ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ព្យាការីយេរេមីអង្វរព្រះអម្ចាស់ឱ្យប្រជាជនអ៊ីស្រាអែល បទពាក្យ ៧

(ព្យាការីយេរេមី ១៤,១៧-២១)

១៧ទឹកភ្នែកខ្ញុំហូររាល់យប់ថ្ងៃព្រោះតែស្រមៃឥតស្រាកស្រាន្ត
ទីក្រុងដែលធ្លាប់តែថ្កើងថ្កានត្រូវខ្មាំងសាមាន្យបំផ្លាញអស់
១៨បើខ្ញុំចេញទៅទីវាលស្រែឃើញសុទ្ធសឹងតែសាកសពសោះ
ពេលចូលដល់ក្រុងឃើញទាំងអស់សុទ្ធអ្នករងគ្រោះដោយទុរ្ភិក្ស
អស់ព្យាការីដើរតត្រុកដើរឆ្លងកាត់ស្រុកពុំដែលនឹក
ទាំងបូជាចារ្យច្រើនសន្ធឹកស្រុកកើតទុរ្ភិក្សគេមិនខ្វល់
១៩ឱព្រះអម្ចាស់តើព្រះអង្គពិតជាបោះបង់យូដាចោល
ឬទុកស៊ីយ៉ូនឱ្យតែលតោលឬមួយកាត់ចោលស្អប់លែងរាប់
យើងខ្ញុំសង្ឃឹមថាបានសុខតែជួបតែទុក្ខស្ទើរតែស្លាប់
ថាបានសះស្បើយជាឆាប់ៗតែប្រែមិនគាប់ជួបអាសន្ន
២០ឱព្រះម្ចាស់អើយខ្ញុំសូមក្រាបទទួលសារភាពមិនអាក់អន់
ប្រព្រឹត្តអំពើបាបពីមុនអាក្រក់ពេកពន់មិនគប្បី
រួមទាំងដូនតានៃយើងខ្ញុំក៏ធ្វើមិនសមចិត្តអប្រីយ៍
យើងខ្ញុំសាងបាបរៀងរាល់ថ្ងៃទាស់នឹងព្រះទ័យនៃព្រះអង្គ
២១ដោយយល់ព្រះនាមព្រះអម្ចាស់មេត្តាសន្តោសកុំបោះបង់
បំបាត់មុខខ្ញុំធ្វើឱ្យក្រុងដែលធ្លាប់រឿងរុងត្រូវអាម៉ាស់
សូមនឹកពីសម្ពន្ធមេត្រីដែលព្រះអង្គលៃចងយូរណាស់
ជាមួយយើងខ្ញុំមិនគួរផ្លាស់ផ្តាច់ចោលស្រឡះដូច្នេះឡើយ