដ៏ល្អ
រចនាស្រស់បវរមិនឈប់ឈរមិនស្រណោះ
គេដុតទីសក្ការដ៏ថ្លៃថ្លាចោលទាំងអស់
បន្ថោកដំណាក់ព្រះជាអម្ចាស់ឥតមានក្រែង
គេនាំគ្នាគិតថានឹងផ្តន្ទាឱ្យជាក់ស្តែង
ដុតបំផ្លាញកន្លែងគ្មានរអែងនៅក្នុងស្រុក
យើងខ្ញុំលែងឃើញអ្វីដែលប្រពៃតទៅមុខ
ជាទីសំគាល់ទុកថាទៅមុខយើងជាតិអ្វី ?
យើងលែងមានទាំងអស់បាត់ទាំងឈ្មោះព្យាការី
គ្មាននរណាដឹងអីថាយើងនៅច្នេះដល់ណា
១០បពិត្រព្រះម្ចាស់អើយហេតុម្តេចឡើយនៅមេត្តា
ឱ្យអស់ពួកបច្ចាដៀលមុសាដល់ណាទៀត ?
១១សូមបារមីព្រះអង្គសង្គ្រោះផងកុំបីឃ្លាត
លាក់ទុកធ្វើអ្វីទៀតឱ្យខ្មាំងឃ្លាតបាក់ខ្ចាយខ្ចាត់
១២ឱព្រះជាម្ចាស់អើយព្រះអង្គហើយគឺជាក្សត្រ
នៃខ្ញុំពីដើមពិតទ្រង់តែងគិតជួយច្រើនសា
១៣ទ្រង់បង្ក្រាបសមុទ្រដោយសារឫទ្ធិខ្លាំងអស្ចារ្យ
រួចហើយក៏ប្រហារផ្តាច់សិរសានាគសាមាន្យ
១៤ព្រះអង្គវាយកម្ទេចសិរសាស្តេចក្រពើបាន
ឱ្យអស់សត្វតិរច្ឆានក្នុងរហោស្ថានជាអាហារ
១៥ទ្រង់ធ្វើឱ្យទឹកផុសដូចទឹកជ្រោះខ្លាំងអស្ចារ្យ
ទន្លេសព្វទិសារីងសោកាស្ងួតហួតហែង
១៦ទ្រង់ជាម្ចាស់លើថ្ងៃឬយប់ក្តីគ្រប់កន្លែង
ព្រះចន្ទនិងសូរ្យសែងព្រះអង្គតែងដាក់បញ្ជា
១៧ព្រះអង្គបានកំណត់ជាប្រាកដផែនពសុធា
មានរដូវរងាដាច់ពីគ្នាប្រាំងវស្សា
១៨ឱព្រះដ៏ត្រចង់សូមព្រះអង្គកុំភ្លេចថា
សាសន៍ល្ងីល្ងើនោះណាជេរផ្តន្ទានាមព្រះអង្គ
១៩កុំប្រគល់ជីវិតរាស្រ្តកម្សត់របស់ទ្រង់
ទៅក្នុងដៃពួកខ្មាំងបែរប្រឆាំនឹងទ្រង់ឡើយ
២០សូមនឹងដល់សម្ពន្ធច្រើនជំនាន់យូរមកហើយ
រាស្រ្តភ័យព្រួយឥតស្បើយពាលនៅឡើយពាសពេញស្រុក
២១សូមឱ្យពួកអស់អ្នកធ្លាប់លំបាកឈប់កើតទុក្ខ
អ្នកក្រខ្សត់បានសុខតទៅមុខថ្កើងព្រះអង្គ
២២ឱព្រះជាម្ចាស់អើយកុំកន្តើយការពារផង
ព្រះនាមល្អឥតហ្មងពួកល្ងើល្ងង់ជេរខ្លាំងណាស់
២៣កុំភ្លេចសូរសម្រែកសត្រូវជ្រែកនឹងព្រះម្ចាស់
គេស្រែកអឺងកងណាស់ទាស់ព្រះម្ចាស់ឥតឈប់ឡើយ