ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ការប្រជុំនៅថ្ងៃចុងក្រោយបំផុត បទកាកគតិ

(ព្យាការីអេសាយ ៦៦,១០-១៤)

១០ឱអ្នកទាំងអស់ដែលស្រឡាញ់ស្មោះយេរូសាឡឹម
ចូរអរសប្បាយទាំងក្តីសង្ឃឹមគ្រប់គ្នាញញឹម
កុំបីសៅហ្មង
អស់អ្នកកាន់ទុក្ខអាណិតមុខជ្រប់ដល់ក្រុងនេះផង
ចូរអរសប្បាយរីករាយវិញម្តងរួមជាមួយក្រុង
សាឡឹមនេះដែរ
១១សូមគ្រប់កាយាស្កប់ក្នុងចិន្តាបានសុខល្ហើយល្ហែ
ដូចកូនដែលម្តាយបីបមថ្នមថែបំបៅនៅក្បែរ
គ្មានពេលឃ្លាឃ្លាត
អ្នករាល់គ្នានឹងបានសុខថ្កុំថ្កើងឥតបីរវាត
រុងរឿងសិរីដោយក្រុងនេះទៀតអស់ទាំងមិត្តញាតិ
បានសុខគ្រប់គ្រា
១២ដ្បិតព្រះអម្ចាស់មានបន្ទូលច្បាស់ថានឹងបង្ហៀរ
សេចក្តីសុខសាន្តលើក្រុងអ្នកជាដូចទន្លេហៀរ
ទឹកធ្លាក់មិនដាច់
យើងនឹងបង្ហូរធនធានបរិបូណ៌មកឯងឥតភ្លេច
របស់ជនជាតិដទៃជាស្រេចឥតមានកែគេច
ដូចទឹកលិចច្រាំង
យើងនឹងថ្នមថ្នាក់ទៅដល់អស់អ្នកដូចម្តាយទូទាំង
បីបមថ្នមកូនបំបៅគ្របបាំងក្រសោបព្រមទាំង
លើកដាក់លើភ្លៅ
១៣ម្តាយតែងថ្នាក់ថ្នមកូនដោយបីបមមិនឱ្យអាស្រូវ
ដូចយើងថ្នមថ្នាក់អ្នកឱ្យស្ថិតនៅក្នុងក្រុងតទៅ
លែងមានព្រាត់ប្រាស
១៤កាលណាឃើញក្រុងយេរូសាឡឹមសុខសាន្តដូច្នេះ
អ្នករាល់គ្នានឹងសប្បាយពេកណាស់សាច់ឈាមថ្លាស្រស់
ដូចស្មៅខៀវខ្ចី
ព្រះអង្គពុំភ្លេចទោះបីបន្តិចសម្តែងបារមី
របស់ព្រះអង្គជាប្រក្រតីបម្រើប្រុសស្រី
ព្រះអង្គបានឃើញ