ត្រឡប់ទៅបញ្ជីសៀវភៅវិញ

ទំនុកតម្កើងលេខ ១០៣ (១០២) បទកាកគតិ

ខ្ញុំសូមសរសើរព្រះគ្មានអ្វីស្មើអស់ពីដួងចិត្ត
ខ្ញុំសូមតម្កើងនាមដ៏វិសុទ្ធព្រះដ៏មានឫទ្ធិ
ផុតលើលោកា
ខ្ញុំសូមតម្កើងសរសើរលើកឡើងអស់ពីចិន្តា
ខ្ញុំសូមរំលឹកព្រះហស្តអស្ចារ្យសប្បុរសករុណា
មិនបំភ្លេចឡើយ
ព្រះអង្គអត់ទោសនូវរាល់កំហុសដែលមានមកហើយ
ខ្ញុំបានប្រព្រឹត្តព្រះអង្គប្រោសឱ្យខ្ញុំបានធូរស្បើយ
ផុតរោគសោកសៅ
ព្រះអង្គរំដោះជីវិតឱ្យរស់ផុតពីរណ្តៅ
ព្រះអង្គអាណិតអាសូរពេកកូវខ្ញុំផុតសោកសៅ
ដោយទ្រង់មេត្តា
ព្រះអង្គប្រទានឱ្យខ្ញុំរស់រានដោយក្តីសុខា
ឱ្យមានកម្លាំងដូចដំរីសារមានទាំងសង្ខា
វែងដូចឥន្ទ្រី
ព្រះម្ចាស់ប្រព្រឹត្តសព្វអស់ការកិច្ចល្អល្អះគ្មានពីរ
ហឫទ័យសុចរិតយុត្តិធ៌មគ្រប់ទីដល់អស់ជីវី
ត្រូវគេជិះជាន់
ព្រះអង្គសម្តែងឫទ្ធីគួរស្ញែងឱ្យម៉ូសេបាន
ស្គាល់មាគ៌ាទ្រង់គ្មានអ្វីរំខានប្រជាគ្រប់ប្រាណ
ដឹងហេតុអស្ចារ្យ
ព្រះអម្ចាស់ថ្លៃមានព្រះហឫទ័យអាណិតករុណា
ប្រណីសន្តោសគ្រប់ពេលវេលាដល់ជនគ្រប់គ្នា
មិនឱ្យមានភ័យ
ទ្រង់មិនបន្ទោសប្រើពាក្យគំរោះដាក់យើងរាល់ថ្ងៃ
ទ្រង់មិនពិរោធមិនខឹងជេរស្តីហើយតែងប្រណី
ដល់យើងគ្រប់គ្នា
១០ព្រះអង្គមិនដាក់ទោសយើងម្នាក់ៗឱ្យឈឺគ្រាំគ្រា
សមតាមអំពើបាបច្រើនមហិមាទ្រង់តែងគាំពារ
មិនយកទោសពៃរ៍
១១មេឃនៅខ្ពស់ឆ្ងាយសន្លឹមអន្លាយពីភពផែនដី
ព្រះទ័យព្រះម្ចាស់ដែលធ្លាប់ប្រណីក៏នៅខ្ពស់ឆ្ងាយ
យ៉ាងដូច្នោះដែរ
១២ទិសកើតទិសលិចឆ្ងាយគ្នាមិនតិចឥតមានកែប្រែ
ព្រះអង្គធ្វើឱ្យអំពើបាបបែរឆ្ងាយមិនជិតទេ
ពីយើងយ៉ាងនោះ
១៣ឪពុកអាណិតថ្នាក់ថ្នមផ្តេកផ្តិតកូនៗទាំងអស់
ព្រះក៏មេត្តាអាសូរស្រណោះដល់អ្នកដែលស្មោះ
គោរពរាល់ថ្ងៃ
១៤ព្រះអង្គជ្រាបថាមនុស្សយើងនេះណាកើតមកពីអ្វី
ព្រះអង្គមិនភ្លេចយើងទាំងប្រុសស្រីគឺកើតពីដី
ដែលសូនមកទេ
១៥អាយុជីវិតមនុស្សយើងរីកស្វិតផ្លាស់ប្តូរប្រួលប្រែ
ដូចផ្កាដែលរីកនៅតាមវាលដែរឬស្មៅតែងតែ
ស្រពោនក្រៀមក្រំ
១៦ពេលខ្យល់បក់បោកផ្កាក៏វិយោគទាំងទុក្ខរណ្តំ
ត្រូវរោយលំអងស្រពោនខ្ទេចខ្ទាំឥតមានទុកស្នាម
វក់វីខ្ទាំខ្ទេច
១៧តែព្រះហឫទ័យករុណាប្រណីព្រះអង្គមិនភ្លេច
មេត្តាដល់អ្នកកោតខ្លាចជានិច្ចមិនដែលកែគេច
ដរាបរៀងទៅ
១៨ប្រសិនគេកាន់ជាប់តាមសម្ពន្ធមិនមានអាស្រូវ
ទាំងប្រព្រឹត្តតាមបញ្ជាជាផ្លូវព្រះល្អពេកកូវ
ឥតភ្លេចសោះនោះ
១៩ព្រះអង្គបានតាំងព្រះរាជបល្ល័ង្កនៅទីស្ថានខ្ពស់
គឺបរមសុខឥតបីមានមោះគ្រងរាជ្យទាំងអស់
មិនចន្លោះអ្វី
២០ទេវទូតដ៏ខ្លាំងរបស់ព្រះអង្គពូកែពេកក្រៃ
លោកតែងអនុវត្តតាមបន្ទូលថ្លៃចូរកុំសង្ស័យ
តម្កើងព្រះម្ចាស់
២១អស់់ហ្វូងតារានៅជុំត្រៀបត្រាមូលមីរដេរដាស
អ្នកតែងបម្រើតាមព្រះទ័យព្រះតម្កើងអម្ចាស់
ព្រះខ្ពស់ពេកក្រៃ
២២គ្រប់ស្នាព្រះហស្តទាំងឡាយរបស់ព្រះអម្ចាស់ថ្លៃ
គឺទាំងសត្វលោកទាំងអស់លើដីនៅទីណាក្តី
តម្កើងព្រះអង្គ