Skip to content
ទំនុកតម្កើងលេខ ៩៥ (៩៤) បទកាកគតិ
១ | យើងស្រែកច្រៀងឡើង | សរសើរតម្កើង | ថ្វាយព្រះអម្ចាស់ |
| ដោយចិត្តអបអរ | សាទរថ្វាយព្រះ | ជាថ្មមាំណាស់ |
| | ជួយសង្គ្រោះយើង | ។ |
២ | យើងនាំគ្នីគ្នា | រូតរះម្នីម្នា | ជួបភក្ត្រព្រះអង្គ |
| ទាំងអរព្រះគុណ | ស្មូត្របទតម្កើង | កោតសរសើរទ្រង់ |
| | អស់កល្បអង្វែង | ។ |
៣ | ដ្បិតព្រះអម្ចាស់ | ប្រសើរពេកណាស់ | វិសេសក្រៃលែង |
| ទ្រង់គឺជាក្សត្រ | សោយរាជ្យអង្វែង | ខ្ពស់ខ្ពង់ស្ញប់ស្ញែង |
| | លើសព្រះទាំងឡាយ | ។ |
៤ | ព្រះអង្គគ្រប់គ្រង | លើអ្វីទាំងពួង | ឥតមានខ្វល់ខ្វាយ |
| តាំងពីបាតដី | សន្លឹមអន្លាយ | ដល់ទីសែនឆ្ងាយ |
| | កំពូលភ្នំផង | ។ |
៥ | ព្រះអង្គជាម្ចាស់ | សមុទ្រទាំងអស់ | មើលថែគ្រប់គ្រង |
| ព្រោះទ្រង់បង្កើត | សមុទ្រមកផង | ដីល្អកន្លង |
| | ជាស្នាដៃទ្រង់ | ។ |
៦ | ចូរនាំគ្នីគ្នា | គោរពវន្ទា | ក្រាបថ្វាយព្រះអង្គ |
| យើងក្រាបចំពោះ | ព្រះភ័ក្ត្រផូរផង់ | បារមីត្រចង់ |
| | ទ្រង់បង្កើតយើង | ។ |
៧ | ព្រះអង្គជាព្រះ | នៃយើងទាំងអស់ | បារមីថ្កុំថ្កើង |
| ទ្រង់ជាគង្វាល | ដឹកនាំពួកយើង | ថ្ងៃនេះព្រះអង្គ |
| | បន្លឺឡើងថា | ។ |
៨ | មិនត្រូវផ្តេសផ្តាស | ដូចកាលបោរបះ | នៅមេរីបា |
| ដូចថ្ងៃល្បងល | នៅឯម៉ាសា | ក្នុងវាលឯកា |
| | ទីរហោស្ថាន | ។ |
៩ | គឺបុព្វបុរស | នៃអ្នកទាំងអស់ | ចិត្តគេសាមាន្យ |
| គេបានល្បងល | ទោះបីគេបាន | ឃើញកិច្ចប៉ុន្មាន |
| | យើងបានប្រព្រឹត្ត | ។ |
១០ | ក្នុងអំឡុងពេល | សែសិបឆ្នាំដែល | យើងចាំមិនបាត់ |
| មនុស្សជំនាន់នោះ | ឱ្យយើងឆ្អែតចិត្ត | គេធ្វើទុច្ចរិត |
| | ឱ្យយើងពោលថា | ។ |
| ពួកគេទាំងនេះ | ជាប្រជារាស្រ្ត | មានចិត្តឫស្យា |
| ជាមនុស្សវង្វេង | មិនស្គាល់មាគ៌ា | ពួកគេគ្រប់គ្នា |
| | មិនស្តាប់យើងឡើយ | ។ |
១១ | ហេតុនេះយើងខឹង | ពួកគេយ៉ាងខ្លាំង | ឥតមានល្ហែល្ហើយ |
| យើងប្តេជ្ញាចិត្ត | មិនជួយគេឡើយ | ព្រមទាំងមិនឱ្យ |
| | គេចូលក្នុងស្រុក | ។ |