ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ទំនុកតម្កើងលេខ ១០៨ (១០៧) បទពាក្យ ៧

ឱព្រះជាអម្ចាស់ខ្ញុំអើយខ្ញុំមិនកន្តើយត្រៀមកាយចិត្ត
ទូលបង្គំនឹងច្រៀងស្មូតបទអស់ពីដួងចិត្តរាល់វេលា
ឱពិណនិងឃឹមទាំងឡាយអើយចូរកុំកន្តើយចាកនិន្ទ្រា
ខ្ញុំនឹងទៅដាស់ព្រះសុរិយាឱ្យចរយាត្រាបំភ្លឺលោក
បពិត្រព្រះអម្ចាស់ថ្លាថ្លៃខ្ញុំតម្កើងថ្វាយទាំងលើកយក
នៅក្នុងជនជាតិច្រើនគរគោកខ្ញុំសូមស្មូត្រមកថ្វាយព្រះអង្គ
ដ្បិតព្រះហឫទ័យធ្លាប់មេត្តាអាសូរករុណាដ៏ត្រចង់
ព្រះទ័យស្ម័គ្រស្មោះឥតមានហ្មងទោះវេហាស៍ផងខ្ពស់មិនស្មើ
ឱព្រះម្ចាស់សូមបង្ហាញឡើងភាពស្រស់ថ្កានថ្កើងនៅស្ថានលើ
សិរីរុងរឿងចាំងផ្លេកភ្លឺល្បាញល្បីរន្ទឺទាំងផែនដី
សូមយាងសង្គ្រោះដោយឫទ្ធាអំណាចចេស្តានិងបារមី
ឆ្លើយតបមកខ្ញុំដោយឃ្មាតខ្មីឱ្យជនប្រុសស្រីរួចជីវិត
ព្រះម្ចាស់ទ្រង់មានបន្ទូលពីសក្ការៈទីដ៏វិសុទ្ធ
ថាយើងនឹងយកជ័យបំផុតរួចនឹងពិនិត្យបែងចែកស្រុក
យើងនឹងវាស់កាត់ចែកស៊ីគែមជ្រលងបន្ថែមភ្នំស៊ូកូត
ចែកឱ្យប្រជារាស្រ្តត្រង់ស្លូតទុកឱ្យរហូតជាមរតក
ទឹកដីកាឡាតយើងយកជាទ្រព្យគាប់ទ័យាមិនតំអក់
ទាំងម៉ាណាសេក៏យើងយកជាទីជម្រករាស្រ្តយើងផង
អេប្រាអ៊ីមអើយអ្នកដូចជាមួកដែកការពារពេលចម្បាំង
យូដាក៏ដូចជាដំបងរាជ្យល្អហ្មត់ហ្មងឫទ្ធិថ្កុំថ្កើង
១០ជើងយើងលាងលើដីម៉ូអាប់អេដំសម្រាប់់បោះស្បែកជើង
បញ្ជាក់ថាម្ចាស់ដីគឺយើងប្រកាសប្រឆាំងភីលីស្ទីន
១១នរណានាំខ្ញុំឱ្យចូលដល់ទីក្រុងមង្គលរឹងមាំមួន
តើនរណានាំខ្ញុំដល់ស្ថានភូមិអេដំបានគ្មានភ័យព្រួយ
១២បពិត្រព្រះជាម្ចាស់ខ្ញុំអើយព្រះអង្គនេះហើយអាចលើកស្ទួយ
ទ្រង់បានបោះបង់ហើយបណ្តោយឈប់យាងមកជួយក្នុងកងទ័ព
១៣សូមជួយយើងខ្ញុំប្រឆាំងតពេលនេះវឹកវរបាក់មុខអាប់
ការជួយពីមនុស្សពិតមិនគាប់មានច្រើនតាន់តាប់គ្មានផលអ្វី
១៤បើព្រះជាម្ចាស់គង់នឹងយើងនេះនឹងថ្កុំថ្កើងបានជោគជ័យ
ព្រះអង្គបង្ក្រាបពួកអប្រីយ៍វិនាសអន្តរាយជារៀងរាប