ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ទំនុកតម្កើងលេខ ២៧ (២៦) បទពាក្យ៧

ព្រះអម្ចាស់ទ្រង់ជាពន្លឺនាមល្បីរន្ទឺព្រះសង្គ្រោះ
មិនឱ្យខ្ញុំខ្លាចនរណាសោះជាកំពែងខ្ពស់ជួយជីវិត
ពេលពួកជនពាលជាបច្ចារូតរះម្នីម្នាចូលមកជិត
ពួកគេចង់មកផ្តាច់ជីវិតតែពួកឧក្រិដ្ឋត្រូវភ្លាត់ដួល
ទោះមានទ័ពច្រើនមករោមរឹតឡោមព័ទ្ធខ្ញុំជិតក៏មិនជ្រួល
ទោះលើកគ្នាច្បាំងខ្ញុំសុខស្រួលចិត្តមិនប្រែប្រួលសង្ឃឹមព្រះ
ខ្ញុំទូលព្រះម្ចាស់នូវសេចក្តីតែមួយគត់ខ្លីឱ្យបានច្បាស់
គឺចង់ស្នាក់នៅដំណាក់ព្រះឥតមានក្រឡះមួយជីវិត
ដើម្បីខ្ញុំបានកោតស្ញែងស្ញប់ឫទ្ធានុភាពថ្កុំថ្កើងពិត
នឹងថ្វាយបង្គំម្ចាស់ជីវិតព្រះអង្គគង់ស្ថិតក្នុងវិហារ
ពេលខ្ញុំជួបគ្រោះអាសន្នភ័យព្រះអង្គដឹកដៃខ្ញុំម្នីម្នា
ចូលខ្លួនជ្រកក្នុងព្រះពន្លាបំពួនអាត្មាថ្មដាបាំង
ឥឡូវព្រះអង្គលើករូបខ្ញុំឱ្យខ្ពស់ឧត្តមហួសពួកខ្មាំង
ថ្វាយយញ្ញបូជាហើយព្រមទាំងស្រែកជ័យឃោសផងស្មូតតម្កើង
ឱព្រះម្ចាស់អើយសូមសណ្តាប់ស្នូរខ្ញុំស្រែកប្រាប់ឮលាន់ឡើង
អាណិតឆ្លើយតបកុំឆ្មៃឆ្មើងមកខ្ញុំវិញផងកុំកន្តើយ
ខ្ញុំនឹកទៅដល់ព្រះបន្ទូលព្រះអង្គថ្លែងពោលទុកមកហើយ
ចូរស្វែងរកយើងនឹងបានស្បើយខ្ញុំមិនព្រងើយស្វែងរកភ័ក្ត្រ
សូមទ្រង់អាណិតដល់រូបខ្ញុំកុំពួនសំងំនៅលួចលាក់
កុំព្រះពិរោធកុំអន់អាក់កុំបណ្តេញអ្នកបម្រើចោល
ព្រះអង្គសង្គ្រោះទូលបង្គំកុំទុករូបខ្ញុំនៅតែលតោល
ឱព្រះសង្គ្រោះដូចស្រមោលកុំទុកខ្ញុំចោលដូច្នេះណា
១០ទោះឪពុកម្តាយទូលបង្គំបោះបង់ចោលខ្ញុំឱ្យឯកា
ព្រះម្ចាស់នៅតែថែរក្សាប្រណីមេត្តាជាប់ជានិច្ច
១១សូមព្រះអម្ចាស់បង្រៀនខ្ញុំស្គាល់ផ្លូវឧត្តមគ្មានកលកិច្ច
ដើរតាមមាគ៌ាមិនបែរគេចព្រោះខ្មាំងមានល្បិចចាំឃ្លាំមើល
១២សូមកុំបណ្តោយឱ្យខ្ញុំធ្លាក់ចូលក្នុងអន្ទាក់ខ្មាំងងងើល
សាក្សីក្លែងក្លាយបង្កាច់មួលអ្នកនោះតែងពោលពាក្យឃោរឃៅ
១៣ខ្ញុំជឿជាក់ថាខ្ញុំនឹងបានឃើញសុខក្សេមក្សាន្តមិនអាស្រូវ
មង្គលកើតពីព្រះម្ចាស់នៅក្នុងលោកតទៅជាមិនខាន
១៤ចូរទុកចិត្តលើព្រះអម្ចាស់ព្រះអង្គជាព្រះដ៏ថ្កើងថ្កាន
ចូរមានកម្លាំងចិត្តក្លាហាននោះអ្នកនឹងមានសុខមង្គល