ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ទំនុកតម្កើងរបស់នាហាណ្ណា បទកាកគតិ

(លោកសាមូអែលភាគមួយ ២,១-១០)

ព្រះម្ចាស់ប្រទានចិត្តខ្ញុំឱ្យមានអំណរសប្បាយ
ព្រោះព្រះអង្គលើកខ្ញុំខ្ពស់ពេកក្រៃខ្ញុំអាចនិយាយ
តទល់ពួកខ្មាំង
គ្មាននរណាម្នាក់វិសុទ្ធជាជាក់ដូចជាព្រះអង្គ
ឥតមាននរណាប្រសើរដូចទ្រង់ជាថ្មជួយបាំង
ដូចព្រះយើងទេ
កុំអួតបំប៉ោងពោលពាក្យកាចកោងព្រហើនដៀលជេរ
ដ្បិតព្រះជាម្ចាស់ថ្លឹងថ្លែងរិះរេវិនិច្ឆ័យឥតប្រែ
តាមអំពើមនុស្ស
អ្នកខ្លាំងពូកែព្រះអង្គបំបែរបំបាក់ទាំងអស់
បំផ្លាញទាំងធ្នូតែទ្រង់សន្តោសប្រទានដល់មនុស្ស
កម្លាំងទន់ខ្សោយ
ពួកអ្នកដែលមានអាហារគ្រប់គ្រាន់ឥឡូវគេធ្លោយ
ធ្លាក់ខ្លួនវេទនាខ្វះខាតមុខក្រោយគ្មានអ្វីនឹងឱ្យ
ចម្អែតក្រពះ
ឯអ្នកធ្លាប់ឃ្លានបែរទៅជាមានអាហារមិនខ្វះ
គេបរិភោគឆ្អែតបរិបូណ៌ពេញពាសមានច្រើនដេរដាស
លែងមុខស្រពោន
មិនតែប៉ុណ្ណោះព្រះអង្គសន្តោសស្រីអារគ្មានកូន
មិនឱ្យដាច់ពូជវិនាសសាបសូន្យអាចសម្រាលកូន
បានប្រាំពីរដង
ជីវិតមនុស្សត្រូវស្លាប់ឬរស់ស្រេចលើព្រះអង្គ
គេត្រូវធ្លាក់ទៅស្ថានអ្នកស្លាប់ផងឬក៏បានឡើង
លើទ្រង់ចាត់ចែង
មនុស្សមានក្រអាក្រក់ឬល្អមិនមែនខ្លួនឯង
ព្រះម្ចាស់បន្ទាបឬក៏លើកឡើងព្រះអង្គចាត់ចែង
តាមព្រះហឫទ័យ
ទ្រង់លើកមនុស្សទុរគតស្រីប្រុសពីធូលីដី
ដកអ្នកកម្សត់វេទនាក្រក្រីនោះគឺដើម្បី
ឱ្យស្មើអ្នកធំ
ឱ្យបានគ្រងរាជ្យពេញដោយអំណាចរុងរឿងឧត្តម
ដ្បិតព្រះអម្ចាស់តាំងគ្រឹះរឹងមាំផែនដីដ៏ធំ
មិនរលំឡើយ
ព្រះអង្គមើលថែជីវិតពួកគេផុតទុក្ខល្ហែល្ហើយ
គឺអ្នកស្មោះត្រង់ព្រះអង្គនោះហើយទ្រង់មិនកន្តើយ
ថ្នាក់ថ្នមបមបី
ឯជនអាក្រក់ចិត្តខ្មៅកខ្វក់ទុយ៌សអប្រិយ៍
គេនឹងវិនាសក្នុងពេលដ៏ខ្លីដ្បិតគេគ្មានជ័យ
ដោយកម្លាំងទេ
១០ព្រះអង្គបញ្ចេញរន្ទះដេញបាញ់ទៅលើពួកគេ
ព្រះម្ចាស់វិនិច្ឆ័យទៅផែនដីដែរទ្រង់គ្រប់គ្រងថែ
មិនប្រែទាល់សោះ
ព្រះអង្គប្រទានអានុភាពឱ្យមានដល់ក្សត្រអង្គនោះ
ប្រទានអំណាចចេស្តាទាំងអស់ដែលទ្រង់ថ្កើងយស
ចាក់ប្រេងអភិសេក