ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ក្រុងយេរូសាឡឹមថ្មី បទពាក្យ ៧

(ព្យាការីអេសាយ ៦២,១-៥)

យើងតែងគិតគូរការពារក្រុងឱ្យនៅគង់វង្សមានអ្នកថែ
យេរូសាឡឹមស៊ីយ៉ូនដែរយើងមិនស្ងៀមទេមិនកន្តើយ
ដរាបទាល់តែក្តីសុចរិតចាំងចែងពេញពិតទើបធូរស្បើយ
ដូចថ្ងៃរះពេញពន្លឺហើយការសង្គ្រោះឱ្យភ្លឺដូចភ្លើង
ពេលនោះមនុស្សគ្រប់ជាតិសាសន៍ឃើញសុចរិតច្បាស់មិនឆ្មៃឆ្មើង
ស្តេចទាំងប៉ុន្មាននឹកឃើញឡើងសិរីរុងរឿងនៃអ្នកដែរ
ឈ្មោះចាស់ក្រុងឯងគេលែងហៅគេពោលសំដៅតាមគេប្រែ
ឈ្មោះល្អសែនសមអ្វីម៉េ្លះទេព្រះប្រទានគេឱ្យរុងរឿង
ក្រុងឯងនឹងទៅជាភួងជ័យប្រណីតពេកក្រៃសែនថ្កុំថ្កើង
នឹងទៅជាមកុដរាជ្យរុងរឿងព្រះហស្តព្រះយើងទ្រង់កាន់កាប់
គេនឹងលែងហៅអ្នកឯងថាស្រីមិនបានការមិនចំណាប់
ស្រីប្តីបោះបង់មិនគួររាប់គេលែងបង្អាប់ដល់អ្នកទៀត
តំបន់ជុំវិញគេក៏លែងមើលងាយហៅឯងថាចោលម្សៀត
ថាស្ងាត់ជ្រងុំដូចព្រៃស្បាតដែលមានដុះសុទ្ធស្មៅទៀតទេ
តែផ្ទុយទៅវិញគេនឹងហៅឯងថាពាលពៅបងសូមស្នេហ៍
តំបន់ជុំវិញគេបំពេរថាស្ងួនមាសមេភរិយាបង
ដូចពាក្យសម្តីឆ្លើយសារសងពាក្យអូនពាក្យបងត្រូវរ៉ូវគ្នា
ព្រះម្ចាស់បង្កើតជារូបអ្នកទ្រង់គង់ថ្នមថ្នាក់រាល់វេលា
សប្បាយឥតខ្វល់ដូចភរិយាថ្មីថ្មោងជាគ្នានឹងស្វាមី