ត្រឡប់ទៅបញ្ជីសៀវភៅវិញ

យើងនាំគ្នាដើរក្រោមពន្លឺរបស់ព្រះជាម្ចាស់ បទព្រហ្មគីតិ

(ព្យាការីអេសាយ ២,២-៥)

ថ្ងៃក្រោយព្រះអម្ចាស់នឹងប្រែផ្លាស់ព្រះដំណាក់
លើកភ្នំធ្លាប់គង់ស្នាក់ហើយទ្រង់ដាក់លើភ្នំថ្មី
ដើម្បីឱ្យភ្នំនោះបានខ្ពង់ខ្ពស់លើសគេក្រៃ
ប្រជាជាតិទាំងឡាយអរសប្បាយឡើងហូរហែ
មានទាំងប្រជាជនច្រើនពេកពន់ទៅផងដែរ
ពោលថាយើងដង្ហែឡើងទៅក្បែរភ្នំព្រះម្ចាស់
យើងនាំគ្នាឡើងទៅដើរតាមផ្លូវមាគ៌ាព្រះ
ប្រញាប់ឆាប់រូតរះដំណាក់ព្រះលោកយ៉ាកុប
ព្រះអង្គនឹងប្រដៅយើងស្គាល់ផ្លូវមាគ៌ាគ្រប់
ឱ្យស្គាល់ឱ្យសេពគប់ឱ្យដើរសព្វតាមគន្លង
ដ្បិតការប្រៀនប្រដៅអ្នកល្ងង់ខ្លៅគ្រាកន្លង
ចេញពីស៊ីយ៉ូនផងល្អហ្មត់ហ្មងឥតមានទាស់
ព្រះបន្ទូលប៉ុន្មានល្អថ្កើងថ្កានឥតមានខ្ចោះ
ចេញមកពីព្រះឱស្ឋដ៏ស្ម័គ្រស្មោះក្រុងសាឡឹម
ព្រះអង្គជាចៅក្រមដ៏ឧត្តមមិននៅស្ងៀម
សម្រុះសម្រួលភ្លាមផ្អាកសង្គ្រាមកាប់ប្រល័យ
ឱ្យឈប់ទាស់ទែងគ្នាចេះគាំពារត្រាប្រណី
យកដាវធ្លាប់ប្រល័យមករំលាយផាលនង្គ័ល
គ្រប់សាសន៍ឈប់តតាំងឈប់ហាត់ច្បាំងនៅហ្នឹងថ្កល់
លែងចង់ឈ្នះចង់ជល់លំពែងពលធ្វើកណ្ដៀវ
ឱ! បងប្អូនកូនចៅញាតិពង្សផៅរស់រញៀវ
លោកយ៉ាកុបស្រស់ស្រាវជ្រករញៀវក្រោមម្លប់ព្រះ