ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ទំនុកតម្កើងលេខ ១៨ (១៧) បទពាក្យ៧

ឱ! ព្រះអម្ចាស់អើយខ្ញុំកោតហើយលើកព្រះអង្គ
ព្រោះទ្រង់ជាកម្លាំងរបស់ខ្ញុំធំមាំមួន
ព្រះម្ចាស់ជាថ្មដារឹងអស្ចារ្យខ្ញុំលាក់ខ្លួន
ជាខែលមាំហំហួនខ្ញុំរួចខ្លួនមានជោគជ័យ
ពេលខ្ញុំស្រែកដង្ហោយព្រះម្ចាស់ជួយឱ្យផុតភ័យ
ផុតពីខ្មាំងចង្រៃសូមលើកដៃថ្កើងព្រះអង្គ
ក្តីស្លាប់រួបរឹតខ្ញុំដូចទឹកធំហូរតម្រង់
កួចឆក់មិនបង្អង់អន្តរាយបង់សូន្យឥតអាក់
ក្តីស្លាប់បានរួមរិតខ្ញុំសែនភិតភ័យញ័រញាក់
ដូចចូលក្នុងអន្ទាក់ដែលគេដាក់ចង់ប្រល័យ
នៅពេលខ្ញុំកើតទុក្ខខ្ញុំស្រែករកព្រះម្ចាស់ថ្លៃ
ទ្រង់សណ្តាប់សម្តីដោយមេត្រីវិហារ
សំឡេងរបស់ខ្ញុំលាន់រងំឮខ្ទ័រខ្ទារ
ទៅប៉ះដល់ព្រះកាណ៌ក្នុងសោតាព្រះម្ចាស់ខ្ញុំ
ផែនដីកក្រើកញ័រលាន់ខ្ទារខ្ទ័រគ្រប់ជ្រោយជ្រុង
ភ្នំក៏មិនគង់វង្សព្រោះព្រះអង្គខ្ញាល់ពេកក្រៃ
ផ្សែងចេញពីនាសាអង្គក្សត្រាព្រះម្ចាស់ថ្លៃ
ភ្លើងឆេះច្រើនឥតបីច្រើនពេកក្រៃពីព្រះឱស្ឋ
១០ព្រះអង្គផ្អៀងមេឃារួចម្នីម្នាទ្រង់យាងចុះ
មានទាំងពពកក្រាស់ពណ៌សក្បុសទ្រាប់បាទា
១១គង់លើខេរ៉ូប៊ីនដែលជាយានហោះម្នីម្នា
ទ្រង់យកវាយោជាយានបក្សានៃក្សត្រថ្លៃ
១២ហើយយកភាពងងឹតមកបាំងបិទស្នាក់អាស្រ័យ
ពពកខ្មៅក្រាស់ក្រៃទ្រង់លកលៃជាពន្លា
១៣ផ្លេកបន្ទោរចែងចាំងពីមុខទ្រង់ភ្លឺមហិមា
ធ្លាក់ព្រឹលសែនរងារលើពសុធាមានភ្លើងធ្លាក់
១៤ព្រះអម្ចាស់ធ្វើឱ្យមេឃរញ្ជួយផ្គរឥតអាក់
ព្រះដ៏ខ្ពស់ផុតថ្នាក់សូរសៀងធ្លាក់ពីលើមក
១៥ទ្រង់បាញ់ព្រួញតម្រង់ទៅលើខ្មាំងច្រើនគរគោក
បាញ់ផ្លេកបន្ទោរមកខ្ទេចជម្រកបាក់ទ័ពអស់
១៦បពិត្រព្រះអម្ចាស់បន្ទូលច្បាស់ដូចខ្យល់ព្យុះ
ឱ្យបាតសមុទ្រផុសហើយលេចគ្រឹះផែនដីមក
១៧ព្រះអង្គលាតព្រះហស្តពីស្ថានខ្ពស់បីទ្រយក
ស្រង់ខ្ញុំឱ្យរួចមកពីរលកសមុទ្រជ្រៅ
១៨ព្រះអង្គបានរំដោះឱ្យផុតគ្រោះផុតសត្រូវ
ផុតពីមនុស្សឃោរឃៅមនុស្សកម្លៅខ្លាំងជាងខ្ញុំ
១៩ពេលមានទុក្ខវេទនាគេនាំគ្នាចងគំនុំ
គេវាយប្រហារខ្ញុំព្រះឧត្តមជួយការពារ
២០ព្រះអង្គនាំខ្ញុំផុតក្តីតក់ស្លុតទុក្ខគ្រាំគ្រា
រំដោះផុតវេទនាទ្រង់គាំពារទូលបង្គំ
២១ព្រះអម្ចាស់ប្រព្រឹត្តតាមសុចរិតរបស់ខ្ញុំ
តបមកទូលបង្គំស្របតាមខ្ញុំដែលបរិសុទ្ធ
២២ដ្បិតខ្ញុំបានប្រណិប័តន៍យ៉ាងទៀងទាត់ល្អបំផុត
តាមមាគ៌ាមោះមុតតែមួយគត់នៃព្រះអង្គ
២៣ខ្ញុំប្រព្រឹត្តវិន័យល្អឥតបីហើយស្មោះត្រង់
តាមមាគ៌ាព្រះអង្គមិនបោះបង់បទបញ្ជា
២៤ខ្ញុំគ្មានក្តីសៅហ្មងឥតមានឆ្គងឥតរេរា
ប្រយ័ត្នខ្លួនការពារឱ្យល្អជាគ្មានកំហុស
២៥ព្រះអម្ចាស់ប្រណីតាមសេចក្តីសុចរិតស្មោះ
អំពើខ្ញុំទាំងអស់បែបជាមនុស្សបរិសុទ្ធ
២៦បពិត្រព្រះអម្ចាស់ហឫទ័យស្មោះត្រង់បំផុត
អ្នកដែលគ្មានពុតត្បុតចិត្តបរិសុទ្ធស្មោះសរក្រៃ
២៧ចំពោះអ្នកមានចិត្តបរិសុទ្ធតាមព្រះទ័យ
ចំពោះមនុស្សអប្រីយ៍ព្រះអង្គលៃប្រើកល្បិច
២៨ព្រះអង្គជួយសង្គ្រោះមនុស្សទាំងអស់គ្មានកលកិច្ច
បន្ទាបជាន់ពន្លិចមនុស្សមានល្បិចចិត្តឆ្មើងឆ្មៃ
២៩បពិត្រព្រះម្ចាស់អើយព្រះអង្គហើយគឺរង្សី
ពន្លឺភ្លឺពេកក្រៃមានសិរីផុតងងឹត
៣០ទ្រង់ប្រទានកម្លាំងឱ្យឈ្នះខ្មាំងដែលជុំជិត
ហើយទូលបង្គំពិតជាលោតផុតកំពែងក្រុង
៣១មាគ៌ាព្រះអម្ចាស់សែនល្អល្អះច្បាស់យល់យង់
បន្ទូលពិតទាំងស្រុងជាខែលរងរាំងការពារ
៣២មានតែព្រះអម្ចាស់ដែលជាព្រះពិតសត្យា
គ្មានព្រះផ្សេងឯណាជាថ្មដាឱ្យជ្រកសោះ
៣៣ទ្រង់ប្រទានកម្លាំងឱ្យខ្ញុំខ្លាំងក្លាមុតមោះ
មាគ៌ាខ្ញុំទាំងអស់ឥតមានទាស់សោះឡើយណា
៣៤ព្រះអម្ចាស់ប្រទានឱ្យខ្ញុំមានល្បឿនអស្ចារ្យ
ដូចក្តាន់ក្នុងព្រឹក្សាខ្ញុំយាត្រាឈរទីខ្ពស់
៣៥ព្រះអង្គបានបង្ហាត់ខ្ញុំឱ្យស្ទាត់ចេះទាំងអស់
ធ្វើសឹកក៏មិនទាស់ជំនាញខ្ពស់យឹតធ្នូបាន
៣៦បពិត្រព្រះអម្ចាស់ប្រពៃណាស់ការពារប្រាណ
សង្គ្រោះឱ្យថ្កើងថ្កានរស់សុខសាន្តដោយបារមី
ព្រះអង្គគាំទ្រខ្ញុំទូលបង្គំដោយប្រពៃ
លើកឡើងខ្ពង់ខ្ពស់ក្រៃដោយហឫទ័យមានមេត្តា
៣៧ព្រះអង្គប្រោសប្រទានឱ្យខ្ញុំមានល្បឿនអស្ចារ្យ
មិនឱ្យខ្មាំងឫស្យាដេញអាត្មាភ្លាត់ជើងឡើយ
៣៨ខ្ញុំដេញតាមពួកខ្មាំងចាប់ឃុំឃាំងមិនកន្តើយ
កម្ទេចពួកវាហើយមិននៅឡើយវិលទីស្ថាន
៣៩ខ្ញុំកម្ទេចពួកវាឱ្យវេទនាងើបមិនបាន
ដេកដួលស្លាប់ទាំងប្រាណដូចតិរច្ឆានក្រោមជើងខ្ញុំ
៤០ព្រះអង្គបានប្រទានឱ្យខ្ញុំមានកម្លាំងមាំ
តយុទ្ធមិនបាច់ខំជោគជ័យធំឈ្នះសត្រូវ
៤១ទ្រង់ឱ្យគេបាក់ទ័ពរត់ទៅស្លាប់សែនអាស្រូវ
អ្នកប្រឆាំងអស់ផ្លូវមិនឱ្យនៅវិនាសសូន្យ
៤២គេស្រែករកជំនួយគ្មានអ្នកជួយមុខស្រពោន
ព្រះម្ចាស់ក៏លាក់ខ្លួនសំងំពួនមិនតបឆ្លើយ
៤៣ទូលបង្គំកម្ទេចមិនឱ្យគេចផុតរួចឡើយ
ដូចខ្យល់បក់រួចហើយបោសខ្ចាត់ខ្ចាយជ្រាំតាមផ្លូវ
៤៤ព្រះអង្គជួយរំដោះផុតពីគ្រោះកាចអាស្រូវ
ហើយទ្រង់ត្រួសត្រាយផ្លូវតែងតាំងនូវទូលបង្គំ
ធ្វើជាអ្នកដឹកនាំឱ្យរឹងមាំផុតទុក្ខធំ
ប្រជាមកមូលផ្តុំចុះចូលខ្ញុំជាប្រញាប់
៤៥ជនបរទេសនាំគ្នាមកម្នីម្នាប្រុងចាំស្តាប់
តាមពាក្យខ្ញុំបង្គាប់ដូចកូនត្រាប់តាមមាតា
៤៦បរទេសបាក់ទឹកចិត្តសែនភ័យភិតខ្លាចមរណា
ភ័យញាប់ញ័រកាយាចេញអាត្មាពីជំរក
៤៧ជយោ! ព្រះជាម្ចាស់ព្រះអង្គច្បាស់មានជ័យជោគ
ជាថ្មដែលយើងជ្រកយើងរត់រកការសង្គ្រោះ
៤៨ឱ្យរូបទូលបង្គំមានជ័យធំដ៏មុតមោះ
ព្រះអង្គបង្ក្រាបអស់ជនទាំងនោះឱ្យចូលចុះ
៤៩ទ្រង់ប្រោសទូលបង្គំផុតទុក្ខធំសត្រូវអស់
ហើយលើកឱ្យបានខ្ពស់រួចរំដោះផុតបច្ចា
៥០ហេតុនេះទូលបង្គំសូមប្រណម្យអង្គក្សត្រា
កណ្តាលសាសន៍នានាលើកនាមាព្រះអង្គថ្លៃ
៥១ព្រះអង្គប្រោសឱ្យអ្នកដែលទ្រង់ស្ម័គ្រឱ្យមានជ័យ
ជំនះយ៉ាងប្រពៃដែលល្បាញល្បីដ៏អស្ចារ្យ
ទ្រង់មានហឫទ័យស្មោះស្ម័គ្រចំពោះព្រះគ្រីស្តណា
ចាក់ប្រេងលើសិរសាទាំងវង្សាស្តេចដាវីឌ