ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ប្រជាជនអ៊ីស្រាអែលមានអំណរសប្បាយនៅពេលត្រឡប់មកស្រុកវិញ បទព្រហ្មគីតិ

(ព្យាការីយេរេមី ៣១,១០-១៤)

១០ប្រជាជាតិទាំងឡាយសូមខ្វល់ខ្វាយនាំគ្នាស្តាប់
បន្ទូលព្រះផ្សាយផ្សព្វទៅដល់សព្វកោះនៅឆ្ងាយ
ចូរអ្នកប្រកាសថា ៖«ព្រះដែលជាអ្នកកម្ចាយ
ស្រាអែលឱ្យទៅឆ្ងាយតែពេលក្រោយទ្រង់ប្រមូល
ព្រះអង្គថែរក្សាឱ្យគ្រប់គ្នាជុំត្រកូល
ដូចគង្វាលប្រមូលចៀមមកមូលមិនឱ្យបាត់ »
១១ព្រះអម្ចាស់បានលោះឱ្យរួចគ្រោះលែងខ្ចាយខ្ចាត់
រំដោះឱ្យរួចផុតពួកទុច្ចរិតដែលខ្លាំងក្លា
១២ពួកគេត្រឡប់វិញគ្មានទោម្នេញស្រែកខ្ញៀវខ្ញា
ហើយគេគ្រប់កាយាចាំត្រៀបត្រាទទួលទ្រព្យ
ដែលព្រះម្ចាស់ប្រទាន​​គេឱ្យមានលែងអភ័ព្វ
មានស្រូវស្រាល្អគាប់ប្រេងក្រអូបទាំងចៀមគោ
ចិត្តពួកគេប្រៀបបានសួនឧទ្យានមានទឹកហូរ
ស្រោចស្រពឡើងជន់ជោរគេលែងថ្ងួរលែងហេវហត់
១៣គ្រានោះស្រីក្រមុំចូលមករាំតាមបែបបទ
ក្មេងចាស់មិនកំណត់គេមិនហត់រាំសប្បាយ
យើងប្រែទុក្ខវេទនាគេទៅជាសើចក្អាកក្អាយ
ឱ្យពួកគេសប្បាយគេរីករាយលែងលំបាក
១៤អស់លោកបូជាចារ្យបានភោក្តាគ្មានសម្រាក
សាច់ឆ្ងាញ់មិនស្រាន្តស្រាកមិនលំបាកដើររុករក
យើងនឹងផ្តល់អំណោយទានទៅឱ្យរាស្រ្តគ្រប់ស្រុក
លែងព្រួយលែងកើតទុក្ខរស់បានសុខសាន្តតទៅ