ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ទំនុកតម្កើងលេខ ៣០ (២៩) បទពាក្យ៧

បពិត្រព្រះម្ចាស់ដ៏ឧត្តមទូលបង្គំសូមលើកតម្កើង
ព្រោះព្រះអង្គបានស្រង់ខ្ញុំឡើងមិនឱ្យពួកខ្មាំងលេងសើចបាន
ឱព្រះអម្ចាស់ដែលជាព្រះប្រសើរពេកណាស់ខ្ពស់ថ្កើងថ្កាន
ខ្ញុំអង្វរសុំក្តីសុខសាន្តហើយទ្រង់ប្រោសប្រាណឱ្យបានជា
បពិត្រព្រះម្ចាស់ដ៏ឧត្តមស្រង់ទូលបង្គំផុតវេទនា
ចេញពីរណ្តៅជនមរណាប្រទានជីវ៉ារស់ជាថ្មី
ឱអ្នករាល់គ្នាដែលជារាស្រ្តរបស់ព្រះម្ចាស់ដ៏ប្រពៃ
ចូរច្រៀងតម្កើងនាមម្ចាស់ថ្លៃវិសុទ្ធពេកក្រៃនៃព្រះអង្គ
ព្រះអង្គខ្ញាល់តែមួយភ្លែតសោះប្រណីសន្តោសមនុស្សទាំងពួង
ពេលល្ងាចគេយំចិត្តមួរហ្មងព្រលឹមស្រាងឡើងអរសប្បាយ
ពេលទូលបង្គំរស់បានសុខមិនដែលមានទុក្ខមកបៀតកាយ
ខ្ញុំពោលឡើងថាព្រះម្ចាស់ថ្លៃរូបខ្ញុំគ្មានអ្វីរលំឡើយ
បពិត្រព្រះម្ចាស់ដែលធ្លាប់ប្រោសប្រណីសន្តោសមិនកន្តើយ
ឱ្យខ្ញុំរឹងប៉ឹងដូចភ្នំហើយកុំលាក់ភ័ក្ត្រឡើយខ្ញុំតក់ស្លុត
ឱព្រះជាអម្ចាស់ខ្ញុំអើយខ្ញុំស្រែកដង្ហោយមិនកំណត់
អង្វរព្រះអង្គតែមួយគត់រាល់ពេលទៀងទាត់ទទូចថា
១០«បើព្រះអង្គទុកឱ្យរូបខ្ញុំទុក្ខសោកក្រៀមក្រំបង់សង្ខារ
តើបានប្រយោជន៍អ្វីទៅណាខ្ញុំក្ស័យសង្ខារក្នុងរណ្តៅ
តើមនុស្សស្លាប់ឬដែលសរសើរព្រះគ្មានអ្វីស្មើគ្មានហ្មងសៅ
តើគេអាចថ្លែងដូចម្តេចទៅពីទឹកព្រះទ័យព្រះអង្គបាន
១១ឱព្រះអម្ចាស់សូមមេត្តាសណ្តាប់ករុណាកុំខកខាន
ឱព្រះម្ចាស់អើយសូមវិលថ្កានសង្គ្រោះប្រោសប្រាណរូបខ្ញុំផង»
១២ព្រះអង្គធ្វើឱ្យផុតអស់ទុក្ខអាប់អួរសព្វមុខមិនមានហ្មង
ឥតមានកាន់ទុក្ខរីករាយម្តងខោអាវល្អផងពាក់សប្បាយ
១៣ខ្ញុំមិននៅស្ងៀមធ្វើឆ្មៃឆ្មើងស្មូតបទតម្កើងមិនជិនណាយ
ឱព្រះម្ចាស់អើយខ្ញុំឱនកាយក្រាបបង្គំថ្វាយលើកតម្កើង