ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ទំនុកតម្កើងលេខ ៤៦ (៤៥) បទពាក្យ ៧

ព្រះអម្ចាស់ជាទីជម្រកឱ្យយើងចូលជ្រករាល់ខែឆ្នាំ
ព្រះអង្គតែងតែប្រុងប្រៀបចាំមិនមើលបំណាំពេលអាសន្ន
ទោះបីផែនដីប្រះរញ្ជួយភ្នំប្រែរលួយដោយទាន់ហន់
ទោះធ្លាក់សមុទ្រជ្រៅរាប់ពាន់ជាច្រើនរយជាន់ខ្ញុំមិនភ័យ
ទោះទឹកសមុទ្របោកបាចសាចជួនជោរជួននាចយ៉ាងណាក្តី
ទោះភ្នំកក្រើកខ្ទ័រផែនដីក៏យើងមិនភ័យមិនខ្ចីខ្លាច
មានទន្លេមួយនាំអំណរសិរីបវរស្រោចបាចសាច
បុរីព្រះម្ចាស់មានអំណាចវិសុទ្ធក្រៃពេកព្រះដំណាក់
ព្រះម្ចាស់គង់ក្នុងបុរីណាបានក្តីសុខាមិនអន់អាក់
ព្រោះទ្រង់សង្គ្រោះមិនថ្នាំងថ្នាក់តាំងពីថ្ងៃរះព្រឹកព្រលឹម
ជនជាតិនានាតែងគំរាមស្រុកកើតសង្គ្រាមភ័យជ្រួលជ្រើម
ព្រះម្ចាស់បន្លឺសូរសៀងឡើងផែនដីត្រូវប៉ើងបែកខ្ចាត់ខ្ចាយ
ព្រះជាអម្ចាស់នៃពិភពទ្រង់គង់ប្រសព្វមិនឃ្លាតឆ្ងាយ
ព្រះលោកយ៉ាកុបមិនទន់ជ្រាយកំពែងមាំក្រៃនៃយើងខ្ញុំ
ចូរនាំគ្នាមើលស្នាព្រះហស្តរបស់ព្រះម្ចាស់ដ៏ឧត្តម
កិច្ចការអស្ចារ្យទាំងតូចធំដែលទ្រ​ង់ខិតខំលើផែនដី
១០ទ្រង់បានប្រមូលធ្នូលំពែងខែលដាវខ្លីវែងគ្មានសល់អ្វី
រទេះគ្រឿងក្រោះបោះទៅដីដុតខ្ទេចគ្មានស្តាយមិនស្រណោះ
១១ចូរឈប់ច្បាំងទៅត្រូវដឹងថាគឺយើងនេះណាជាព្រះម្ចាស់
យើងគ្រប់គ្រងលើជាតិទាំងអស់មិនសល់ចន្លោះលើលោកា
១២ព្រះអម្ចាស់នៃភពផែនដីស្ម័គ្រស្មោះមេត្រីគ្រប់ៗគ្រា
គង់នៅជាមួយរាល់វេលាកំពែងការពារដ៏មាំមួន