ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ទំនុកតម្កើងលេខ ១០២ (១០១) បទព្រហ្មគីតិ

ឱព្រះអម្ចាស់អើយសូមផ្ទៀងហើយព្រះសណ្តាប់
សម្រែកខ្ញុំរ៉ាយរ៉ាប់សូមទ្រង់ស្តាប់យើងខ្ញុំផង
ពេលខ្ញុំមានអាសន្នកុំលាក់ពួនភក្ត្រព្រះអង្គ
ខ្ញុំស្រែកហៅរកទ្រង់សូមឆ្លើយផងកុំស្ងៀមស្ងាត់
ព្រោះដ្បិតជីវិតខ្ញុំត្រូវរលំរលាយខ្ចាត់
ដូចផ្សែងត្រូវខ្យល់ផាត់ខ្លួនប្រាណប្រឹតស្គមរីងរៃ
រូបខ្ញុំអស់ទឹកចិត្តដូចស្មៅស្វិតក្រៀមត្រូវថ្ងៃ
ទោះជាអាហារក្តីក៏ខ្ញុំលៃលែងនឹកនា
រូបខ្ញុំចេះតែថ្ងូរទួញទ្រហោររាល់វេលា
លែងជាមនុស្សល្អជាសែនវេទនាស្បែកគ្របឆ្អឹង
រូបខ្ញុំដូចសត្វក្អែកដែលតែងស្រែកហោះកាត់បឹង
ក្នុងព្រៃស្មសានឈឹងដូចសត្វជ្រឹងក្នុងព្រឹក្សព្រៃ
ខ្ញុំដេកមិនលក់សោះសែនក្រៀមក្រោះអស់ជើងដៃ
បីដូចសត្វបក្សីទាំងយប់ថ្ងៃទំលើផ្ទះ
ជារៀងរាល់ខែថ្ងៃខ្មាំងចង្រៃមាក់ងាយណាស់
គេបានយកទាំងឈ្មោះទៅដាក់ដោះបណ្តាសា
១០ពេលខ្ញុំបរិភោគទាំងទុក្ខសោកឥតឧបមា
ខ្ញុំបរិភោគពេលណាទឹកនេត្រាហូរសស្រាក់
១១ពីព្រោះព្រះពិរោធទ្រង់ខ្ញាល់ក្រោធតែខ្ញុំម្នាក់
ទ្រង់ឥតមានថ្នមថ្នាក់បោះទម្លាក់ខ្ញុំវេទនា
១២ជីវិតខ្ញុំហាក់ដូចស្រមោលតូចពេលសន្ទិយា
ដូចស្មៅខ្វះគង្គាគ្មានមនុស្សម្នានៅថែទាំ
១៣បពិត្រព្រះអម្ចាស់គ្រងរាជ្យអស់កល្បយូរឆ្នាំ
គេនឹងរំលឹកចាំយូរខែឆ្នាំអង្វែងទៅ
១៤ព្រះអង្គសព្វព្រះទ័យនឹងបុរីនេះពេកកូវ
ស៊ីយ៉ូនពេលឥឡូវទ្រង់តម្រូវអាណិតហើយ
១៥អ្នកបម្រើព្រះអង្គស្រឡាញ់ក្រុងមិនកន្តើយ
ទោះជាបែកបាក់ហើយមិនចោលឡើយចាំជានិច្ច
១៦សូមឱ្យជនគ្រប់សាសន៍កោតខ្លាចព្រះកុំមានភ្លេច
សូមឱ្យអស់ទាំងស្តេចចាំជានិច្ចកោតខ្លាចទ្រង់
១៧នៅពេលព្រះអម្ចាស់សាងស្រឡះស៊ីយ៉ូនក្រុង
ទ្រង់ស្តែងសិរីរុងដ៏ត្រចង់ឱ្យគេយល់
១៨ពេលនោះទ្រង់នឹងបែរព្រះភក្ត្ររេទតមកដល់
មនុស្សលែងខ្វាយខ្វល់ទ្រង់ទទួលពាក្យយើងហើយ
១៩សូមកត់ក្តីនេះចុះទុកឱ្យមនុស្សជំនាន់ក្រោយ
ប្រជារាស្រ្តកើតហើយកុំកន្តើយថ្កើងព្រះអង្គ
២០ព្រះអម្ចាស់ទតពីសក្ការៈទីដ៏ត្រចង់
ស្ថានសួគ៌សុខឥតហ្មងមិនរំលងសព្វផែនដី
២១ដើម្បីស្តាប់សម្រែកពួកឈ្លើយស្រែកទាំងយប់ថ្ងៃ
អ្នកដែលត្រូវក្សិណក្ស័យគេកាត់ក្តីមិនសុចរិត
២២គេនឹងប្រកាសប្រាប់ព្រះនាមគាប់ម្ចាស់វរមិត្ត
នៅក្រុងស៊ីយ៉ូនពិតតម្កើងឫទ្ធិនៅសាឡឹម
២៣គឺពេលដែលប្រជាជាតិនានាមកជួបជុំ
ដើម្បីគោរពសុំបម្រើអម្ចាស់ជាព្រះ
២៤ពេលខ្ញុំពេញកម្លាំងខ្ញុំក្លាខ្លាំងមិនហេវខ្សោះ
ទ្រង់ឱ្យខ្ញុំទន់អស់ហើយបន្សោះទាំងជីវិត
២៥ហេតុនេះហើយទើបខ្ញុំលើកដៃសុំទ្រង់អាណិត
សូមកុំដកជីវិតពេលខ្ញុំឋិតមិនទាន់ចាស់
២៦ទ្រង់បង្កើតផែនដីយូរយារក្រៃអង្វែងណាស់
ផ្ទៃមេឃអ្វីទាំងអស់ស្នាព្រះហស្តព្រះអង្គដែរ
២៧ផ្ទៃមេឃនិងផែនដីត្រូវរលាយបែកហូរហែ
តែទ្រង់ឥតកែប្រែគង់ស្ថិតស្ថេរជាប់រហូត
២៨ព្រះម្ចាស់គង់ជាខែលនៅដដែលមិនរបូត
ព្រះជន្មមិនរលត់មិនចេះផុតគ្មានបញ្ចប់
២៩កូនចៅរបស់ខ្ញុំនៅជួបជុំបម្រើស្រាប់
រស់ដោយសុខគួរគាប់ទ្រង់គង់ជាប់ថែកូនចៅ