ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ទំនុកតម្កើងលេខ ៧៦ (៧៥) បទពាក្យ ៧

ព្រះម្ចាស់សម្តែងឱ្យគេស្គាល់រូបព្រះអង្គផ្ទាល់នៅយូដា
នៅអ៊ីស្រាអែលល្បីអស្ចារ្យព្រះនាមនេះណាឮឆ្ងាយក្រៃ
ព្រះពន្លាជ័យល្អប៉ប្រឹមយេរូសាឡឹមក្រុងល្បាញល្បី
ដំណាក់ព្រះអង្គដ៏ប្រិមប្រីយ៍ស្ថិតនៅលើដីក្រុងស៊ីយ៉ូន
គឺទីនោះហើយទ្រង់សម្រេចព្រះអង្គកម្ទេចឱ្យម៉ត់សូន្យ
គ្រឿងសស្រ្តាវុធច្រើនរាប់ផ្លូនធ្នូដាវមាំមួនកប់ក្នុងដី
បពិត្រព្រះម្ចាស់ដ៏ឧត្តមព្រះអង្គជិតជុំដោយសិរី
រុងរឿងចិញ្ចែងចិញ្ចាចក្រៃពេលត្រឡប់វៃមកពីភ្នំ
ទ្រង់ដកអាវុធពីអ្នកច្បាំងគេហេវហត់ខ្លាំងស្ទើររលំ
ទាហានពូកែដេកសំងំមិនមកជួបជុំលែងប្រយុទ្ធ
ឱព្រះនៃលោកយ៉ាកុបអើយទ្រង់គំរាមហើយគេតក់ស្លុត
រទេះចម្បាំងគាំងរហូតសេះដើរមិនរួចលែងអង់អាច
បពិត្រព្រះអង្គគួរស្ញប់ស្ញែងបារមីសម្តែងដោយអំណាច
ពេលទ្រង់ពិរោធគួរឱ្យខ្លាចតើនរណាអាចឈរនៅបាន
បន្ទូលព្រះអង្គកាត់ជំរះពីលើមេឃច្បាស់មិនរំខាន
លើផែនដីស្ងាត់ដូចស្មសាន​មនុស្សម្នាគ្រប់ប្រាណខ្លាចបារមី
១០នៅពេលព្រះអង្គយាងក្រោកឡើងវិនិច្ឆ័យមិនឆ្មើងមនុស្សលោកីយ៍
សង្គ្រោះអ្នកទន់ទាបក្រក្រីនៅលើផែនដីមិនឱ្យសល់
១១ទ្រង់ធ្វើឱ្យកំហឹងមនុស្សដែលធ្លាប់ពោរពុះក្តៅក្រហល់
បែរទៅតម្កើងថ្កើងវិបុលរុងរឿងមង្គលព្រះខ្ពង់ខ្ពស់
អស់អ្នកដែលសេសសល់ជីវិតពីសង្គ្រាមពិតមិនជ្រុលហួស
នាំគ្នាឱនកាយថ្វាយចំពោះព្រះដែលសង្គ្រោះជីវិតយើង
១២អស់អ្នកនៅជិតជុំរៀងអាយកុំបីរាយមាយមកឆាប់ឡើង
ចូរយកតង្វាយថ្វាយព្រះយើងជាព្រះថ្កុំថ្កើងគួរស្ញែងខ្លាច
១៣ព្រះអង្គបំបាក់ស្តេចនានាធ្វើឱ្យក្សត្រាបាត់់អំណាច
ភិតភ័យតក់ស្លុតលែងអង់អាចស្ញប់ស្ញែងខ្លបខ្លាចព្រះបារមី